ការលះបង់​-​ការធ្វើ​ល្អ មិនចាំបាច់​ចង់​ឲ្យ​គេ​ដឹង ហើយក៏​មិនចាំបាច់​ចង់​ឲ្យ​គេ​សរសើរ​ដែរ​!
ជាតិ
បទវិភាគ
សង្គមជាតិ
ការលះបង់​-​ការធ្វើ​ល្អ មិនចាំបាច់​ចង់​ឲ្យ​គេ​ដឹង ហើយក៏​មិនចាំបាច់​ចង់​ឲ្យ​គេ​សរសើរ​ដែរ​!
26, May 2019 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការធ្វើ​អំពើ​ល្អ ការធ្វើ​អំពើ​បុណ្យ ទោះជា​គ្មាន​អ្នកណា​ឃើញ គ្មាន​អ្នកណា​ដឹង ក៏​នៅតែ​ជា​អំពើ​ល្អ​និង​អំពើ​បុណ្យ​ដដែល​។ ការបរិច្ចាគ​អ្វីមួយ គឺ​ដើម្បី​ផ្តល់​ជា​ប្រយោជន៍​និង​សេចក្តី​ដល់​អ្នកដទៃ មិនមែន​ដើម្បី​បង្អួត​គេ ហើយ​ចង់​ឲ្យ​គេ​សរសើរ​នោះទេ​។


 
​អ្វី​ដែល​សំខាន់ គឺ​អ្នក ត្រូវ​ញ៉ាំង​ចិត្ត​របស់​អ្នក​ឲ្យ​សប្បាយរីករាយ ឲ្យ​ស្អាត​ផូរផង់ និង​ជ្រះស្រឡះ​ក្នុង​ការលះបង់​នោះ។ ម្យ៉ាងទៀត អ្នក មិនត្រូវ​ទោមនស្ស មិនត្រូវ​ក្តៅ​ក្រហល់ក្រហាយ និង​មិនត្រូវ​សោកស្តាយ​ឡើយ ពេលធ្វើ​អំពើ​បុណ្យ​ឬ​អំពើ​ល្អ​។ 
 
​ការធ្វើ​បុណ្យ គឺ​អាស្រ័យ​លើ​ចេតនា និង​ទឹក​ចិ​ន្ត​បរិសុទ្ធ​របស់​អ្នក​។ បុណ្យ​មិនអាច​វាស់​ស្ទង់​ទៅលើ​សកម្មភាព​ខាងក្រៅ​បានទេ ព្រោះ​វា ជាស​ភាវ​ធម្មជាតិ​ដែល​កើត​ក្នុង​ចិត្ត ដែល​អ្នកមើល​មិនឃើញ​។ 
 
​ការ​មានចិត្ត​ធ្វើបុណ្យ​ពិតប្រាកដ ឬ​គ្រាន់តែ​ចង់​ឲ្យ​គេ​មើលឃើញថា​ខ្លួន​ជាម​នុស្ស​ចិត្តល្អ ជា​មនុស្ស​មានចិត្ត​សប្បុរ​នោះ អ្នកដទៃ ប្រហែលជា​មិនអាច​ដឹង​ច្បាស់​ឡើយ គឺ​មានតែ​អ្នក​ខ្លួនឯង​ប៉ុណ្ណោះ ដែល​អាច​ដឹង​ពិតប្រាកដ​។ ឧទាហរណ៍​ថា អ្នក​ប្រារព្ធ​កម្មវិធី​បុណ្យ​ធំៗ ឬក៏​ចំណាយ​ប្រាក់​រាប់ម៉ឺន​ដុល្លារ ធ្វើអំពើ​មនុស្សធម៌​ណាមួយ  តែ​ការលះបង់​នោះ គ្រាន់តែ​ដើម្បី​ឲ្យ​គេ​សរសើរ ចង់បាន​កិត្តិយស​មុខ​មាត់ បុណ្យ​ប្រាកដជា​មិន​ពេញលក្ខណៈ​ឡើយ​។ 
 
​ផ្ទុយ​មកវិញ អ្នក អាច​នឹងរង​ការ​សើចចំអក​ពី​អ្នកដទៃ​ថែមទៀត​ថា ប្រឹង​ធ្វើ​ល្អ ក៏​ព្រោះតែ​ចង់បាន​ការកោតសរសើ​រ​។ បើ​ធាតុពិត អ្នក មិនមាន​ចេតនា មិន​សប្បាយរីករាយ មិន​ពេញចិត្ត​ក្នុង​អ្វីដែល​ខ្លួន​លះបង់​ទេ ទោះបីជា​អ្នក កំពុងតែ​លះបង់​ទ្រព្យ​ច្រើន​ប៉ុនណា ក៏​មិនមាន​ឈ្មោះថា ជា​អ្នក​ធ្វើបុណ្យ​ដែល​ពេញលក្ខណៈ​និង​ប្រកបដោយ​បញ្ញា​ដែរ​។ 
 
​ហេតុដូច្នេះ ការលះបង់​របស់​អ្នក ត្រូវ​ប្រកបដោយ​បញ្ញា និង​មាន​សទ្ធា​ពិតប្រាកដ មិនមែន​លះបង់ ដើម្បី​សម្ញែង បង្អួត​ញាតិ ចង់បាន​កិត្តិយស ឬក៏​ចង់​ឲ្យ​មហាជន​ស្ញប់ស្ញែង​នោះទេ​៕   

Tag:
 ទស្សនៈ​
  ធម៌​
  សាសនា​
  បុណ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម