ក្រុមហ៊ុន​ចិន នឹងធ្វើ​ឡស​ម្ងួ​ត​និង​ឃ្លាំង​ក្នុង​ខេត្ត​៧ ដែល​ស្តុក​ស្រូវ​បាន​១​លាន​តោន
ជាតិ
ក្រុមហ៊ុន​ចិន នឹងធ្វើ​ឡស​ម្ងួ​ត​និង​ឃ្លាំង​ក្នុង​ខេត្ត​៧ ដែល​ស្តុក​ស្រូវ​បាន​១​លាន​តោន
26, May 2019 , 1:19 pm        
រូបភាព
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន Henan Yuguang International Economic & Technical Cooperation គ្រោង​សាងសង់​ឡស​ម្ងួ​ត​ស្រូវ ដែល​អាច​ស​ម្ងួ​ត​ស្រូវ​បាន​១៣​ពាន់​តោន​ក្នុង​មួយថ្ងៃ និង​ឃ្លាំង​ស្រូវ​ដែល​អាច​ស្តុក​ស្រូវ​បាន​១​លាន​តោន នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​។

 
​ជុំវិញ​គម្រោង​សាងសង់​ឃ្លាំង​និង​ឡស​ម្ងួ​ត​ស្រូវ​នេះ លោក ស៊ាន ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២៤​ឧសភា​នេះ​ថា «​ឡស​ម្ងួ​ត​ស្រូវ​និង​ឃ្លាំង​ស្រូវ នឹង​សាងសង់​១២​កន្លែង នៅ​ខេត្ត​ចំនួន​៧ ដែល​សម្បូរ​ធនធាន​ស្រូវ​»​។ លោក ស៊ាន ថៃ បន្តថា គម្រោង​សាងសង់ អាច​នឹង​ចាប់ផ្ដើម​នៅ​ចុង​ឆ្នាំនេះ​ឬ​ដើមឆ្នាំ​ក្រោម ហើយ​អាច​នឹង​ប្រើពេល​ប្រហែល​១​ឆ្នាំ​ក្នុង​ការសាងសង់​។ 
 
​កាលពី​ថ្ងៃទី​២៣​ឧសភា​នេះ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋ​ម​ន្រី្ត​ក្រសួងពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ជាមួយ​លោក ប៊ី គង់​មីន (BI Guangmin) ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation អំពី​គម្រោង​សាងសង់​ឃ្លាំង​ស្រូវ​និង​ឡស​ម្ងួ​ត​ស្រូវ​។ ក្នុង​កិច្ចពិភាក្សា​នេះ លោក ប៊ី គង់​មីន បាន​លើកឡើងថា ទីតាំង​នៃ​ការសាងសង់ ក្រុមហ៊ុន នឹង​សាងសង់​ក្នុង​ខេត្ត​ដែលមាន​សក្តានុពល​ផលិត​ស្រូវ​អង្ករ​។ ក្រោយពេល​បញ្ចប់​ការសាងសង់ គម្រោង​នេះ​នឹង​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​មួយឆ្នាំ​៥០​ម៉ឺន​តោន​។ ទន្ទឹមនេះដែរ លោក ប៊ី គង់​មីន បានស្នើ​សុំ​ឲ្យ​លោក​រដ្ឋ​ម​ន្រី្ត ជំរុញ​គម្រោង​សាងសង់ ដើម្បី​អាច​អនុវត្តបាន​ឆាប់ៗ​។ 
 
​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ លោក ប៉ាន សូរ​ស័ក្ដិ បានស្នើ​ឲ្យ​លោក ប៊ី គង់​មីន សហការ​ជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ដើម្បី​រៀបចំ​កិច្ចសន្យា​វិស្វកម្ម និង​កិច្ចព្រមព្រៀង​ស្ដីពី​ការបង្កើត​ក្រុមហ៊ុនចម្រុះ​កម្ពុជា​-​ចិន​។ ក្រៅពីនេះ មាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ និង​គ្រប់គ្រង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ ដើម្បី​ជំរុញ​កិច្ចការ​ទៅមុខ​ដោយ​រលូន​និង​ទទួលបាន​ជោគជ័យ​។ លើសពីនេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​គ្រាំទ្រ​ពេញទំហឹង លើ​គម្រោង​ខាងលើ ហើយ​បានបង្ហាញ​អំពី​គោលនយោបាយ​ស្រូវ​អង្ករ និង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS)​។ 
 
​សូមបញ្ជាក់ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន​។ ភាគី​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួងពាណិជ្ជកម្ម ខណៈ​ភាគី​ចិន​តំណាង​ដោយ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន និង​ក្រុមហ៊ុន​ស៊ី​ទីក​ហ្គ្រុ​ប​។ នៅក្នុង​អនុស្សរណៈ ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នឹង​ទទួល​ការងារ​សាងសង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ នៅក្នុង​ប្រទេស​កម្ពុជា​៕ 
 

Tag:
 ឃ្លាំង​ស្តុក​ស្រូវ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com