ONE Championship
កីឡាជាតិ
ជាតិ
សំ ថា​រ័ត្ន រៀបរាប់​បញ្ហា​ប្រឈម​ពេល​ទៅ​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ «Surviving Bokator» នៅ​អាមេរិក
29, May 2019 , 9:19 am        
រូបភាព
ដោយ​៖ ស៊ី​ធី  

​សំ ថា​រ័ត្ន កីឡាការិនី​ដែល​គេ​ស្គាល់​តាមរយៈ​ការប្រើ​ក្បាច់គុន​ល្បុក្កតោ និង ជា​តារាភាពយន្ត​ចូលចិត្ត​សម្ដែង​តួ​ទាត់​ធាក់​បាន​បង្ហើប​អំពី​បញ្ហា​ប្រឈម​ពេល​ទៅ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ឯកសារ «​ការ​រស់​ឡើងវិញ​នៃ​ល្បុក្កតោ​» ឬ «Surviving Bokator» នៅ​សហរដ្ឋអាមេរិក​។ នាង​រៀបរាប់ថា មានតែ​ម្នាក់ឯង​អត់​មាន​ក្រុមការងារ អត់​អ្នក​ឧបត្ថម្ភ និង​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ជាដើម​ដែលជា​ពេលវេលា​ប្រថុចញ៉ុច​។

 
​កីឡាការិនី សំ ថា​រ័ត្ន ទើប​បញ្ចប់​ការផ្សព្វផ្សាយ​ខ្សែភាពយន្ត​ឯកសារ​រ​ក្បាច់គុន​ខ្មែរ​ខាងលើ​នៅ​ក្រុង Los Angeles សហរដ្ឋអាមេរិក កាល​ខែ មករា មុន​ធ្វើដំណើរ​ទៅ​អាមេរិក​ម្ដងទៀត​នា​ពាក់កណ្ដាល​ខែឧសភា នេះហើយ​អាច​បន្ត​ការលើកកម្ពស់​ផ្សព្វផ្សាយ​ពី ៣ សប្ដាហ៍​ទៅ ១ ខែ​។ ទីតាំង​គម្រោង​ដែល​កូនសិស្ស​លោកគ្រូ សាន គឺ​ម​ស៊ាន ត្រូវ​ទៅ​ផ្សព្វផ្សាយ មានដូចជា​រដ្ឋ Boston, Lowell និង Minnesota ជាដើម និង​អាច​បន្តទៅ​ក្រុង​ផ្សេង ដែល​ភាគច្រើន​ទៅ​ផ្សព្វ​ក្នុង​តំបន់​មាន​ខ្មែរ​ស្នាក់នៅ និង ជា​អំណោយផល​សាយភាយ​ដល់​បរទេស​នៅក្នុង​តំបន់​នោះ​។ កីឡាការិនី​វ័យ ២៨ ឆ្នាំ​រូបនេះ​គូសបញ្ជាក់ថា ៖«​ខ្ញុំ​មក​ទីនេះ​អត់​មាន​អ្នក​ជួយឧបត្ថម្ភ​អ្វី​ទេ ប៉ុន្តែ​មក​ទីនេះ​ដោយសារ​បងប្អូន​ខ្មែរ​ដែល​ស្គាល់ៗ គាត់​អញ្ជើញ​មក ឬ មិត្ត​ភ័ក្ដិ​គេ​ស្គាល់ គេ​ជួយផ្ដល់​កន្លែង​ស្នាក់នៅ​មិន​អស់​លុយ ឬ បងប្អូន​ខ្មែរ​ខ្លះ​គាត់​អាណិត​ស្រលាញ់​ក៏​គាត់​ជួយ​ឲ្យ​ស្នាក់នៅ​ដែរ​។ ទោះយ៉ាងណា ខ្ញុំ​នៅតែ​ឈ្មុសឈ្មុល​ដោយហេតុថា សូម្បី​ខ្មែរ​ខ្លះ​នៅ​អាមេរិក ក៏​គាត់​មិនដែល​ស្គាល់​ក្បាច់គុន​ល្បុក្កតោ​ខ្មេរ ហើយ ពួកគាត់​មាន​មោទនភាព​ចំពោះ​ក្បាច់គុន​នេះ និង លើកទឹកចិត្ត​ឲ្យ​កូនចៅ​ហ្វឹកហាត់​ក្បាច់គុន​ដូនតា​នេះ​ទៀតផង​»​។ 


