នៅ​ចិន រថយន្ត​ចាក់ទឹក​ជំនួស​ប្រេងឥន្ធនៈ អាច​រត់​បាន​ចម្ងាយ​៥០០​គីឡូម៉ែត្រ​?
រថយន្ត
អន្តរជាតិ
នៅ​ចិន រថយន្ត​ចាក់ទឹក​ជំនួស​ប្រេងឥន្ធនៈ អាច​រត់​បាន​ចម្ងាយ​៥០០​គីឡូម៉ែត្រ​?
27, May 2019 , 7:19 pm        
រូបភាព
​ក្រុមហ៊ុន​រថយន្ត​ចិន​មួយ បាន​អះអាងថា ខ្លួន​បាន​បង្កើត​រថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន ដែល​អាចធ្វើ​ដំណើរ​បាន​ចម្ងាយ​ដល់ ៥០០​គីឡូម៉ែត្រ ដោយ​គ្រាន់តែ​ចាក់ទឹក​។

 
 
​រថយន្ត​គំរូ​ដំបូង ដែល​បាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន Qingnian Cars ត្រូវបាន​គេ​ជិះ​សាកល្បង​ជា​លើកដំបូង កាលពី​ថ្ងៃ​ពុធ ទី​២២ ឧសភា កន្លងទៅ​។ តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​ចិន Nanyang Daily ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ មាន​មូលដ្ឋាន​ក្នុង​ទីក្រុង ណាន​យ៉ាង (Nanyang) ខេត្ត ហៀ​ណាន ប្រទេស​ចិន ។ 
 
​ជុំវិញ​ការសាកល្បង​នេះ លោក Pang Qingnian អគ្គនាយក​ក្រុមហ៊ុន​ផលិត​រថយន្ត​ខាងលើ បាន​អះអាង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា រថយន្ត​របស់​ក្រុមហ៊ុន​លោក មាន​សមត្ថភាព​ធ្វើដំណើរ​ចន្លោះ​ពី​ចម្ងាយ ៣០០​គីឡូម៉ែត្រ ទៅ ៥០០​គីឡូម៉ែត្រ ដោយ​គ្រាន់តែ​ចាក់ទឹក​ប្រមាណ​ពី ៣០០ ទៅ ៤០០ លីត្រ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ អំឡុងពេល​សាកល្បង​ជា​លើកដំបូង​នេះ គេ​មិនដឹង​ទេ​ថា រថយន្ត​ចាក់ទឹក​របស់​ចិន​នេះ រត់​បាន​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណា​នោះឡើយ​។ 
 
​ឆ្លើយ​នឹង​សំណួរ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ថ្លៃ​ចំណាយ​ក្នុង​ការផលិត លោក Pang និយាយថា តម្លៃ​នៃ​ការអភិវឌ្ឍ និង​ស្រាវជ្រាវ ជា​ព័ត៌មាន​សម្ងាត់​របស់​ក្រុមហ៊ុន ដូច​ច្នេះ លោក​ពុំ​អាច​បង្ហើប​ឲ្យ​ដឹងបាន​ឡើយ​។ ប៉ុន្តែ លោក គ្រាន់តែ​និយាយថា ក្រុមហ៊ុន​លោក បាន​ផលិត​រថយន្ត​នេះ​ក្នុងតម្លៃ​ទាប ព្រោះនេះ​ជា​បច្ចេកវិទ្យា​ផ្ទាល់​របស់​ក្រុមហ៊ុន​លោក​។ 
 
​តាម​កាសែត​ចិន Nanyang Daily លោក​អគ្គនាយក Pang ពន្យល់​តាម​លក្ខណៈ​បច្ចេកទេស​ថា ម៉ាស៊ីនរថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន ដែល​កកើតឡើង​ដោយ​ប្រតិកម្ម​គីមី​មួយ នៅពេលដែល​កត្តា​លី​ស​មួយ ត្រូវដាក់​បញ្ចូល​ឲ្យ​ប្រតិកម្ម​ជាមួយនឹង​ម្ស៉ៅ​អាលុយមីញ៉ូម និង​ទឹក​។ 
 
​គួរ​ឲ្យ​កត់សម្គាល់ថា រថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន មាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុង​ទីផ្សារ​រថយន្ត​ថាមពល​ប្រភេទ​ថ្មី ទោះបីជា​ប្រភេទ​រថយន្ត ពុំ​សូវ​មាន​លក្ខណៈ​ផ្លូវការ​ដូចជា​រថយន្ត​អគ្គិសនី​ក្តី​។ ជាធម្មតា រថយន្ត​ប្រភេទ​នេះ ប្រើប្រាស់​ប្រតិកម្ម​រវាង អ៊ីដ្រូសែន និង​អុកស៊ីសែន ដើម្បី​ផលិត​ថាមពល​ដល់​ម៉ូ​ទ័​រ​អគ្គិសនី​។  
 
​យោងតាម​ក្រុម​អ្នកជំនាញ ដើម្បី​ដំណើការ​រថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន ដោយ​គ្រាន់តែ​ចាក់ទឹក​មួយ​មុខ ទឹក​ដែល​ចាក់​ចូលក្នុង​រថយន្ត​នេះ នឹងត្រូវ​បំ​លែង​ទៅជា​អគ្គិសនី​វិភាគ (Electrolysis) ។ ហើយ​អគ្គិសនី​វិភា​គនេះ នឹង​បង្កើត​ទៅជា​អ៊ីដ្រូសែន ដែល​ផ្តល់​ថាមពល​ដល់​ម៉ាស៊ីនរថយន្ត​នេះ​។ 
 
​កន្លងទៅ មនុស្ស និង​ក្រុមហ៊ុន​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក ធ្លាប់បាន​អះអាងថា ពួកគេ​ផលិត​បាន​រថយន្ត​ដំណើរការ​ដោយ​ចាក់ទឹក ជំនួស​ឲ្យ​ប្រេងឥន្ធនៈ ប៉ុន្តែ​ក្រោយមក​ព័ត៌មាន បាន​លេច​ធ្លាយ​ថា វា​សុទ្ធសឹងតែ​រឿងប្រឌិត​ប៉ុណ្ណោះ​៕
 

Tag:
 ចិន​
  រថយន្ត​
  វិទ្យាសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម