ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គំនូរ​លើ​ជញ្ជាំង កាន់តែ​ពេញនិយម និង​នាំ​ចំណូល​ក្រាស់ក្រែល​ដល់​វិចិត្រករ​
26, May 2019 , 8:19 pm        
រូបភាព
លោក ព្រហ្ម ពុធវិសាល(ឆ្វេង) លោក អ៊ិន មឈូរ៉ា( ស្តាំ)
លោក ព្រហ្ម ពុធវិសាល(ឆ្វេង) លោក អ៊ិន មឈូរ៉ា( ស្តាំ)
ដោយ:
​ភ្នំពេញ​៖ លោក ព្រហ្ម ពុធ​វិសាល និង​លោក អ៊ិន ម​ឈូ​រ៉ា ជា​វិចិត្រករ​គូររូប​លើ​ជញ្ជាំង​វ័យក្មេង​ដែល​ស្នាដៃ​របស់​ពួកគេ បានទទួល​ការគាំទ្រ​យ៉ាងច្រើន​។ ពួកគេ​អាច​រកចំណូលបាន​ខ្ទង់​ម៉ឺន​ដុល្លារ​នៅក្នុង​មួយឆ្នាំៗ​។ ទោះជា​គំនូរ​លើ​ជញ្ជាំង​នាំ​ចំណូល​ច្រើនក្តី ប៉ុន្តែ​វា​ក៏​អាច​ទាក់ទាញ​ជំងឺ​មកជា​មួយ​ដែរ ដោយសារ​ទឹក​ថ្នាំ​គូររូប​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​គេ​ប្រើប្រាស់​។​

 
​ជា​បន្ត​សូម​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖   



 
​គំនូរ​លើ​ជញ្ជាំង​ដើមឡើយ ហាក់​ពេញនិយម​តែ​នៅតាម​ជញ្ជាំង​ព្រះវិហារ ទីសក្ការៈ​នានា និង​សាលារៀន​ប៉ុណ្ណោះ​។ តែ​បច្ចុប្បន្ន គំនូរ​លើ​ជញ្ជាំង​ក៏​កំពុង​ពេញនិយម​យ៉ាងខ្លាំង​ផងដែរ នៅតាម​ហាង​កាហ្វេ ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​នានា​។ អ្នក​គូរគំនូរ​លើ​ជញ្ជាំង ក៏​កាក់កប​នឹង​ជំនាញ​នេះដែរ​។  


 លោក ព្រហ្ម ពុធវិសាល និងស្នាដៃគំនូរ
 
​លោក ព្រហ្ម ពុធ​វិសាល ជា​វិចិត្រករ​មួយរូប​ដែល​កំពុង​មមាញឹក​ខ្លាំង ក្នុងការ​គូរគំនូរ​លើ​ជញ្ជាំង​នេះ​។ វិចិត្រករ​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹងថា អតិថិជន​របស់ខ្លួន​ភាគច្រើន គឺជា​ម្ចាស់​ហាង​កាហ្វេ  ដែល​បាន​ស្គាល់​ស្នាដៃ​ខ្លួន​តៗ​គ្នា​មក​។ ក្រៅពីនេះ ពុធ​វិសាល ក៏​ទទួល​បានការ​កក់ ពី​អតិថិជន​ពី​ក្រៅប្រទេស និង​ពី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ដោយសារតែ​លោក​តែង​បង្ហាញ​ស្នាដៃ​គំនូរ​នៅលើ​បណ្តាញ​សង្គម​ដ៏​ល្បី​មួយ​នេះ​។  លោក ព្រហ្ម ពុធ​វិសាល​បញ្ជាក់​៖«​អតិថិជន​របស់ខ្ញុំ​ភាគច្រើន គឺ​នៅ​ហាង​កាហ្វេ​តែម្តង​។ គេ​ស្គាល់​ខ្ញុំ ដោយសារ គំនូរ​របស់ខ្ញុំ វា​ប្លែក ហើយ​ទាក់ទាញ ហើយ​ភាគច្រើន​ខ្ញុំ​បញ្ចូល​ក្បាច់​ខ្មែរ​ចូល​ជាមួយ ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​កាហ្វេ គាត់​ឃើញ គាត់​សួរ​ម្ចាស់​ហាង​ទៅ ដឹង​តៗ​គ្នា​។ ចំណូល​បើ​ក្នុង​មួយខែ វា​មិន​ស្ថេ​រ​ទេ ព្រោះ​គំនូរ​លើ​ជញ្ជាំង ពេលខ្លះ​បើ​យើង​មាន​ម៉ូយ​ច្រើន វា​បាន​លុយ​ច្រើន បាន​១​ពាន់​ជាង ឬ​២​ពាន់ ខែ​ខ្លះ​៧​ទៅ​៨​រយ ខែ​ខ្លះ​លោត​ដល់​៣​ពាន់ ឬ​៦​ពាន់​ក្នុង​មួយ​ហាង​។ វា​មិន​ថេរ តែ​យើង​មាន​របរ​ផ្សេង​សម្រាប់​ទប់​»​។​
 
