ជាតិ
សង្គមជាតិ
មេ​ប៉ូលិស​ក្រុង គ្រោង​ពិនិត្យ​សារធាតុ​ញៀន​លើ​មន្ត្រីនគរបាល ដើម្បី​បង្ហាញ​គំរូ​ភាព​ដល់​មហាជន​
27, May 2019 , 11:49 am        
រូបភាព
​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត គ្រោង​ដាក់ចេញ​វិធានការ​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន ទៅលើ​មន្ត្រីនគរបាល ដើម្បី​ចង់ឃើញ​ពី​ភាពត្រឹមត្រូវ​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ទៅលើ​ប្រជាពលរដ្ឋ​នេះ​។​

 
​តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក ស ថេត បាន​សង្កត់ធ្ងន់ថា ការអនុវត្ត​វិធានការ​នេះ គឺ​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់ ក្លាយជា​ជន​គំរូ​សម្រាប់​ពលរដ្ឋ ក្នុងការ​បំពេញ​តួនាទី និង​វិធានការ​ផ្លូវច្បាប់​។ មេ​ប៉ូលិស​ក្រុង​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក អម​ជាមួយ​ការ​បង្ហោះ​រូបថត​ជាង​២០​សន្លឹក យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងឱកាស​គោរព​ទង់ជាតិ​ដែលមាន​មន្ត្រីនគរបាល​ចូលរួម​ជាង​៦០០​នាក់ ខ្ញុំ​ក៏បាន​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​ស្អាតស្អំ មិន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។​ហើយ​ការធ្វើ​តេស្ត​ទឹកនោម នឹងធ្វើ​ឆាប់ៗ​ខាងមុខ​ចាប់ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដល់​បណ្តា​ប៉ុស្តិ៍ ដោយ​បច្ចុប្បន្ន យើង​កំពុងតែ​រក​ឧបករណ៍​ពិនិត្យ​ទឹកនោម​ឱ្យ​គ្រប់​ចំនួន ។ អ្វីដែល​លើកឡើង​នេះ ក្នុង​គោលបំណង​ជំ​រុញឱ្យ​មន្ត្រីនគរបាល ជា​អ្នកអនុវត្ត​ច្បាប់​ត្រូវតែ​ជា​ជន​គំរូ​ដ៏​ល្អ​សម្រាប់​ពលរដ្ឋ​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក ស ថេត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម អំពី​គម្រោង​អនុវត្ត​វិធាន​ការរក​សារធាតុ​ញៀន លើ​មន្ត្រីនគរបាល​នេះ​បាន​នៅឡើយ​ទេ​។​
 
​សង្គម​ស៊ីវិល យល់ថា បើសិនជា​ស្ថាប័ន​ប៉ូលិស​អនុវត្ត​វិធានការ​ខាងលើនេះ​មែន វា​ជា​រឿង​មួយ​ល្អ ដែល​បង្ហាញ​ពី​តម្លាភាព​រវាង​ប្រជាពលរដ្ឋ និង​អ្នកអនុវត្ត​ច្បាប់​។ នាយក​ប្រតិបត្តិ​អង្គការ​ស​ម្ព័​ន​គណនេយ្យភាព​សង្គម​ក​ម្ពុ​ជា លោក សន ជ័យ ដែល​គាំទ្រ​ចំណាត់ការ​នេះ ក៏​ស្នើ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​លើ​មន្ត្រីប៉ូលិស​ណា ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​(​នៅ​កាង​ពីក្រោយ​អ្នករកស៊ី​គ្រឿងញៀន​)​នេះ​ផង ។​
 
«​សម្រាប់​ខ្ញុំ​យល់ថា នៅក្នុង​ស្ថានភាព​បែបនេះ ប៉ូលិស​ដែលជា​តួអង្គ​អនុវត្ត​ច្បាប់​ក៏​គួរ​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​ដែរ ថា​តើ​កម្រិត​នៃ​ការប្រើប្រាស់​គ្រឿងញៀន​នេះ ពាក់ព័ន្ធ​នឹង​ប៉ូលិស​ដែរ​ទេ ខណៈដែល​កន្លងមក​ឃើញ​កើតមាន​នូវ​ការ​ចែកចាយ​ព័ត៌មាន​ថា មាន​ប៉ូលិស​បែក​ថ្នាំ មាន​មន្ត្រីរាជការ​ស៊ីវិល​បែក​ថ្នាំ ជាពិសេស​យុវជន យុវនារី​បែក​ថ្នាំ​។ ដូច្នេះ​ខ្ញុំ​គាំទ្រ​វិធានការ​ត្រួតពិនិត្យ​ហ្នឹង ប៉ុន្តែ​ខ្ញុំ​ចង់ឃើញ​មានការ​បង្ហាញ​របាយការណ៍​ដែរ ដោយ​មិន​ត្រឹមតែ​ជាការ​ពិសោធន៍ ធ្វើតេស្ត​ទេ តែ​ចង់ឃើញ​ការបង្ហាញ​ដែរ ដើម្បី​ជាការ​លាតត្រដាង និង​ការខិតខំ​ពុះពារ​ពិតប្រាកដ​របស់​ប៉ូលិស ដែល​បង្ហាញ​ពី​ភាពត្រឹមត្រូវ​របស់ខ្លួន​»​។ នេះ​ជាការ​លើកឡើង​របស់លោក សន ជ័យ​។​
 
​តែ​យ៉ាងណា​នាយក​ប្រតិបត្តិ​អង្គការ​ស​ម្ព័​ន​គណនេយ្យភាព​សង្គម​រូបនេះ ស្នើ​ឲ្យ​អង្គភាព​ប៉ូលិស​ទាំងអស់ អនុវត្ត​វិន័យ​ច្បាប់​ឲ្យ​បាន​ដូចគ្នា​ជាមួយ​ប្រជាពលរដ្ឋ ក្នុងករណី​រកឃើញ​មន្ត្រីនគរបាល ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​នេះ​។ លោក សន ជ័យ លើកឡើង​ដូច្នេះ​ថា​៖«​ទីមួយ ច្បាប់​ស្តីពី​ការប្រឆាំង​គ្រឿងញៀន មាន​ហើយ ដូច្នេះ​បើ​កូន​ប្រជាពលរដ្ឋ​មានទោស​ប៉ុណ្ណា ប៉ូលិស​ក៏ត្រូវ​ផ្ដន្ទាទោស​យ៉ាង​ដូច្នេះ​ដែរ ដោយ​គ្មាន​ការយោគយល់​ថា អ្នក​ឯ​ឯ​ជា​ប៉ូលិស​ត្រូវ​សម្រួល ឬ​ត្រូវ​បំភ្លេចចោល ហើយ​អនុគ្រោះ​លើកលែងទោស​នោះទេ​។ ព្រោះ​ប្រទេស​នីតិរដ្ឋ បានន័យថា មនុស្ស​គ្រប់គ្នា​ត្រូវ​ស្ថិតក្រោម​អំណាចច្បាប់​។ ហើយ​ក្រៅពី​អនុវត្ត​ច្បាប់​ដូច​ពលរដ្ឋ​ដទៃទៀត សក្តិ​នៅលើ​ស្មា ឬក៏​ក្របខណ្ឌ​ប៉ូលិស​ហ្នឹង ក៏​សុទ្ធតែជា​ចំណុច​ត្រូវ​ពិចារណា​ដក​ដែរ​»​។
​កន្លងមក​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ក្លិប Rock ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ជាង​៣០០​នាក់​។ ហើយ​ករណី​គ្រឿងញៀននេះ សមត្ថកិច្ច​ក៏​រកឃើញថា មាន​មន្ត្រីនគរបាល​ពាក់ព័ន្ធ​នៅ​ពីក្រោយ​ករណីនេះ​ទៀតផង​។ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ដឹង​ពី​បញ្ហា​នេះ ក៏បាន​បញ្ជា​ឲ្យ​តាម​ចាប់​នគរបាល​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​ក្លិប​នេះដែរ​។ សមត្ថកិច្ច កំពុង​តាម​ចាប់ខ្លួន​មន្ត្រីប៉ូលិស ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នេះ​។​
 
​បើតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំងប្រទេស បាន​ជាង​៨​ពាន់​ករណី​(៨.០១៨​ករណី​) រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង​៥៣៣​គីឡូក្រាម និង​កញ្ចប់​កញ្ឆា​ក្រៀម​៣៧០ ដែល​ស្មើ​៧៤​គីឡូក្រាម និង​កម្ទេច​កញ្ឆា​១៦៤,៩២៥​ដើម​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​១៦.២៣២​នាក់​(​ស្រី​១.៣៤៣​នាក់​)​ក្នុងនោះ​មាន​ជនបរទេស​៣១០​នាក់ ត្រូវ​នឹង​២៤​សញ្ជាតិ​៕

Tag:
 ស ថេត​
  គ្រឿងញៀន​
  ប៉ូលិស​
© រក្សាសិទ្ធិដោយ thmeythmey.com