ជាតិ
ក្រុមហ៊ុនកូរ៉េមួយ ចង់វិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពល Solar នៅកម្ពុជា
× ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េ គ្រោងវិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពល Solar Hope Farm ដោយប្រើប្រព័ន្ធពន្លឺព្រះអាទិត្យនៅកម្ពុជា។ គម្រោងនេះ ត្រូវបានពិភាក្សាគ្នា ដោយលោក ហ្គូហា ជាំង (Gyu-Ha Jang) អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA) និងលោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
លោក ហ្គូហា ជាំង បាននិយាយថា ក្រុមហ៊ុនលោកចង់សាកល្បងគម្រោងនេះជាមុនសិន មុននឹងបោះទុនវិនិយោគ ហើយលោកក៏ចង់ចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក ដើម្បីអនុវត្តគម្រោងនេះដែរ។ បើតាមលោក ហ្គូហា ជាំង ការវិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពល ដោយប្រើប្រាស់បច្ចេកវិទ្យា Solar Hope Farm ដែលជាបច្ចេកវិទ្យាថ្មីនេះ គឺអាចស្ដុកទុកទឹកស្អាត និងផ្ដល់ថាមពលអគ្គិសនី ដោយប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ។
ក្រៅពីនេះក្រុមហ៊ុនលោក ក៏កំពុងពិនិត្យលទ្ធភាពនាំចូលម្រេចកំពតពីកម្ពុជាទៅកូរ៉េទៀតផង។ ចំពោះបំណងចង់នាំម្រេចកម្ពុជា ចូលទីផ្សារកូរ៉េ ជាចំណុចសំខាន់មួយ ដែលកម្ពុជាចង់បាន។ លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឲ្យលោក ជាំង និងសហការី ចុះទៅពិនិត្យចំការម្រេចនៅកំពតផ្ទាល់ ដើម្បីស្វែងយល់បន្ថែម និងពិនិត្យឱកាសនាំចេញ ខណៈដែលម្រេចកម្ពុជា កំពុងមានតម្លៃខ្ពស់ ក្រោយមានការទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្រ ពីសំណាក់សហភាពអឺរ៉ុប។
ងាកមកការវិនិយោគលើទឹកស្អាត និងថាមពល Solarវិញ រដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏ចង់ឃើញការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជានៅតាមជនបទដែរ។ ជាពិសេសនៅតំបន់ដែលមិនទាន់មានអគ្គិសនី និងទឹកស្អាត។ រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើឲ្យលោក ជាំង រៀបចំជាសំណើ និងផែនការធុរកិច្ចឲ្យបានលម្អិត សម្រាប់សម្រួលដល់ការពិភាក្សា និងស្វែងរកដៃគូធុរកិច្ចនេះ៕
Tag:
ប៉ាន សូរស័ក្តិ
ទឹកស្អាត
Solar
© រក្សាសិទ្ធិដោយ thmeythmey.com