ជាតិ
តើ​និស្សិត​មកពី​ស្ថាប័ន​ណា​នឹង​ទទួល​ពានរង្វាន់​«​ត្នោត​មាស​»? លទ្ធផល នឹង​ប្រកាស​នៅ​ថ្ងៃទី​២៥
21, May 2019 , 4:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពានរង្វាន់​ត្នោត​មាស (Thnot d’Or) ត្រូវបាន​បង្កើត​ឡើងលើ​ក​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៨ ដោយ​មូលនិធិ​គី​ណា​ល់​ដើម្បី​លើកទឹកចិត្ត​ដល់​ការសិក្សា​ស្រាវជ្រាវ​ក្នុង​វិស័យ ក​សិ​-​អាហារ និង​បង្កើត​គំនិត​ច្នៃប្រឌិត​ដល់​និស្សិត​ក្នុងការ​ចូលរួម​កែច្នៃ​កសិផល​របស់​កសិករ និង​រួមគ្នា​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ជនបទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ និស្សិត​ចំនួន​៦​ក្រុម​មកពី​គ្រឹះស្ថានសិក្សា​នានា​ដូចជា​៖ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​ជាតិ​កសិកម្ម​ខេត្តកំពង់ចាម វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និង​វិទ្យាស្ថាន Saint-Paul ក្នុង​ខេត្តតាកែវ នឹងចូលរួម​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​«​ត្នោត​មាស​» (Thnot d’Or) លើក​ទី​២​ឆ្នាំ ២០១៩​នៅ​ថ្ង​ទ​ទី​២៥​ខែឧសភា​ខាងមុខនេះ  ។


 
​ប្រធានបទ​សំខាន់ៗ ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការប្រកួត​វគ្គ​ចុងក្រោយ​ពានរង្វាន់​«​ត្នោត​មាស​» (Thnot d’Or) លើក​ទី​២​ឆ្នាំ ២០១៩»  នេះ​មាន​ដូចខាងក្រោម​៖ ទី​១)៖ «​ការផលិត ផលិតផល​កែច្នៃ​ចេញពី​ផ្លែ​ម្នាស់​» របស់​ក្រុមនិស្សិត​មក​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។ ទី​២)៖ «​ការផលិត​ប្រហិត​បន្លែ​» របស់​ក្រុមនិស្សិត​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។ ទី​៣)៖ «​ការកែច្នៃ​សាច់ដូង​» របស់​ក្រុមនិស្សិត​មកពី​វិទ្យាស្ថាន​សន្ត​ប៉ូល ខេត្តតាកែវ​។ ទី​៤)៖ «​អត្ថប្រយោជន៍ ដែល​បានមកពី​ការកែច្នៃ​សាច់ដូង​» របស់​និស្សិត​នៃ​សាលា​ជាតិ​កសិកម្ម​ខេត្តកំពង់ចាម​។ ទី​៥)៖ «​កែលម្អ​គុណភាព​ផ្លែ​ខ្នុរ​» របស់​ក្រុមនិស្សិត​មកពី​វិទ្យាស្ថាន​សន្ត​ប៉ូល ខេត្តតាកែវ និង​ទី​៦)៖ «​គុណប្រយោជន៍ និង​ស្ថេរភាព​នៃ​ប្រព័ន្ធ​ផលិត​ដែល​គោរព​បរិស្ថាន និង​លើកកម្ពស់​កម្រិតជីវភាព​កសិករ​ខ្មែរ​» របស់​ក្រុមនិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ផ្នែក​ក្សេត្រសាស្ត្រ​។​
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​រៀបចំ​ពានរង្វាន់​គី​ណា​ល់​ក្នុង​រយៈពេល ៦​ឆ្នាំ កន្លងទៅនេះ នៅ​ឆ្នាំ​២០១៩ នេះ មូលនិធិ​គី​ណា​ល់ បានរៀបចំ​ឲ្យ​មានការ​ប្រកួតប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម និង​ចំណីអាហារ ដើម្បី​ឈានទៅ​ដណ្តើម «​ពានរង្វាន់​ត្នោត​មាស (Thnot d’Or) លើក​ទី​២ ឆ្នាំ ២០១៩»  ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ទី ២៥ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតក្នុង​បរិវេណ​ស្នាក់ការ​របស់​មូលនិធិ​គី​ណា​ល់ (​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម​) ក្បែរ​រង្វង់​មូល​ចោមចៅ​។  
 
​សម្រាប់​ការរៀបចំ​ឲ្យ​មានការ​ប្រកួត​នៅ​ឆ្នាំ​ទី​២​នេះ មាន​និស្សិត​ដាក់ពាក្យ​ចូលរួម​ប្រកួត​ច្រើនជាង​ឆ្នាំមុន​។ នា​ឆ្នាំ​២០១៩ នេះ មាន​និស្សិត​ចំនួន ២៧ ក្រុម​បាន​ចុះឈ្មោះ​ចូលរួម​ការប្រកួត ដែល​ក្នុងនោះ​មាន ៨ ក្រុម​មកពី​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​, ១៣ ក្រុម​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​, ១​ក្រុម​មកពី​សាលា​កសិកម្ម​ព្រែកលៀប​, ២ ក្រុម​មកពី​វិទ្យាស្ថាន​សន្ត​ប៉ូល ខេត្តតាកែវ និង​៣​ក្រុម​ទៀត​មកពី​សាលា​ជាតិ​កសិកម្ម​ខេត្តកំពង់ចាម​។​
 
