អន្តរជាតិ
លោក ត្រាំ អួតអានុភាពយោធា៖ បើអាមេរិកនៅលេខពីរ គ្មាននរណាលេខមួយឡើយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើកដៃគំនាប់យោធាអាមេរិកនៅឯមូលដ្ឋានយោធា Yokosuka ។ រូបភាព AFP
× នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅជប៉ុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយអួតអាងសមត្ថភាពកងទ័ពអាមេរិកដែលលោកចាត់ទុកថា ខ្លាំងជាងគេលើលោក។ លោកនិយាយបែបនេះ នាឱកាសទៅសួរសុខទុក្ខយោធាអាមេរិកនៅថ្ងៃទី២៨ ខែឧសភានៅឯមូលដ្ឋានជើងទឹក Yokosuka ក្នុងប្រទេសជប៉ុន។ មេដឹកនាំអាមេរិករូបនេះបានប្រាប់កងទ័ពអាមេរិកទៀតថា អាមេរិកមានសព្វាវុធដែលប្រទេសផ្សេងមិនអាចធ្វើដូចបានឡើយ។
មូលដ្ឋានកងទ័ព Yokosuka ជាគោលដៅចុងក្រោយគេនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋបួនថ្ងៃរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅទឹកដីជប៉ុន។ មូលដ្ឋាននេះ ជាបន្ទាយទ័ពជើងទឹកដ៏ធំមួយរបស់អាមេរិកនៅជប៉ុន ក៏ដូចជាតំបន់ប៉ាស៊ីហ្វិកទាំងមូលដែរ។ លោក ត្រាំ ដែលអមដំណើរដោយស្ត្រីទីមួយ មេឡានា ត្រាំ បានចូលរួមក្នុងពិធីជួបជុំជាមួយយោធាអាមេរិកជាង៨០០នាក់នៅលើកប៉ាល់ប្រយុទ្ធ USS Wasp ។
ចំពោះមុខកងទ័ពប្រចាំតំបន់ប៉ាស៊ីហ្វិក លោក ត្រាំ ចាត់ទុកយោធាអាមេរិកជាកងទ័ពគួរឲ្យខ្លាចបំផុតក្នុងតំបន់ និងលើពិភពលោក។ លោកបន្តថា យោធាអាមេរិកគ្មានបំណងចុះចេញពីតំណែងកំពូលលើលោករបស់ខ្លួនឡើយ ហើយអានុភាពយោធាអាមេរិក ក៏គ្មាននរណាអាចប្រជែងបានឡើយ។ នេះក៏ព្រោះអាមេរិកមានអាវុធ មីស៊ីល រ៉ុក្កែត រថក្រោះ យន្តហោះចម្បាំងគ្រប់បែបយ៉ាងដែលគ្មានប្រទេសណាអាចផលិតដូចឡើយ។
ការថ្លែងរបស់លោក ត្រាំ ត្រូវបានស្វាគមន៍ដោយយោធាអាមេរិកដែលស្រែករំពងអឹងកងក្នុងកម្មវិធីជួបជុំដដែល។ លោកអះអាងថា យោធាអាមេរិកទាំងទ័ពជើងទឹក ទាំងកម្លាំងម៉ារីន កំពុងប្រឈមមុខការបញ្ហាសន្តិសុខក្នុងតំបន់ដោយការតាំងចិត្តយ៉ាងមោះមុត។ ប្រធានាធិបតីអាមេរិករូបនេះ មិនបាននិយាយឲ្យច្បាស់ពីបញ្ហាប្រឈមនោះទេ តែបានត្រឹមបង្ហើបថា កូនទាហានអាមេរិកដឹងពីអ្វីដែលលោកកំពុងអធិប្បាយ។
បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងការងើបឡើងរបស់ចិន ទំនងជាអ្វីដែលលោក ត្រាំ អគ្គមេបញ្ជាការកងទ័ពអាមេរិកចង់សំដៅដល់។ មកទល់សព្វថ្ងៃ ក្នុងក្រសែភ្នែកទីក្រុងវ៉ាស៊ីនតោន កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើងរបស់ព្យុងយ៉ាង នៅតែជាការគំរាមកំហែងធ្ងន់ធ្ងរដដែល។ ការផ្ដោតលើមធ្យោបាយការទូតនៅរយៈពេលចុងក្រោយនេះ មិនបានផ្ដល់ផលច្រើនឡើយ ទោះជារបបដឹកនាំកូរ៉េខាងជើងហាក់បន្ធូរដៃរបស់ខ្លួនខ្លះក្ដី។
ងការងើបឡើងដ៏ឆាប់រហ័សរបស់ចិននៅក្នុងតំបន់ ក៏ជាការបារម្ភរបស់អាមេរិកដែរ ពិសេសអានុភាពយោធាជើងទឹក និងសកម្មផាពយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូង។ ទីក្រុងវ៉ាស៊ីនតោន ប្រាកដជាដេកមិនលក់បក់មិនល្ហើយចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងដែលជាផ្លូវដឹកជញ្ជូនទំនិញមមាញឹកមួយរបស់ពីភពលោក។ ការអនុវត្តសេរីភាពនាវាចរណ៍នៅតំបន់នេះ តែងប្រតិកម្មខ្លាំងពីទីក្រុងប៉េកាំង៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com