ក្រសួង​សាធារណការ និង​អង្គការ​JICA នឹង​ចុះ​ពិនិត្យ​ស្ពាន​អ្នក​លឿង ដែល​ខូចខាត នៅ​ថ្ងៃស្អែក
ជាតិ
ក្រសួង​សាធារណការ និង​អង្គការ​JICA នឹង​ចុះ​ពិនិត្យ​ស្ពាន​អ្នក​លឿង ដែល​ខូចខាត នៅ​ថ្ងៃស្អែក
23, May 2019 , 5:20 pm        
រូបភាព
រូបពីហ្វេសប៊ុក
រូបពីហ្វេសប៊ុក
​ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​អង្គការ​JICA នឹង​ចុះ​ពិនិត្យ​ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ត្សឹ​បា​សា ដែល​រង​ខូចខាត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​២៤​ឧសភា ឆ្នាំ​១០១៩ ។ នេះ​បើតាម​លោក ហ៊ាង សុទ្ធិយុត្ត អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

 
​ស្ពាន​អ្នក​លឿង ដែលមាន​ការខូចខាត​ផ្នែក​បង្កាន់ដៃ និង​រនាំង​ដែក​នៅ​គល់ស្ពាន តាំងពី​អំឡុង​ខែមករា​ដើមឆ្នាំ​២០១៩​នេះ ពុំទាន់​បាន​ជួសជុល​នៅឡើយ​ទេ​។ ដោយសារ​បញ្ហា​នេះហើយ ទើប​ប្រជាពលរដ្ឋ ដែល​បានឃើញ​ទិដ្ឋភាព​ខូច​ខា​ចនេះ បានបង្ហាញ​ការសោកស្ដាយ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ព្រោងព្រាត រួមទាំង​ស្នើសុំ​ឲ្យ​អាជ្ញាធរ ពាក់ព័ន្ធ​ជួយ​ជួសជុល ដើម្បី​ឲ្យ​មាន​សោ​ភណ្ឌ​ភាព​ឡើងវិញ​។​
 
​តាមរយៈ​ប្រតិកម្ម​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ បានធ្វើ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ត្រៀម​ចុះ​ដោះស្រាយ​បញ្ហា​នេះ ជូន​ពលរដ្ឋ ។ លោក ហ៊ាង សុទ្ធិ​យុត្ត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(Thmey Thmey) តាម​ទូរស័ព្ទ​ថា ក្រសួង និង​អង្គការ JICA នឹង​ចុះទៅពិនិត្យ​ស្ពាន​អ្នក​លឿង នៅ​ថ្ងៃទី​២៤ ឧសភា​។ ប៉ុន្តែ​សម្រាប់​ការជួសជុល​នោះ លោក​មិនទាន់​កំណត់​ថ្ងៃ​ទេ​។ លោក ហ៊ាង  សុទ្ធិ​យុត្ត បាន​អះអាងថា «​កន្លងមក​ចាប់តាំងពី​ស្ពាន​នេះ មានការ​ខូចខាត ខាង​ក្រសួង​និង​អង្គការ​បាន​ចុះ​សិក្សា​សម្រាប់​ការជួសជុល​ជាច្រើន​លើ​មកហើយ​។ ការជួសជុល​នេះ មិនមែន​ជួសជុល​បាន​ភ្លាមៗ​នោះទេ ត្រូវការ​សិក្សា​ជួសជុល​តាម​បច្ចេកទេស​។ ដូច្នេះ​ទើបត្រូវ​ការប្រើ​ពេលវេលា​យូរ​»​។​


 
​ករណី​ដែល​បង្ក​ឲ្យ​ខូចខាត​ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ត្សឹ​បា​សា បាន​កើតឡើង​កាលពី​ខែមករា ឆ្នាំ​២០១៩ ដោយសារតែ​រថយន្ត​សណ្ដោង​មួយគ្រឿង (​ខ្វះ​បច្ចេកទេស​) បាន​យក​ខ្សែ​ស្លា​ត់​ទំហំ​តូច​មក​សណ្ដោង​រថយន្ដ​ប្រភេទ​ធ្ងន់​ឡើង ចំណោទ​ទើប​បណ្ដាល​ឲ្យ​ដាច់​ខ្សែ ហើយ​រអិល​រថយន្ត​ធុន​ធំ​ថយក្រោយ ទៅបុក​នឹង​បង្កាន់ដៃស្ពាន ដែល​នាំ​ឲ្យ​ខូចខាត​បែបនេះ​។ 
 
​គួរ​បញ្ជាក់ថា ស្ពាន «​ត្សឹ​បា​សា​» ត្រូវបាន​សាងសង់ឡើង កាលពី​ឆ្នាំ​២០១៥ ក្រោម​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដែលមាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ ។ ស្ពាន​នេះ បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ កាលពី​ឆ្នាំ​២០១៥ ក្រោយពេល​ចំណាយពេល​សាងសង់​ប្រមាណ​ជា ៥​ឆ្នាំ​។ ស្ពាន​នេះ ឆ្លងកាត់​ទន្លេមេគង្គ ដែលមាន​ប្រវែង​ឆ្ងាយ​ជាងគេ​នៅ​កម្ពុជា​៕

Tag:
 ស្ពាន​អ្នក​លឿង​
  ខូចខាត​
  ជួសជុល
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម