លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បំភ្លឺថា ការហូបនំបញ្ចុក គឺគ្មានទោសពៃអ្វីឡើយ។ ប៉ុន្តែ សម្រាប់ករណីរបស់អតីតមន្ត្រីគណបក្សប្រឆាំង គឺជារឿងផ្សេង។
តាមរយៈសំណេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ លោក សុខ ឥសាន បកស្រាយថា អតីតមន្ត្រីគណបក្សប្រឆាំងមួយចំនួននៅក្នុងស្រុក បានជួបជុំពិភាក្សាគ្នា ដើម្បីគាំទ្រនិងរង់ចាំទទួលលោក សម រង្ស៊ី និង អតីតថ្នាក់នាំគណបក្សប្រឆាំងផ្សេងទៀត ដែលប្រកាសវិលមកកម្ពុជាវិញនាពេលខាងមុខ។ លោក បន្ទោស អតីតមន្ត្រីគណបក្សប្រឆាំងនោះថា ជ្រួលជ្រើមតាមការញុះញង់របស់មេដឹកនាំខ្លួន។
បង្ហាញការយល់ឃើញបែបនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ក៏ចោទអតីតមន្ត្រីគណបក្សប្រឆាំងទាំងនោះយ៉ាងដូច្នេះថា «ដើម្បីបិទបាំងសកម្មភាពនយោបាយគាំទ្រអតីតគណបក្សប្រឆាំង សកម្មជនទាំងនោះ បានយកលេសការជួបជុំគ្នាហូបនំបញ្ចុក ក្នុងគោលបំណងបំភាន់ភ្នែកសមត្ថកិច្ច។ ក៏ប៉ុន្តែ រាល់សកម្មភាពរបស់ពួកគេ មិនអាចធ្វើឲ្យសមត្ថកិច្ចយល់ច្រឡំឡើយ»។
មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចខាងលើ បន្តថា ដោយសារតែ សមត្ថកិច្ច មើលឃើញបែបនេះហើយ ទើបចាត់វិធានការ និងរហូតដល់តុលាការ កោះហៅពួកគេទៅសាកសួរនិងអប់រំ ដើម្បីកុំឲ្យល្មើសច្បាប់ទៀត និងជៀសវាងចាញ់បោកមេដឹកនាំរបស់ពួកគេនៅក្រៅស្រុក ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
លោក បរិយាយបែបនេះថា «ជនអគតិមួយចំនួន បានវាយប្រហារថា រដ្ឋាភិបាល យាយីលើប្រជាជន ដែលគ្រាន់តែនាំគ្នាជួបជុំហូបនំបញ្ចុក ក៏មិនបានផង ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ បើគ្រាន់តែជួបជុំគ្នាហូបនំបញ្ចុកធម្មតា គ្មានបញ្ហាអ្វីឡើយ។ ប៉ុន្តែ មានការជួបជុំជាបន្តបន្ទាប់របស់អតីតសកម្មជនគណបក្សប្រឆាំង គឺជាសកម្មភាពនយោបាយ ដែលមានចរិតអនុវត្តតាមឧបាយកលរបស់មេដឹកនាំឧទ្ទាមក្រៅច្បាប់ ដែលញុះញង់ពីក្រៅប្រទេស ក្នុងគោលដៅចង់ប្រោះអតីតគណបក្សប្រឆាំងឲ្យរស់ឡើងវិញ និងបំផ្លាញសន្តិសុខជាតិតែប៉ណ្ណោះ ដោយយកលេសជារូបភាពជួបជុំហូបនំបញ្ចុកមកបិទបាំង។ នេះហើយ ដែលហៅថា នំបញ្ចុកនយោបាយនោះ»។
ប៉ុន្មានថ្ងៃនេះ គេ ឃើញតុលាការនិងនគរបាល កោះហៅអតីតមន្ត្រីគណបក្សប្រឆាំងនៅតាមមូលដ្ឋានជាលក្ខណៈទ្រង់ទ្រាយធំតែម្តង ដែលមានរហូតដល់ទៅជាង១០០នាក់ឯណោះ។
តុលាការខេត្តដំបង បានហៅអតីតមន្ត្រីគណបក្សប្រឆាំង៣៥នាក់ ទៅសួរ ក្រោយពីពួកគេ ហូបនំបញ្ចុកជុំគ្នា ដែលធ្វើឲ្យតុលាការ សង្ស័យថា ពួកគេ មានចេតនាធ្វើសកម្មភាពប្រឆាំងនឹងសាលដីការបស់តុលាការកំពូល ដែលសម្រេចរំលាយគណបក្សប្រឆាំងកាលពីចុងឆ្នាំ២០១៧។
នៅខេត្តកំពង់ធំ ក៏មានអតីតមន្ត្រីគណបក្សប្រឆាំង៣៥នាក់ដែរ ដែលត្រូវបានហៅទៅសួរនាំ ដោយសង្ស័យថា ចង់ប្រឆាំងនឹងសាលដីការរបស់តុលាការកំពូលដូចគ្នា។ ប៉ុន្តែ ពួកគេ កំពុងស្ថិតក្នុងចំណាត់ការរបស់នគរបាលនៅឡើយ ដោយមិនទាន់ត្រូវបានបញ្ជូនទៅតុលាការនោះទេ។
ក្រៅពីខេត្តទាំងពីរនេះ នៅមានអតីតមន្ត្រីគណបក្សប្រឆាំងនៅតាមបណ្តាខេត្តមួយចំនួនទៀត ដែលត្រូវហៅទៅសួរ ដូចជា នៅខេត្តកណ្តាល នៅខេត្តកំពង់ស្ពឺ និង នៅខេត្តបន្ទាយមានជ័យ ជាដើម។
ចំណាត់ការរបស់សមត្ថកិច្ចនិងតុលាការ បានរងការរិះគន់ពីក្រុមអ្នកប្រឆាំង រួមទាំងសង្គមស៊ីវិលមួយចំនួន ថារឹតត្បិតសិទិ្ធសេរីភាព។ លោក អេង ឆៃអ៊ាង អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់គណបក្សប្រឆាំង ដែលបច្ចុប្បន្នរស់នៅក្រៅប្រទេស បានសរសេរសារចំអកលើបណ្តាញសង្គមថា «បទចោទថ្មី លក់នំបញ្ចុក ឬហូបនំបញ្ចុក ត្រូវជាប់ចោទប្រឆាំងសាលដីកា រំលាយគណបក្សសង្គ្រោះជាតិ»។
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបង្ហាញក្តីកង្វល់ ដែលតុលាការនិងសមត្ថកិច្ច ហៅអតីតមន្ត្រីគណបក្សប្រឆាំង ទៅសួរនាំជាបន្តបន្ទាប់បែបនេះ។ ស្ថាប័នតំណាងឲ្យអង្គការសហប្រជាជាតិមួយនេះ សរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ថា ខ្លួនកំពុងតាមដានរឿងនេះ។
ចំណែក សហរដ្ឋអាមេរិក ក៏មានកង្វល់នឹងរឿងនេះដែរ ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា លុបបំបាត់ការរឹតត្បិត និងដោះលែងអ្នកទោសទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត ដោយរួមទាំងលោក កឹម សុខា ផង។ តាមរយៈសេកចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែឧសភា ក្រសួងការបរទេសអាមេរិក បានអំពាវនាវបែបនេះថា «យើង ក៏សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យគាំទ្រលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ ហើយធ្វើយ៉ាងណា ឲ្យសកម្មភាព និងច្បាប់របស់ខ្លួន គោរពទៅតាមកាតព្វកិច្ចសិទ្ធិមនុស្ស របស់កម្ពុជា ស្ថិតក្រោមច្បាប់អន្តរជាតិ»។
លើសពីនេះ ក្រសួងការបរទេសអាមេរិក បានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យជាបន្ទាន់លើមរណភាពលោក ទិត រ៉ន កូនប្រុសរបស់អតីតសកម្មជនគណបក្សប្រឆាំង នៅក្នុងពន្ធនាគារវត្តឃ្មួងខេត្តកំពង់ចាម៕