អន្តរជាតិ
លើដី​មាន​ភ្នំ Everest ឯ​បាតសមុទ្រ​មាន​ជ្រលង Mariana Trench
26, May 2019 , 8:39 pm        
រូបភាព
​នៅពេលដែល​មនុស្ស​មាន​សមត្ថភាព និង​ឆន្ទៈ​ជាច្រើន​នាក់​មកពី​គ្រប់​ជាតិ​សាសន៍ បានធ្វើ​ដំណើរ​ឡើងទៅ​កាន់​កំពូលភ្នំ​អេ​វឺ​រ៉ែ​ស មាន​មនុស្ស​តែ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ជ្រលង​សមុទ្រ​ជ្រៅ​ជាងគេ​បង្អស់​។ ភ្នំ​អេ​វឺ​រ៉ែ​ស គឺជា​កំពូល​មួយ ក្នុងចំណោម​កំពូល​ជាច្រើន​ទៀត​ក្នុង​ជួរ​ភ្នំ​ហិមាល័យ ដែលមាន​កម្ពស់ ៨៨៥០​ម៉ែត្រ​។​

 
​គេហទំព័រ deepseachallenge.com បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា ចំណុច​ជ្រលង​សមុទ្រ​ដែល​ជ្រៅ​ជាងគេ​នេះ​មាន​ឈ្មោះថា «Challenger Deep» ដែលជា​ចំណុច​ពិសេស​មួយ​ក្នុង​ជួរ​ជ្រលង Mariana Trench ។ 
 
​ជ្រលង​សមុទ្រ​នេះ មាន​ទីតាំងនៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ខាងកើត​នៃ​ប្រទេស​ហ្វីលីពីន ដែលមាន​ជម្រៅ​រហូត​ទៅដល់​ជាង ១១​គីឡូម៉ែត្រ​ចុះទៅ​ក្រោម​។ បើ​ប្រៀបធៀប​ជាមួយនឹង​កំពូលភ្នំ​ដែល​បានលើកឡើង​ខាងលើ អេ​វឺ​រ៉ែ​សមាន​កម្ពស់​ប្រមាណ​តែ​ជិត​ប្រាំបួន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ 
 
​នៅក្នុង​ឆ្នាំ​១៩៥១ នាវា​របស់​ចក្រភព​អង់គ្លេស​មានឈ្មោះ​ថា H.M.S. Challenger II បាន​ប្រើប្រាស់​ឧបករណ៍​វាស់​ជម្រៅ​សមុទ្រ ប្រើប្រាស់​សំឡេង ទៅលើ​ទីតាំង​ច្បាស់លាស់​មួយ​នេះ ហើយ​លទ្ធផល​ដែល​ពួកគេ​ទទួលបាន​ពិតជា​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ 
 
​បើតាម​លក្ខណៈ​បច្ចេកទេស នៅក្នុង​ជម្រៅ​បែបនេះ គ្មាន​ពន្លឺព្រះអាទិត្យ​អាច​ចាំង​ចូលដល់​បានឡើយ ហើយ​សីតុណ្ហភាព​គឺ​ត្រជាក់​ក្បែរ​សូន្យ​អង្សា​សេ​។ បើ​និយាយ​អំពី​សម្ពាធ​ទឹក​វិញ ចំណុច​ជ្រលង «Challenger Deep» ទទួល​សម្ពាធ​ប្រមាណ ១០៨៦​បារ ឬ​ស្មើនឹង​ជាង​១​ពាន់​ដង​នៃ​សម្ពាធ​ធម្មតា ដែល​មនុស្ស​យើង​ទទួលបាន​លើដី​សព្វថ្ងៃ​។ 
 
​បុរស​ពីរ​នាក់​ដែល​បាន​ចុះទៅ​កាន់​ជម្រៅ​ដ៏​ជ្រៅ​នេះ គឺ​លោក Jacque Piccard និង​លោក Don Walsh នៅក្នុង​ឆ្នាំ​១៩៦០ ជាមួយនឹង​នាវាមុជទឹក​ពិសេស​មួយ ផលិតឡើង​សម្រាប់​រង​សម្ពាធ​ទឹក​ខ្លាំង មាន​ឈ្មោះថា «Trieste»  ។ អ្នក​ទាំងពីរ ប្រើប្រាស់​ពេលវេលា​ប្រមាណ​ជា​ប្រាំ​ម៉ោង ដើម្បី​ចុះទៅ​ដល់​បាត​ក្រោម រួច​បាន​ប្រើប្រាស់​ពេល​២០​នាទី​ដើម្បី​សិក្សា​ពី​ទីតាំង​មួយ​នេះ​ដោយផ្ទាល់​។​
 
​មុនពេល​ដែល​នាវា Trieste បាន​ចុះទៅ​កាន់​ជម្រៅ​នោះ អ្នកវិទ្យាសាស្ត្រ​ខាង​ជីវវិទ្យា​ជាច្រើន មិនអាច​ដឹង​ច្បាស់​ថា តើ​ជីវិត​ប្រភេទ​អ្វីដែល​អាច​រស់នៅ​ក្រោម​សម្ពាធ​ដ៏​ខ្លាំង​នេះ​បានទេ​។ តែ​នៅពេលដែល​លោក Piccard បាន​បញ្ចាំង​អំពូល​ភ្លើង​ពី​នាវាមុជទឹក​របស់គាត់ លោក​បានឃើញ​ប្រភេទ​សត្វ​សមុទ្រ​ម្យ៉ាង​ដែលមាន​រូបរាង​ដូចជា ត្រី​សំ​បែ​ត​។ ការរកឃើញ​នេះ ពិតជា​រឿង​មួយ​ដែល​អស្ចារ្យ មិនគួរ​ឲ្យ​ជឿ​សម្រាប់​អ្នកវិទ្យាសាស្ត្រ​ទាំងនោះ​។ 
 
​មូល​ហេតុដែល​មិនមាន​មនុស្ស​ច្រើន​អាច​ទៅដល់​ទីតាំង​នេះ​គឺ ការចំណាយ​ខ្ពស់ ទាមទារ​បច្ចេកទេស​ច្រើន​ប្រភេទ រួមទាំង​គ្រោះថ្នាក់​សព្វបែបយ៉ាង​ផងដែរ​។ បច្ចុប្បន្ន Challenger Deep បាន​ក្លាយជា​តំបន់​ធម្មជាតិ​ការពារ​មួយ​របស់​សហរដ្ឋអាមេរិក បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ដោយ​លោក​អតីត​ប្រធានាធិបតី George W. Bush ៕

Tag:
 អេ​វឺ​រ៉ែ​ស​
  Mariana
© រក្សាសិទ្ធិដោយ thmeythmey.com