កីឡាជាតិ
ជាតិ
Honda នឹង​មក​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា ពេល​ប៉ះ​ប៉ា​គី​ស្ថាន​ក្នុង​វគ្គ​ជម្រុះ World Cup
22, May 2019 , 9:19 pm        
រូបភាព
លោក Keisuke Honda នាពេលដឹកនាំជម្រើសជាតិកម្ពុជាកន្លងមក។ រូបថត AFP
លោក Keisuke Honda នាពេលដឹកនាំជម្រើសជាតិកម្ពុជាកន្លងមក។ រូបថត AFP
ដោយ:
​កីឡាករ Keisuke Honda ដែល​ត្រូវ​ចែកផ្លូវ​ជាមួយ​ក្លិប​ក្របខណ្ឌ​កំពូល​អូស្ត្រាលី Melbourne Victory បន្ទាប់ពី​ជំនួប​ចុងក្រោយ​ជាមួយ Sanfrecce Hiroshima នៅ​ថ្ងៃទី​២២ ខែឧសភា​នេះ នឹង​មក​កម្ពុជា​ក្នុងអំឡុងពេល FIFA Day​។ អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ នឹង​ដឹកនាំ​ក្រុម​ទល់​ជាមួយ​ប៉ា​គី​ស្ថាន នា​វគ្គ​ជម្រុះ World Cup ជុំ​ទី​១ នៅ​ខែមិថុនា​ខាងមុខនេះ​។​

 
​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជាក់ថា កីឡាករ Keisuke Honda នឹង​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ពេល​ប៉ះ​ជាមួយ​ក្រុម​ប៉ា​គី​ស្ថាន សម្រាប់​វគ្គ​ជម្រុះ FIFA World Cup Qatar 2022 ជុំ​ទី​១ ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។ ក្រុម​ទាំងពីរ​នឹង​ប្រកួត​ជើង​ទី​២​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​។ 
 
​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ នឹង​មក​កម្ពុជា​ក្នុងអំឡុង​ថ្ងៃ​ប្រកួត​ផ្លូវការ និង​មិត្តភាព​អន្តរជាតិ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ឬ​ហៅថា FIFA Day ចន្លោះ​ពីថ្ងៃ​ទី​៣-១១ ខែមិថុនា ឆ្នាំ​២០១៩​។ ទោះបី​យ៉ាងនេះ​ក្តី​គេ​មិនទាន់​ដឹង​ពី​ពេលវេលា​ជាក់លាក់​ថា លោក Honda មក​កម្ពុជា​នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ​។ 
 
​ទោះបី​លោក Keisuke Honda មិនទាន់មាន​វត្តមាន​នៅ​កម្ពុជា​ក៏ដោយ ជំនួយការ​របស់លោក គឺ​លោក Felix Dalmas នឹង​មក​កម្ពុជា​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ជ្រើសរើស​កីឡាករ​ប្រមូលផ្តុំ​ហ្វឹកហាត់ សម្រាប់​ត្រៀម​ការប្រកួត​ដ៏​ស​ខាន់​ខាងលើ​។ សម្រាប់​ការជ្រើសរើស​កីឡាករ​ជម្រើសជាតិ លោក Honda នឹងធ្វើ​ការ​ជាមួយ​លោក Felix តាមរយៈ​វីដេអូ Reference ទោះបី​មិន​បានមក​ផ្ទាល់​ក៏ដោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ សារ៉េត​។ 
 
​ខ្សែបម្រើ​ឆ្នើម​ជនជាតិ​ជប៉ុន​ខាងលើ នឹង​ចែកផ្លូវ​ជាមួយ​ក្លិប​ក្របខណ្ឌ​កំពូល​អូស្ត្រាលី Melbourne Victory ក្រោយ​ជំនួប​ចុងក្រោយ​របស់គេ​ជាមួយ​ក្រុម Sanfrecce Hiroshima នៅ​រសៀល​ថ្ងៃទី​២២ ឧសភា ឆ្នាំ​២០១៩​នេះ​។ ប៉ុន្តែ​មកទល់ពេលនេះ គេ​មិនទាន់​លេច​លឺថា កីឡាករ​រូបនេះ ទៅ​ប្រកប​អាជីព​ជាមួយ​ក្លិប​ណា​នៅឡើយ​ទេ​។ ហើយក៏​មិនមាន​ដំណឹង​ថា រូបគេ​នឹង​មកជួយ​ពង្រឹងសមត្ថភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា ដោយ​ចំណាយពេល​ច្រើនជាង​មុន​ផងដែរ​៕ 

Tag:
 បាល់ទាត់​
  Keisuke Honda
  កែវ សារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com