​តាមពិតទៅ គំនូរ​លើ​ជញ្ជាំង គំនូរ​លើ​ក្រដាស ឬ​គំនូរ​លើ​ក្រណាត់ មិនមាន​ភាពខុស​គ្នាច្រើន​នោះទេ​។ នេះ​ជាការ​ពន្យល់​របស់​ពុធ​វិសាល ដែលជា​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​គំនូរ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ​។ មាន​ឪពុក​ជា​វិចិត្រករ និង​ជា​មន្ត្រីរាជការ​ចូលនិវត្តន៍ ព្រហ្ម ពុធ​វិសាល ដែលជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៤​នាក់ បាន​អះអាងថា ការចាប់​អាជីព​នេះ គឺ​ផ្តើមចេញពី​ការស្រឡាញ់​គំនូរ និង​ចាត់ទុក​គំនូរ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​។ 


 
​លោក​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ភាគច្រើន ប្រជាពលរដ្ឋ​ទាំងអស់ ផ្ទះ​មួយណា​ភាគច្រើន​ក៏មាន​រូប​អង្គរវត្ត រូប​ច្រូតស្រូវ រូប​ទេសភាព​ភ្នំ ហើយ​ហាង​កាហ្វេ​ខ្លះ ក៏មាន​គំនូរ​ជាច្រើន យើង​ក្រឡេក​ទៅណា​ក៏ដោយ មី​ហឹរ​កន្លែង​ណាក៏ដោយ គំនូរ​បាន​ផ្សារភ្ជាប់​ជាមួយ​ជីវិត​ពួកគាត់​។ ពេលខ្លះ គាត់​ចង់បាន​រូប​មនុស្ស​ម្នាក់​អង្គុយ​មើល​ថ្ងៃ​រៀប​លិច គាត់​ទៅ​ថត​អត់​បាន ចឹ​ង​គាត់​ត្រូវការ​អ្នក​គូររូប​មក​គូរ​ក្តី​ស្រមៃ​របស់គាត់​។ ភាគច្រើន គំរូ គឺ​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួនឯង ពេលខ្លះ​ចង់​គូរ​អី​មួយ ថា ឥឡូវ​ចង់បាន​ពពក​លើ​បន្ទប់ គូររូប​វាលស្រែ ពេល​គេង​ទៅ​មាន​អារម្មណ៍ល្អ​។ គូររូប​ថ្ងៃ​រៀប​លិច ទឹកសមុទ្រ​ដាក់​នៅ​បន្ទប់​របស់គាត់ ពេល​គាត់​បើកភ្នែក​ឡើង​គាត់​មាន​អារម្មណ៍ល្អ​។ ដូច្នេះ គំនូរ​បាន​បំពេញ​ក្តី​ស្រមៃ​របស់គាត់​»​។  
 
​អង្គុយ​ក្នុង​ហាង​កាហ្វេ​តូច​មួយ​នៅ​ម្តុំ​ផ្សារ​ដេប៉ូ ហើយ​ក្នុងការ​បូ​ប​ស្ពាយ​មាន​សុទ្ធតែ​សម្ភារ​គំនូរ  ពុធ​វិសាល បាន​បរិយាយ​បន្ថែមថា បើ​ទោះ​សម័យនេះ​ជា​សម័យ​ទំនើប ដោយមាន​ម៉ាស៊ីនថតរូប ម៉ាស៊ីន​ព្រី​ន ម៉ាស៊ីន​ស្កែ​ន ប៉ុន្តែ​មុខរបរ​ជាងគំនូរ នៅតែមាន​ទីផ្សារ​ល្អ និង​មាន​តម្រូវការ​កាន់តែច្រើន​។ 
 
