ជាតិ
សេដ្ឋកិច្ច
ពេល​ច្រក​ស្ទឹង​បត់​ដំណើរការ ការដឹកជញ្ជូន​ឆ្លងកាត់ គយ​កម្ពុជា​និង​ថៃ​ត្រួតពិនិត្យ​រួមគ្នា​តែ​១​លើក​
24, May 2019 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា មន្ត្រី​គយ​របស់​កម្ពុជា និង​គយ​របស់​ថៃ នឹង​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់​តែមួយ​លើក​រួមគ្នា ដោយ​គ្មាន​ការពិនិត្យ​សងខាង​នោះទេ នៅពេល​ច្រកទ្វារ​អន្តរជាតិ​ស្តឹង​បត់​-​បាន​ណង​អៀង ដាក់​ឲ្យ​ដំណើរការ​។​


 
​លោក ស៊ុន ចាន់ថុល លើកឡើង​ពី​ការធ្វើការ​រួមគ្នា​រវាង​មន្ត្រី​គយ​របស់​កម្ពុជា និង​ថៃ​ដូចនេះ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ស្ដីពី​ការសាងសង់​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ រវាង​ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​សាងសង់ FIN Technic របស់​ថៃ​។ 
 
​បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ខាងលើនេះ ក្រុមហ៊ុន FIN Technic នឹង​ចាប់ផ្ដើម​សាងសង់​អគារ​ច្រកទ្វារ​ត្រួតពិនិត្យ​ព្រំដែន​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ពី​ច្រកព្រំដែន​នេះ​ទៅ​ផ្លូវជាតិ​លេខ​៥ ជិត​២​គីឡូម៉ែត្រ​។ គម្រោង​នេះ​នឹង​ចំណាយ ៨៣៥​បាត​(​ប្រមាណ​២៦​លាន​ដុល្លារ​) ដែលជា​កម្ចីសម្បទាន​ពី​រដ្ឋាភិបាល​ថៃ និង​គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​រយៈពេល​២៤​ខែ​។ 
 
​សូមបញ្ជាក់ថា អគារ​ច្រកព្រំដែន​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​នេះ ត្រូវបាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​២២​ខែមេសា ក្រោម​អធិបតីភាព​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ ដែល​ដំណាលគ្នា​នឹង​ការសម្ពោធ​ស្ពាន​ស្ទឹង​បត់​នៅពេលនោះ​។​
 
​នៅពេល​ច្រកទ្វារព្រំដែន​អន្តរជាតិ​មួយ​នេះ​ដំណើរការ​ជា​ស្ថាពរ ច្រកទ្វារ​នេះ​នឹង​ទទួល​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ហើយ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត នឹងត្រូវ​ទុក​សម្រាប់តែ​ទេសចរ​ប៉ុណ្ណោះ​។

ការដឹកជញ្ជូន​នឹង​ឆាប់រហ័ស​ជាង​មុន ដោយ​មន្ត្រី​គយ​ប្រទេស​ទាំងពីរ​នឹង​ត្រួតពិនិត្យ និង​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ច្រក ក្នុង​មួយ​លើក​ជាមួយគ្នា ពោលគឺ​មិន​ពិនិត្យ​សងខាង​នោះទេ​។ លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់​អ្នកកាសែត​ដូច្នេះ​ថា​៖«​ច្រកទ្វារ​នេះ​សម្រាប់​ទទួល​ការដឹក​ទំនិញ ហើយ​ទេសចរ​ចូល​តាម​ប៉ោយប៉ែត​។ យើង​ត្រួតពិនិត្យ​រួមគ្នា គយ​កម្ពុជា​និង​គយ​ថៃ មើល​តែម្ដង​បាន​ហើយ កុំ​ត្រួតពិនិត្យ​ពីរដង ព្រោះ​បើ​មិន​ពិនិត្យ​រួមគ្នា​ទេ ការដឹក​ទំនិញ​នឹង​យឺតយ៉ាវ កកស្ទះ​យូរពេក​»៕

Tag:
 ស្ទឹង​បត់​
  ច្រកព្រំដែន​
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com