ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ជំនាញការពីប្រទេសចិន កំពុងសិក្សាប្លង់មេសម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ រូបពីហ្វេសប៊ុកក្រសួងឧស្សាហកម្ម និងសិប្បកម្ម
× ភ្នំពេញ៖ អ្នកជំនាញផ្នែកនគរូបនីយកម្មមកពីទីក្រុងស៊ិនជិន ប្រទេសចិន កំពុងសិក្សាគំរូប្លង់មេសម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលជាខេត្តត្រូវបានរដ្ឋាភិបាលចាត់ចូលជាទំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ នេះបើតាមប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ប្រតិភូវិទ្យាស្ថានគំរូប្លង់ និងនគរូបនីយកម្មនៃទីក្រុងស៊ិនជិន បានជួបពិភាក្សាការងារជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី២១ខែឧសភា ដែលផ្តោតលើពង្រាងប្លង់មេ សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ។
លោក ចម ប្រសិទ្ធ ជឿជាក់ថា គំរូប្លង់មេដែលធ្វើឡើងដោយជំនាញការចិនទាំងនោះ នឹងមានលក្ខណៈល្អប្រសើរសម្រាប់អភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ឲ្យស៊ីវីល័យ ការពារបានកម្រិតបរិស្ថានខ្ពស់ និងជាទីតាំងដ៏ទាក់ទាញសម្រាប់ការវិនិយោគ និងតំបន់ឧស្សាហកម្ម ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
លោក ចម ប្រសិទ្ធ បញ្ជាក់ថា នៅពេលដែលពង្រាងប្លង់មេនេះលេចចេញជារូបរាងហើយ ប្លង់នេះនឹងត្រូវដាក់ឲ្យពិភាក្សាអន្តរក្រសួង មុននឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីសម្រេច។
លោក Xiao Sima ប្រធានប្រតិភូនេះ បានឲ្យដឹងថាដូច្នេះថា៖«ក្រុមការងារបច្ចេកទេសបានមកសិក្សាលើកទី១ កាលពីខែមីនាឆ្នាំនេះ ដោយបានមើលឃើញពីការរីកចម្រើន និងសក្ដានុពលរបស់កម្ពុជា ដែលគួរជាទីចាប់អារម្មណ៍សម្រាប់ការវិនិយោគ និងបង្កើតសួនឧស្សាហកម្ម»។ លោកបន្ថែមថា វិទ្យាស្ថានរបស់លោក នឹងយកបទពិសោធន៍ដែលអនុវត្តនៅទីក្រុងស៊ិនជិន មកអភិវឌ្ឍន៍នៅកម្ពុជា ដោយធ្វើយ៉ាងណាឲ្យស្របនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ៕
© រក្សាសិទ្ធិដោយ thmeythmey.com