​លោក​អះអាង​បែបនេះ​៖«​សម័យមុន​អត់​មាន​ម៉ាស៊ីន​ព្រី​ន ម៉ាស៊ីន​ស្កែ​ន គេ​ត្រូវការ​អ្នក​គំនូរ គូរ​ប៉ាណូ គូរ​នេះ គូរ​នោះ​ច្រើន​។ តែ​សម័យ​ឥឡូវ គេ​នៅតែ​ចាប់អារម្មណ៍​លើ​គំនូរ​ក៏​ច្រើន​ដែរ ទោះបី​គេ​ព្រី​ន​ក៏ដោយ ដោយសារ​របស់​ធ្វើ​លើ​ជញ្ជាំង​ដែល​ព្រី​ន​អត់​បាន គេ​ត្រូវការ​អ្នក​គំនូរ​ដដែល ទាំង​ច្នៃ​ម៉ូដ ឌី​ស្សាញ​អក្សរ ចៀស​ពី​អ្នក​គំនូរ​អត់​កើត​ដដែល ត្រូវតែ​រក​អ្នក​គំនូរ​មក​ធ្វើ​ដដែល​។ សូម្បី​កែវ​កាហ្វេ ក៏ត្រូវ​អ្នក​គំនូរ​មក​ឌី​ស្សាញ ត្រូវការ​សរសេរ និង​រៀប​អក្សរ​ដូចម្តេច​? ទូរស័ព្ទដៃ ម៉ូដ​ឡាន ម៉ូដ​ម៉ូតូ សុទ្ធតែ​ត្រូវការ​អ្នក​គំនូរ​មក​គូរ​។ សូម្បី​ជាងដេរ​ខោអាវ ក៏​ចេះ​គូរ​ដែរ គូ​ម៉ូដ​ខោអាវ​»​។ 
 
​ជាងគំនូរ​លើ​ជញ្ជាំង​ម្នាក់ទៀត​លោក អ៊ិន ម​ឈូ​រ៉ា ក៏​កំពុង​មមាញឹក​នឹង​អាជីព​នេះដែរ​។ មាន​វ័យ​២៤​ឆ្នាំ ម​ឈូ​រ៉ា អះអាងថា លោក​ទទួលបាន​អតិថិជន​ជា​បន្តបន្ទាប់ និង​មាន​ចំណូល​ច្រើន​គួរសម​ដែរ ក្រោយពី​ស្នាដៃ​របស់លោក​ត្រូវបាន​មនុស្ស​ជាច្រើន​បាន​ស្គាល់​។ លោក​បញ្ជាក់​ពី​ស្នាដៃ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​កន្លែង​សំខាន់ៗ​មាន​ច្រើន ដូចជា​នៅ​កាហ្វេ Brew House នៅ Factory Pub ហើយ​កាលពី​ឆ្នាំ​២០១៨ ថ្ងៃ​លោក​បេ​អាត រី​ច​ឈ្នឺ​រ ទទួលមរណភាព ខ្ញុំ​បាន​គូរ​គាត់​ផ្ទាល់ នៅលើ​ជញ្ជាំង​នៅ​កាហ្វេ​វប្បធម៌ នៅ​ឫស្សីកែវ​។ ខ្ញុំ​ចំណាយលុយ​ខ្លួនឯង និង​បងប្រុស​ខ្ញុំ គាត់​គាំទ្រ​ពីក្រោយ ដើម្បី​ឧទ្ទិស​កុសល​ដល់​គាត់ ព្រោះ​គាត់​ជា​វីរបុរស ធ្លាប់បាន​ជួយ​កូន​ខ្មែរ​យើង​ច្រើន​»​។​


