កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao និង Thrman ប៉ះគ្នា​ដណ្តើម​ខ្សែក្រវាត់​នៅ MGM Grand ក្នុង​ខែកក្កដា​
21, May 2019 , 5:27 pm        
រូបភាព
​កំពូល​អ្នក​ប្រដាល់​អាស៊ី Manny Pacquiao នឹង​វិលត្រឡប់​ទៅកាន់​សង្វៀន MGM Grand ក្នុង​ក្រុង Las Vegas សហរដ្ឋអាមេរិក​ជាថ្មី​ម្តងទៀត​ដោយ​ត្រូវ​តទល់​ជាមួយ​អ្នក​ប្រដាល់​មិនដែល​ចាញ់ Keith Thurman ក្នុងជំនួប​ដ​ណ្តើ​ខ្សែក្រវាត់​គ្នា នៅ​ថ្ងៃទី ២០ ខែកក្កដា​ខាងមុខ​។​


 
Pacquiao ដែលមាន​ប្រវត្តិ​ប្រកួត​៧០​ដង ឈ្នះ​៦១ ចាញ់​៧ ស្មើ​២ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៩​លើក នឹងដាក់​ខ្សែក្រវាត់ WBA ពិភពលោក​របស់ខ្លួន​ដើម្បី​ដណ្តើមយក​ខ្សែក្រវាត់ WBA «Super World» របស់ Thurman នៅក្នុង​ប្រភេទ​ទម្ងន់​មធ្យម​។ 
 
Thurman អាយុ​៣០​ឆ្នាំ ជា​អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក​ដែល​មិនទាន់​ស្គាល់​ពាក្យ​ចាញ់​ឡើយ​បន្ទាប់ពី​ឡើង​វាយ​៣០​លើក ឈ្នះ​២៩ ស្មើ​១ និង​ផ្តួល​ដៃគូ​មិន​ឲ្យ​តដៃ​រួច​២២​លើក​។ ៤​ប្រកួត​របស់ Thurman នៅ​សង្វៀន MGM Grand គឺ​ឈ្នះ​ទាំង​៤​លើក (​ផ្តួល​ឲ្យ​សន្លប់​២​លើក​) ក្នុងនោះ​ជ័យជម្នះ​ចុងក្រោយ​ផ្តួល​កីឡាករ Robert Guerrero ឆ្នាំ​២០១៥ ។​


 
​ដោយឡែក​ស្តេច​ប្រដាល់​ហ្វីលីពីន​វ័យ ៤០ ឆ្នាំ​រកបាន​ជ័យជម្នះ​ចុងក្រោយ​នៅ MGM Grand តាមរយៈ​ការ​ផ្តួល​អ្នក​ប្រដាល់​អាមេរិក Adrien Broner ដោយ​ពិន្ទុ​កាលពី​ខែមករា​កន្លងទៅ​។

សម្រាប់​អាជីព​ប្រដាល់​របស់ Pacquiao នេះ​ជាការ​បង្ហា​ខ្លួន​នៅ​សង្វៀន MGM Grand លើក​ទី​១៦ បន្ទាប់ពី​រូបគេ​វាយ​១៥​លើក ឈ្នះ​១០ ចាញ់​៤ និង​ស្មើ​១ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៤​លើក​។​
 
​សរុបមក Pacquiao មាន​ប្រវត្តិ​ប្រកួត​នៅ MGM Grand ច្រើនជាង Thurman និង​មានប្រៀប​លើ​គូប្រជែង​សម្រាប់​ជំនួប​ដណ្តើម​ខ្សែក្រវាត់​គ្នា​ទៅវិញទៅមក​នេះ​៕



Tag:
 ប្រដាល់​
  MGM Grand
  Manny Pacquiao
  Keith Thurman
© រក្សាសិទ្ធិដោយ thmeythmey.com