អន្តរជាតិ
ការស្ទង់មតិ​បង្ហាញថា ក្រុមហ៊ុន​អាមេរិកាំង​ពិចារណា​ឡើងវិញ​អំពី​វត្តមាន​របស់ខ្លួន​នៅ​ប្រទេស​ចិន​
24, May 2019 , 8:19 am        
រូបភាព
ដោយ: VOA
​ក្រុមហ៊ុន​អាមេរិកាំង​ភាគច្រើន​នៅក្នុង​ប្រទេស​ចិន​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដោយ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​ប្ដូរ​ទីតាំង​របស់ខ្លួន​ទៅ​ប្រទេស​ផ្សេង ឬក៏​ពិចារណា​ឡើងវិញ​លើ​ការធ្វើ​អាជីវកម្ម​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​មួយ​ដែល​បានបង្ហាញ​នៅ​ថ្ងៃ​ពុធ​នេះ​។

 
​ការស្ទង់មតិ​នាពេល​ថ្មីៗ​នេះ​របស់​សភាពាណិជ្ជកម្ម​អាមេរិកាំង​នៅក្នុង​ប្រទេស​ចិន និង​របស់​អង្គការ​មួយទៀត​នៅក្នុង​ទីក្រុង​សៀង​ហៃ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​បរិយាកាស​អាជីវកម្ម​អាប់អួរ​សម្រាប់​ក្រុមហ៊ុន​អាមេរិកាំង​។​
 
​ការស្ទង់មតិ​នេះ​បង្ហាញថា ៧៥ ភាគរយ​នៃ​អ្នកចូលរួម​ឆ្លើយ​សំណួរ​ស្ទង់​មតិ​ទាំង ២៥០ នាក់ បាន​និយាយថា ការដំឡើង​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក និង​ចិន​កំពុង​ជះ «​ផល​អ​វិ​ជ្ជ​មា​ន‍​» ដល់​អាជីវកម្ម​របស់​ពួកគេ ដោយសារ​ការបញ្ជាទិញ​ធ្លាក់ចុះ​ខ្លាំង​ដោយសារតែ​មានការ​កើនឡើង​នូវ​ថ្លៃ​ផលិតកម្ម​។​
 
​ប្រហែល​ជិត​ពាក់កណ្ដាល​នៃ​អ្នកឆ្លើយ​សំណួរ​ស្ទង់​មតិ​ទាំងនេះ បាន​បញ្ជាក់ថា ពួកគេ​បាន​ជួបប្រទះ​នូវ​វិធានការ​សងសឹក​វិញ​របស់​ចិន​ដែល​មិន​ពាក់ព័ន្ធ​នឹង​ពន្ធគយ​តាំងពី​ឆ្នាំមុន​មក ដោយ​ក្នុងនោះ​អ្នកឆ្លើយ​សំណួរ​ម្នាក់​ក្នុងចំណោម ៥ នាក់ បាន​បញ្ជាក់ថា ការបង្កើន​ការត្រួតពិនិត្យ​ទំនិញ​បានធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​នៅក្នុង​ដំណើរការ​ប្រកាស​ពន្ធគយ​លើ​ទំនិញ​។​
 
​កន្លងមក សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​យក​ពន្ធគយ​ពីគ្នា​ទៅវិញទៅមក​លើ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ទឹកប្រាក់​ជាង ៣៦០ ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​ការស្ទង់មតិ​នេះ​ត្រូវបាន​ធ្វើឡើង​ពីថ្ងៃ​ទី ១៦ ដល់ទី ២០ ខែឧសភា​កន្លងទៅនេះ គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដំឡើង​ពន្ធគយ​ពី ១០ ទៅ ២៥ ភាគរយ​លើ​ទំនិញ​ចិន​ដែលមាន​ទឹកប្រាក់ ២០០ ពាន់​លាន​ដុល្លារ ហើយ​ចិន​សងសឹក​វិញ​ដោយ​ដំឡើង​ពន្ធគយ​លើ​ទំនិញ​សហរដ្ឋអាមេរិក​ដែលមាន​ទឹកប្រាក់ ៦០ ពាន់​លាន​ដុល្លារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com