អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ព្រមាន​ចាត់វិធានការ​ក្ដៅ​លើ​បាតុករ​តវ៉ា​លទ្ធផល​បោះ​ឆ្នោត
23, May 2019 , 10:03 am        
រូបភាព
 រូបភាព AFP
រូបភាព AFP
​ផ្លូវថ្នល់​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា បាន​ក្លាយជា​សមរភូមិ​រវាង​ក្រុមបាតុករ​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី និង​កម្លាំង​សន្តិសុខ​ដែល​ព្យាយាម​ទប់ស្កាត់​ស្ថានការណ៍​កុំ​ឲ្យ​រាលដាល​។ ប៉ូលិស​ឥណ្ឌូណេស៊ី ជឿថា ការតវ៉ា ត្រូវបាន​គ្រោងទុក​ជាស្រេច ខណៈ​បាតុករ​បាន​ប្រើប្រាស់​ដំបង ផាវ និង​ដុំថ្ម​ដើម្បី​តដៃ​ជាមួយ​ប៉ូលិស​។ ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​ព្រមាន​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​ការពារ​សន្តិសុខ​ជាតិ ខណៈ​លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ បាន​ប្រាប់​ឲ្យ​អ្នកគាំទ្រ​លោក​ទៅផ្ទះ​វិញ​។​

 
​បាតុកម្មហិង្សា​នៅ​ឥណ្ឌូណេស៊ី បាន​ឈានចូល​យប់​ទី​ពីរ​នៅ​រាត្រី​ថ្ងៃទី​២២ ខែឧសភា ដោយ​ក្រុមបាតុករ​ដែល​មិន​ពេញចិត្ត​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី បាន​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​។ ផ្លូវថ្នល់​ក្នុង​ទីក្រុង​ហ្សា​ការ​តា ពិសេស​តំបន់​ជុំវិញ​ទីស្នាក់ការ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឥណ្ឌូណេស៊ី ពោរពេញ​ដោយ​ដុំថ្ម គ្រាប់កាំភ្លើង​ជ័រ និង​ផាវ​ផងដែរ​។ សា្ល​ក​សញ្ញា​តាម​ដងផ្លូវ តូប​អាហារ​ជាច្រើន​ត្រូវបាន​ដុត​ដោយ​បាតុករ​តវ៉ា​។​
 
​មិនទាន់មាន​របាយការណ៍​ពី​ចំនួន​អ្នកស្លាប់ ឬ​រង​បួស​ក្នុងការ​ប៉ះទង្គិច​ថ្ងៃទី​២២ ខែឧសភា​ឡើយ​។ ក្រុមគ្រូពេទ្យ បាន​ជួយសង្គ្រោះ​បាតុករ​ជាច្រើន​ដែល​រងគ្រោះ​ដោយ​ឧស្ម័ន​របស់​ប៉ូលិស ហើយ​អ្នកខ្លះ​បាន​សន្លប់​ទៅទៀត​។ កាលពី​រាត្រី​ថ្ងៃទី​២១ ខែឧសភា ជា​ថ្ងៃ​ប្រកាស​លទ្ធផល​ការបោះឆ្នោត​នោះ មនុស្ស​៦​នាក់​បាន​ស្លាប់ និង​ជាង​ពីរ​រយ​នាក់​ទៀត​របួស​ក្នុងការ​ប៉ះទង្គិច​រវាង​ប៉ូលិស និង​ក្រុមបាតុករ​ដែល​ព្យា​យា​ហែក​រនាំង​រលួស​។ 
 
​នៅពេល​ស្ថានការណ៍​កំពុង​ក្ដៅ​ខ្លាំង លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ក៏​ចេញមក​ព្រមាន​ក្រុមបាតុករ​ដែល​បន្ត​ប្រមូលផ្ដុំ​នៅឡើយ​។ ឈរ​អមដោយ​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២២ ខែឧសភា លោក វី​ដូ​ដូ ដែលជា​បេក្ខជន​ឈ្នះឆ្នោត​ និយាយថា លោក​នឹងមិន​អត់ឱន​ឲ្យ​នរណា​ដែល​ធ្វើ​ឲ្យ​រអាក់រអួល​សន្តិសុខ​ជាតិ ដំណើរការ​ប្រជាធិបតេយ្យ និង​ការឯកភាព​ជាតិ​នៅ​ឥណ្ឌូណេស៊ី​ឡើយ​។  នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​វា​គ្មាន​ជម្រើស​អ្វី​ផ្សេង​ឡើយ​។ ប៉ូលិស និង​យោធា នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​ដែល​កំណត់ដោយ​ច្បាប់​។​» នេះ​ជាការ​បញ្ជាក់​របស់លោក វី​ដូ​ដូ ដែល​អះអាងថា រាល់​បញ្ហា​ទាំងអស់​ទាក់ទង​ការបោះឆ្នោត ត្រូវ​ដោះស្រាយ​នៅ​តុលាការ​។ លោក​ក៏​អរគុណ​គូប្រជែង​ដែល​ចាញ់ឆ្នោត ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ដែលយក​ការមិន​សុខចិត្ត​របស់ខ្លួន​ទៅ​តវ៉ា​នៅ​តុលាការ ហើយ​លោក​ជឿថា ចៅក្រម​នឹង​កាត់ក្ដី​ដោយ​ផ្អែកលើ​ការពិត​។  
 
​ចំណែក​លោក សូ​ប៊ីយ៉ា​ន់​តូ ក៏បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​របស់លោក​ត្រឡប់ទៅផ្ទះ​វិញ​សិន​។ អ្នករៀបចំ​បាតុកម្ម​ម្នាក់​និយាយថា ខ្លួន​បានទទួល​សារ​ពី​ថ្នាក់លើ​របស់ខ្លួន​ដែល​បានទទួល​បញ្ជា​ពី​លោក សូ​ប៊ីយ៉ា​ន់​តូ ដែល​ប្រាប់​ឲ្យ​បាតុករ​បំបែក​គ្នា​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២២ ខែឧសភា លោក Muhamad Iqbal អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​ឥ​ណ្ឌូ​ណេ​ស៊ី និយាយថា បាតុករ​ជាច្រើន​មិនមែន​រស់នៅក្នុង​ទីក្រុង​ហ្សា​ការ​តា​ឡើយ ហើយ​ប៉ូលិស​បាន​រកឃើញ​ស្រោមសំបុត្រ​មាន​លុយ​ក្នុងពេល​ឆែកឆេរ​ទៀតផង​។ លោក​ចាត់ទុក​ហេតុការណ៍​នេះ ជាការ​រៀបចំ​មួយ ហើយ​បាតុករ​ហិង្សា​ត្រូវបាន​ជួល​ដើម្បី​បង្កបញ្ហា​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com