​គណៈមេប្រយោគ​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ដឹកនាំ​ដោយ​លោក សុខ សា​រ៉ង (​មកពី​ស្ថាប័ន​ចេញ​វិញ្ញាបនបត្រ​អន្តរជាតិ Ecocert), សមាជិក​គណៈមេប្រយោគ​មានដូចជា​អ្នកស្រី អេ​ឡែ​ន អូ​ប្រ៊ី លោក រ័ត្ន សា​រ៉ា (​មកពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​)  លោក ម៉ាក់ សឿន (​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​) និង​លោក ហ្វី​លី​ព ម៉ូ​ណាំង (​មកពី​ក្រុមហ៊ុន SIAT)​។ 
​ការប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​បរិវេណ​ស្នាក់ការ​របស់​មូលនិធិ​គី​ណា​ល់​ក្បែរ​រង្វង់​មូល​ចោមចៅ ចាប់ពី​ម៉ោង ៨:០០ ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ ដោយ​និស្សិត​ទាំង​ប្រាំ​មួយក្រុម ត្រូវធ្វើ​បទ​បង្ហាញ​ពី​ការងារ​សិក្សា​ស្រាវជ្រាវ​របស់​ពួកគេ​ដោយផ្ទាល់​មាត់ និង​ត្រូវ​ឆ្លើយ​សំណួរ​របស់​គណៈមេប្រយោគ​។​
 
​នៅ​ចុងបញ្ចប់​នៃ​បទ​បង្ហាញ​របស់​ក្រុមនិស្សិត គណៈមេប្រយោគ នឹងធ្វើ​ជ្រើសរើស​ក្រុម​អ្នកឈ្នះ​ចំនួន​បី​ក្រុម ហើយ​ពួកគេ​នឹងត្រូវ​ឡើងមក​ទទួល​រង្វាន់​នៅ​ក្នុងការ​ប្រារព្ធ ពិធី​ផ្លូវការ​នៅពេល​រសៀល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម យុទ្ធ ភូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និង​នេសាទ​។​
 
​លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​មូលនិធិ​គី​ណា​ល់​បាន​ពន្យល់ថា​៖ «​មូលនិធិ​គី​ណា​ល់​បាន​បង្កើត​ពានរង្វាន់​គី​ណា​ល់​រួចហើយ​តាំងពី​ឆ្នាំ​២០១៣ មកម្ល៉េះ ដើម្បី​ចូលរួម​លើកស្ទួយ​ដល់​ការសិក្សា​ស្រាវជ្រាវ និង​គំនិត​ច្នៃប្រឌិត​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​។ ខ្ញុំ​ចង់​ឲ្យ​មូលនិធិ​នេះ​មាន​តួនាទី​ដូចគ្នា​នៅក្នុង​វិស័យ​កសិកម្ម ពីព្រោះ​ខ្ញុំ​ជឿជាក់ថា ការអភិវឌ្ឍន៍​នៅ​ទីជនបទ​នៅ​កម្ពុជា ធ្វើ​ឲ្យ​យើង​បង្កើតបាន​នូវ​តម្លៃបន្ថែម​លើ​គ្រប់​ផលិតផល​ទាំងអស់​របស់​យើង​»​។ 
 
​សម្រាប់​ក្រុមនិស្សិត​ជ័យលាភី ក្រុម​ចំណាត់ថ្នាក់​លេខ​១ នឹង​ទទួលបាន​ពាន​ចំនួន​១ និង​ទឹកប្រាក់​ចំនួន ៤,០០០,០០០ រៀល  លេខ​២ នឹង​ទទួលបាន​ពាន​ចំនួន​១ និង​ទឹកប្រាក់​ចំនួន ២,០០០,០០០  រៀល និង​លេខ​៣ នឹង​ទទួលបាន​ពាន​ចំនួន​១ និង​ទឹកប្រាក់​ចំនួន ១,០០០,០០០ រៀល​។ ចំណែក​និស្សិត​បី​ក្រុម​ផ្សេងទៀត​ដែល​ពុំបាន​ជាប់​ពានរង្វាន់​នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ក្នុង​មួយក្រុមៗ ចំនួន ៤០០ ០០០ រៀល​ផងដែរ​។​
 
​សូមបញ្ជាក់ថា ពានរង្វាន់​ត្នោត​មាស (Thnot d’Or)  ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ស្ថាបនិក​ក្រុមហ៊ុន​ខន​ហ្វី​រេល លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង និង​រៀបចំ​ដោយ​មូលនិធិ​គី​ណា​ល់ សហការ​ឧបត្ថម​ដោយ​ទីភ្នាក់ងារ​បារាំង​ដើម្បី​អភិវឌ្ឍន៍​នៅ​កម្ពុជា (AFD) និង​មានការ​គាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​៕ 
 

Tag:
 កសិកម្ម​
  Confirel
© រក្សាសិទ្ធិដោយ thmeythmey.com