អន្តរជាតិ
ការស្ទង់មតិ​៖ ៦៣​ភាគរយ​នៃ​ប្រជាជន​សិង្ហ​បុរី មិន​ហ៊ាន​បញ្ចេញមតិ​នយោបាយ​លើ​អន​ឡាញ
24, May 2019 , 8:59 am        
រូបភាព
ដោយ:
​ប្រមាណ ៦៣​ភាគរយ នៃ​ប្រជាជន​សិង្ហ​បុរី ព្រួយបារម្ភ​ថា ការបញ្ចេញមតិ​នយោបាយ​ជា​សាធារណៈ​លើ​បណ្តាញ​អន​ឡាញ អាចធ្វើ​ឲ្យ​ពួកគេ​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ​។ តួលេខ​នេះ ត្រូវបាន​ចុះផ្សាយ​ដោយ មូលនិធិ Thomson Reuters ក្នុង​របាយការណ៍​ស្តីពី​ព័ត៌មាន​ឌី​ចី​ថ​ល​ឆ្នាំ​២០១៨

 
​របាយការណ៍​ឆ្នាំ​២០១៨ នេះ គឺជា​របាយការណ៍​ប្រចាំឆ្នាំ​លើក​ទី​៧​របស់ Reuters ដែលមាន​គោលដៅ​ឈ្វេងយល់​ពី​ការផ្លាស់ប្តូរ​នៃ​បរិយាកាស​ផ្នែក​ព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក​។  របាយការណ៍​នេះ ផ្អែកលើ​ការស្ទង់មតិ មនុស្ស​ច្រើនជាង ៧៤០០០ នាក់ ក្នុងប្រទេស​ចំនួន​៣៧​។ 
 
​ប្រជាជន​ក្នុងប្រទេស​ទាំង​៣៧​នោះ ត្រូវបាន​ស្នើសុំ​ឲ្យ​វាយតម្លៃ​លើ​ការលើកឡើង​បែបនេះ​៖ «​ខ្ញុំ​មាន​ទំនោរ​គិត​ដោយ​ប្រយ័ត្នប្រយែង​ជុំវិញ ការបញ្ចេញមតិ​នយោបាយ​របស់ខ្ញុំ​ជា​សាធារណៈ​លើ​បណ្តាញ អ៊ីនធឺណិត​ ​ព្រោះ​ការធ្វើ​បែបនេះ អាចធ្វើ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ​»​។ 
 
​ទាក់ទិន​នឹង​ការផ្តល់​ចម្លើយ​លើ​ការលើកឡើង​ខាងលើ ប្រជាជន​សិង្ហ​បុរី បានជ្រើសរើស​ចម្លើយ​ថា  «​យល់ព្រម​» ឬ «​ការយល់ព្រម​ខ្លាំង​បំផុត​»​។ ក្នុងចំណោម​ប្រទេស​ដែល​ត្រូវបាន​ស្ទង់​មតិ​ទាំង​៣៧​ប្រទេស សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់​លេខ ២  តាម​ពីក្រោយ តួ​ក​គី នៅពេល​និយាយ​ពី កង្វល់​ទាក់ទិន​នឹង​ការបញ្ចេញមតិ​នយោបាយ​ជា​សាធារណៈ ព្រោះ​ខ្លា​ចការ​វាយបក​ពី​រដ្ឋាភិបាល​។ 
 
​តាមរយៈ​របាយការណ៍​ដដែល ប្រជាជន​អាមេរិក ន័​រ​វែ​ស និង​ស្វ៊ី​ស  ពុំ​សូវ​ព្រួយបារម្ភ​ចំពោះ​ការបញ្ចេញមតិ​នយោបាយ​លើ​បណ្តាញ​អន​ឡាញ​។ ហេតុផល​នោះ គឺ​ប្រទេស​ទាំងនេះ ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ​យ៉ាងរឹងមាំ ជាមួយ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​ខ្ពស់ និង​មាន​រដ្ឋធម្មនុញ្ញ​ជួយ​ការពារ​។ 
 
​ផ្ទុយ​មកវិញ ប្រទេស​មួយចំនួន ដូចជា សិង្ហ​បុរី និង​តួ​ក​គី នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​ព្យាយាម​បង្កើត​ច្បាប់​ដើម្បី​បិទ​សិទ្ធិសេរីភាព​នៃ​បញ្ចេញមតិ និង​ការចូលរួម​របស់​ប្រជាជន​ក្នុង​ផ្នែក​នយោបាយ​។ តួយ៉ាង សភា​សិង្ហ​បុរី កាលពី​ថ្មីៗ​នេះ បានអនុម័ត​ច្បាប់​ប្រឆាំងនឹង Fake News ដែល​រដ្ឋាភិបាល​ជា​អ្នក​កំណត់ថា ព័ត៌មាន​ណា​ពិត​ឬ​មិន​ពិត​។ ក្រុម​សិទ្ធិមនុស្ស បាន​រិះគន់ថា ច្បាប់​ប្រឆាំង Fake News នេះ អាច​ត្រូវបាន​រដ្ឋាភិបាល​សិង្ហ​បុរី​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​នយោបាយ​។​
 
​ចំណែក ក្នុងប្រទេស​តួ​ក​គី របប​របស់​ប្រធានាធិបតី Recep Tayyip Erdogan ត្រូវបាន​សមាគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាងខ្លាំង ក្រោយ​របប​នេះ បាន​ចាប់​ក្រុម​សិទ្ធិមនុស្ស និង​អ្នកកាសែត​រាប់រយ​នាក់ ដាក់ពន្ធនាគារ ដោយ​ចោទប្រកាន់ថា «​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​» ឬ «​ប្រមាថ​ប្រធានាធិបតី​» ជាដើម​៕
 

Tag:
 សិង្ហ​បុរី​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com