មិនមែន VAR នោះឡើយ។ ការកាត់ក្តីដែលមិនធ្លាប់មានទាល់តែសោះក្នុងប្រវត្តិប្រកួតកីឡាបាល់ទាត់ ដោយគណៈកម្មការអាជ្ញាកណ្តាលនៃក្របខណ្ឌថ្នាក់ស្រុកមួយនៅបារាំង សម្រេចឲ្យមានការប្រកួតឡើងវិញ បន្ទាប់ពីបានត្រួតពិនិត្យមើលរូបភាពវីដេអូរបស់អ្នកគាំទ្រម្នាក់។
ការប្រកួតក្របខណ្ឌ Departemental 2 ប្រចាំស្រុក Dordogne-Perigord នៃប្រទេសបារាំង រវាងក្រុមម្ចាស់ផ្ទះ Saint-Genies Archignac និង ក្រុម Condat FC កាលពីថ្ងៃទី៥ ខែឧសភា កន្លងមក បានក្លាយជាករណីដ៏ចម្រូងចម្រាស់មួយ។ ក្រោយក្រុមភ្ញៀវ Condat FC យកឈ្នះក្នុងលទ្ធផល ៣-២ ថ្នាក់ដឹកនាំនៃក្រុម Saint-Genies ស្នើសុំឲ្យមានការត្រួតពិនិត្យផ្នែកបច្ចេកទេស (Réserve Technique) ដែលមានចែងក្នុងលក្ខន្តិកៈនៃការប្រកួត។
គណៈកម្មការអាជ្ញាកណ្តាលនៃការប្រកួតប្រចាំដេប៉ាតឺម៉ង់ Dordogne (CDA) បានទទួលយកសំណើររបស់ក្រុម Saint-Genies ទៅត្រួតពិនិត្យ រួមជាមួយនឹងរូបភាពវីដេអូដែលថតដោយអ្នកគាំទ្រម្នាក់របស់ក្រុម។ ការត្រួតពិនិត្យតាមរូបភាពវីដេអូ ឃើញថា គ្រាប់បាល់បញ្ចូលទីមួយគ្រាប់ក្នុងចំណោម៣គ្រាប់របស់ Condat FC ពិតជាគ្រាប់បាល់អកហ្សឺ ដែលអាជ្ញាកណ្តាលមើលមិនឃើញ។
ក្រោយមក CDA បានសម្រេចឲ្យមានការប្រកួតឡើងវិញ ដោយអះអាងថា រូបភាពវីដេអូដែលផ្តល់ដោយ Saint-Genies ពិតជាបានបង្ហាញថា អាជ្ញាកណ្តាលកាត់ក្តីមិនបានត្រឹមត្រូវ ពីព្រោះកីឡាករម្នាក់របស់ Condat FC ពិតជាស្ថិតនៅតំបន់អកហ្សឺ នៅពេលដែលមិត្តរួមក្រុមរបស់គេទាត់បាល់ពិន័យពីចម្ងាយ។
ការសម្រេចដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៣ ខែឧសភា កន្លងមកនេះ បានធ្វើឲ្យក្រុម Condat FC ហួសចិត្តយ៉ាងខ្លាំង ដោយពួកគេបានសម្រេចចិត្តប្តឹងឧទ្ធរណ៍ និងប្រកាសតវ៉ារហូតដល់ក្របខណ្ឌបាល់ទាត់កំពូលរបស់បារាំង។
យោងតាមការផ្សាយរបស់សារព័ត៌មាន Charente Libre របស់បារាំង អាជ្ញាកណ្តាលម្នាក់បានរិះគន់ថា ប្រសិនបើការសម្រេចបែបនេះ ធ្វើឡើងជាទូទៅនោះ ការប្រកួតថ្នាក់ស្រុកនីមួយៗ ច្បាស់ជាត្រូវត្រួតពិនិត្យវីដេអូយ៉ាងហោចណាស់៥០០ដែរ រាល់ការប្រកួតនីមួយៗ ជុំវិញការតវ៉ាប្រឆាំងនឹងការពិន័យកាតក្រហម អកហ្សឺ ឬប៉េណាល់ទីជាដើម។
មាត្រា១៤៦ នៃលក្ខន្តិកៈទូទៅនៃក្របខណ្ឌបាល់ទាត់បារាំង បានចែងថា ក្រុមនីមួយៗអាចតវ៉ាផ្នែកបច្ចេកទេសបាននៅពេលដែលពួកគេមើលឃើញពីភាពមិនប្រក្រតីទាក់ទងនឹងការសម្រេចរបស់អាជ្ញាកណ្តាល ប៉ុន្តែការប្រើប្រាស់វីដេអូដែលថតដោយអ្នកគាំទ្រនៃក្រុមម្ខាង ទុកធ្វើជាភស្តុតាងនោះ ជាករណីដ៏ចម្លែកមួយ។
ក្រោយការតវ៉ាជាបន្តបន្ទាប់ ក្របខណ្ឌបាល់ទាត់ថ្នាក់តំបន់ Ligue de Nouvelle Aquitaine បានបដិសេធការសម្រេចក្តីរបស់គណៈកម្មការអាជ្ញាកណ្តាល CDA ដោយបញ្ជាក់ថា ការត្រួតពិនិត្យបច្ចេកទេសនាអំឡុងពេលប្រកួត មិនអាចទទួលយកបាននោះឡើយ ប៉ុន្តែគេអាចពិចារណាភ្លាមៗ ទាក់ទងនឹងការអនុវត្តខុសបច្ចេកទេសរបស់អាជ្ញាកណ្តាល ដូចជាការកំណត់ទីតាំងបាល់ពិន័យមិនត្រឹមត្រូវ ជាដើម។
Ligue Nouvelle-Aquitaine ដែលគ្របដណ្តប់ពីលើក្របខណ្ឌថ្នាក់ស្រុក បានប្រកាសថា សេចក្តីសម្រេចរបស់គណៈកម្មការអាជ្ញាកណ្តាល Dordogne ជាការសម្រេចរបស់អង្គភាពនេះផ្ទាល់ មិនមែនជាគោលការណ៍ថ្នាក់តំបន់ឡើយ។
យោងតាមច្បាប់ដែលបានសម្រេចផ្ទាល់មាត់កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ភស្តុតាងជាវីដេអូ ក្រោយការប្រកួត នឹងមិនត្រូវយកទៅពិនិត្យនោះឡើយ ដូច្នេះ ក្របខណ្ឌបាល់ថ្នាក់តំបន់ សម្រេចរក្សាលទ្ធផល ៣-២ ដដែល ដោយ Condat FC ដែលស៊ុតបាល់បញ្ចូលទី៣គ្រាប់បាន៣ពិន្ទុ រីឯ Saint-Genies ដែលរកបាន២គ្រាប់ បានសូន្យពិន្ទុ។
ទោះបីជាមានសិទ្ធិតវ៉ាបន្ថែមទៀតក៏ដោយ ប៉ុន្តែប្រធានក្លិប Saint-Genies បានប្រកាសថា ក្លិបទទួលយកការសម្រេចចិត្តខាងលើ តាមរយៈការរក្សាលទ្ធផល ៣-២ ដោយមិនចាំបាច់មានការប្រកួតសារជាថ្មី៕