កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមប្រឹក្សាភិបាល Man City បដិសេធ​ព័ត៌មាន Pep ទៅ​ដឹកនាំ Juventus
24, May 2019 , 10:24 am        
រូបភាព
​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្លិប Manchester City លោក Alberto Galassi បាន​ចេញមុខ​អះអាង​ជុំវិញ​ព័ត៌មាន​ដែលថា​លោក Pep Guardiola នឹង​ចាក​ចេញពី Etihad ដើម្បី​ទៅ​ដឹកនាំ Juventus ជា​រឿង​គួរ​ឲ្យ​អស់សំណើច​បំផុត​។​


 
Pep បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​លើ​ទឹកដី​អង់គ្លេស​តាមរយៈ​ការជួយ​ក្រុម​មេឃ​ខៀវ​ឈ្នះ​ពាន​ក្នុងស្រុក​ចំនួន ៣ ក្នុង​មួយ​រដូវ​កាលដែល​រួមមាន Premier League, FA Cup និង EFL Cup​។​
 
​ប៉ុន្តែ​កាលពី​ថ្មីៗ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​របស់​អ៊ីតាលី បាន​រាយការណ៍​ថា​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៤៨​ឆ្នាំ​រូបនេះ​នឹង​ទៅ​ជំនួស​កៅអី​លោក Massimilano Allegri ក្នុងនាម​អ្នកចាត់ការ Juventus នា​រដូវ​កាល​ក្រោយ​ដោយ​យល់ព្រម​ចុះកិច្ចសន្យា​៤​ឆ្នាំ និង​ទទួលបាន​ថ្លៃ​នឿយហត់​ជាង ២៦​លាន​ដុល្លារ​អេ​មេ​រិ​ក​ក្នុង​១​ឆ្នាំ​។​


លោក Alberto Galassi សមាជិកក្រុមប្រឹក្សាភិបាលក្លិប Manchester City
 
​ជុំវិញ​ព័ត៌មាន​ខាងលើ​លោក Galassi ដែលជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្លិប Man City បាន​ប្រាប់ Sky Italia ថា​ពាក្យ​ចចាមអារ៉ាម​នេះ​មិនអាច​យកជាការ​បានទេ​។​
 
«​ក្លិប​មួយ​ដូចជា Juventus នឹងមិន​អនុញ្ញាត​ឲ្យ​ព័ត៌មាន​បែបនេះ​ចេញ​ងាយៗ​ឡើយ​។ Man City ក៏​មិនអាច​ឲ្យ​មានរឿង​បែបនេះ​កើតឡើង​ដោយ​គ្មាន​ការពិភាក្សាគ្នា​ដែរ​។ វា​ជា​រឿង​ដែល​មិនគួរ​ឲ្យ​ជឿ​ដែល​បណ្តាញ​ផ្សព្វផ្សាយ​បន្ត​ពាក្យ​ចចាមអារ៉ាម​បែបនេះ​។ វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​ណាស់​។ លោក Pep ចង់​នៅទីនេះ​»​។​
 
​អតីត​អ្នកចាត់ការ Barcelona និង Bayern Munich រូបនេះ​បាន​យល់ព្រម​បន្ត​កិច្ចសន្យា​របស់ខ្លួន​ជាមួយ​ម្ចាស់​ជើងឯក Premier League កាលពី​ឆ្នាំមុន ពោលគឺ​មាន​សុពលភាព​រហូតដល់​ឆ្នាំ​២០២១​។ Pep ថែមទាំង​បាន​និយាយ​ចំពោះមុខ​អ្នកគាំទ្រ Ma City ទៀតថា​លោក​នឹង​ស្នាក់​នៅទីនេះ​ហោចណាស់ ២​ឆ្នាំ​ទៀត​ប្រសិនបើ​គ្មាន​ការបណ្តេញចេញ​៕

Tag:
 បាល់ទាត់​
  Pep Guardiola
  Juventus
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com