 លោក អ៊ិន មឈូរ៉ា ពាក់ឧបករណ៍ការងារច្រមុះពេលកំពុងគូររូប
 
​តាមពិតទៅ លោក អ៊ិន ម​ឈូ​រ៉ា មិនមែន​រៀន​ផ្នែក​គំនូរ​នោះទេ តែ​បុរស​មាឌ​ល្អិត​រូបនេះ បានបញ្ចប់​ការសិក្សា​ផ្នែក​រចនា​។ យ៉ាងណាក៏ដោយ លោក​បាន​បាន​ស្វះស្វែង​រៀន​គូរគំនូរ​នៅ​អង្គការ​សិល្បៈ​ដែន​ខ្មែរ​អង្គរ និង​ធ្វើការ​ជាមួយ​បរទេស​។ លោក​បាន​រម្លឹក​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ជួប​ជាមួយ​ជនជាតិ​បរទេស​មកពី​បែក​អឺរ៉ុប គឺ​យើង​ណែនាំ​គាត់​ថា​ត្រូវ​គូរ​កន្លែង​ណា កុំ​ឲ្យ​ប៉ះពាល់​គេ ព្រោះ​គំនូរ​លើ​ជញ្ជាំង​មិនអាច​តម្រូវ​ចិត្ត​មនុស្ស​១០០​ភាគរយ​បានទេ​។ ដូច្នេះ​កន្លែង​ខ្លះ​គូរ​បាន តែ​កន្លែង​ខ្លះ​មិនអាច​គូរ​បានទេ​។ ហើយ​គាត់​អត់​ចេះ​ភាសា​ខ្មែរ​ទេ ចេះតែ​ភាសា​អង់គ្លេស អ៊ីចឹង ខ្ញុំ​ជា​អ្នក​ណែនាំ​គាត់​ថា​គូរ​កន្លែង​ណា​ដែល​គេ​ចូលចិត្ត​ច្រើន​។ តាមពិតទៅ ការ​ទៅ​ហ្នឹង គឺ​ដើម្បី​ផ្តោះ​ប្តូរ​បទពិសោធន៍​ពី​គាត់ និង​រៀន​ពី​គាត់ ព្រោះ​កាល​ហ្នឹង ខ្ញុំ​នៅមានកម្រិត​ទាប​មែនទែន តែ​ខ្ញុំ​នៅ​ជាមួយ​គាត់​យូរ​ទៅ មួយឆ្នាំ​ដូរ​ពីរ​បីនាក់ ដូរ​រហូត ដល់​យូរៗ​ទៅ​យើង​យល់ ណាមួយ​យើង​កំពុង​រៀន​ផង​»​។ 
 
​ក្រៅពី​អាជីព​គូររូប ម​ឈូ​រ៉ា ដែលជា​ប្អូនធម៌​របស់លោក ព្រហ្ម ពុធ​វិសាល ក៏បាន​ចាប់ដៃគ្នា​បង្កើត​រោង​ពុម្ព​បោះ​ពុ​ម្ភ​អាវយឺត ដែល​បញ្ចូល​ស្នាដៃ​គំនូរ​របស់ខ្លួន​ផងដែរ​។ លោក​បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖«​បោះពុម្ព​អាវ​លក់​ហ្នឹង គឺ​ខាង​បង​ខ្ញុំ​ទេ គ្រាន់តែ​ខ្ញុំ​ជា​កូនក្រុម​របស់គាត់​។ ខ្ញុំ​ខាង​គូរ​។ ពេលខ្លះ ខ្ញុំ​រចនា​ម៉ូដ​ដោយ​គូរ​ព្រាង​លើ​ខ្មៅ​ដៃ រួច​បាន​បញ្ចូល​ក្នុង​កុំព្យូទ័រ ថា​តើ​យើង​ត្រូវ​ធ្វើជា​លក្ខណៈ​បែប​ម៉េច​? ព្រោះ​គំនូរ​មាន​ច្រើនបែប​ណាស់​…​ដូច្នេះ​យើង​យក​មួយណា​ដែល​សាក​សម និង​ប្លែក ហើយ​យកទៅ​បោះពុម្ព​។ តែ​គំនូរ​ខ្លះទៀត ក៏​យើង​យក​ពី​គេ​មក​ដែរ ហើយ​ចំពោះ​សាច់​ក្រណាត់​វិញ យើង​នាំចូល​ពី​ប្រទេស​ថៃ​»​។  
 
​បើទោះបី​របរ​គូររូប​នេះ អាច​រកចំណូលបាន​ច្រើន​គួរសម និង​ជាការ​ងារ​ដែល​យុវជន​ទាំងពីរ​នាក់​នេះ​ស្រឡាញ់​មែន តែ​អ្នក​ភ្នំពេញ​ទាំងពីរ​រូបនេះ ក៏​បារម្ភ​ពី​បញ្ហា​សុខភាព​ផងដែរ ដ្បិត​គំនូរ​លើ​ជញ្ជាំង តម្រូវ​ឲ្យ​ពួកគេ​ប្រើ​ថ្នាំ​មាន​ជាតិគីមី ដែល​ក្លិន​របស់​វា​ងាយ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម​។ តែ​យ៉ាងណាក៏ដោយ ពួកគេ​អះអាងថា មិនមាន​បំណង​បោះបង់​អាជីព​នោះ​ចោល​ឡើយ​៕   
 

Tag:
 គំនូរ​លើ​ជញ្ជាំង​
 ​ព្រហ្ម ពុធ​វិសាល​
 ​អ៊ិន ម​ឈូ​រ៉ា​
 ​គំនូរ​
 ​វិចិត្រករ​)
© រក្សាសិទ្ធិដោយ thmeythmey.com