 
​កីឡាការិនី​ដដែល​បញ្ជាក់ថា ក្នុង​ភាពយន្ត​ឯកសារ​នេះ​មិន​ត្រឹង​តែ​ក្បាច់គុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ មានរឿង​រ៉ាវ​ទាក់ទង​នឹង​ជីវិត​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ផង​។ តួ​សំខាន់​នៅក្នុង​រឿងនេះ​ចង់​មាន​គ្នា​ទៅ​ជួយ​ផ្សព្វផ្សាយ​នៅ​អាមេរិក​ដែរ ប៉ុន្តែ ពេលវេលា និង អ្នក​ឧបត្ថម្ភ​ក៏​ជា​បញ្ហា​ធំ ព្រោះ​ទៅ​ម្ដងៗ​មាន​រយៈពេល​វែង ហើយ  ថា​រ័ត្ន​ខ្លួនឯង ក៏​ចោល​ការងារ​ជា​ជាច្រើន​ដែរ​ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​វប្បធម៌​របស់​ខ្មែរ​។ ក្រៅពីនេះ​កីឡាការិនី​ដែល​ធ្លាប់​ប្រកួត​គុន​ចម្រុះ​បាន​ចំនួន ៦ ដង​បាន​រៀបរាប់​បន្តថា ការ​ទៅ​ផ្សព្វផ្សាយ​នេះ​ទទួលបាន​ផលចំណេញ​ផ្សេងទៀត​ក្រៅពី​ក្បាច់គុន ព្រោះ​មាន​បរទេស​ជាច្រើន​បាន​ចោទ​សួរថា ៖ «​ល្បុក្កតោ​ជា​អ្វី​? មកពីណា ហើយ​ស្រុក​ខ្មែរ​នៅឯណា​? ខ្ញុំ​បាន​ឆ្លើយ​និង​ពន្យល់​ជា​ហូរហែ ថា​ស្រុក​ខ្មែរ​នៅជាប់ ថៃ វៀតណាម និង ឡាវ ហើយ មាន​អង្គរវត្ត​ជា​ប្រាសាទ​ល្បីឈ្មោះ​ជាដើម និង បាន​ឆែក​ផែន​ឲ្យ​មើល​ជាក់ស្ដែង​ផងដែរ​»​។ 
 
​កីឡាការិនី​ដែល​ធ្លាប់​ចូលរួម​សម្ដែង​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» របស់​ផលិតករ Angelina Jolie រូបនេះ​រៀបរាប់​ទៀតថា ភាគច្រើន​ជនបរទេស​នៅ​អាមេរិក​ស្គាល់ «​មួយ​ថៃ​» ច្បាស់​ជាង​ក្បាច់ល្បុក្កតោ ហើយ នេះ​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​រូបគេ​មិន​រាថយ​ដើម្បី​លើកតម្កើង​ក្បាច់គុន​ខ្មែរ​ឲ្យ​គេ​បាន​ស្គាល់​។ កីឡាការិនី​ធ្លាប់​ឡើង​សង្វៀន ONE សង្កត់ធ្ងន់​បែបនេះ​៖«​និយាយ​រឿង​លំបាក​គឺ លំបាក​សព្វបែបយ៉ាង​។ តាមពិត​ខ្ញុំ​មិន​ចង់​រអ៊ូ​ទេ តែ​បង​សួរ​ហើយ​ខ្ញុំ​ក៏​ប្រាប់​ទៅ ខ្ញុំ​ត្រូវការ​ជំនួយ​ភ្លាមៗ តែ​មិនអាច​ទៅរួច​។ ខ្ញុំ​ត្រូវធ្វើ​អ្វី ...​ខ្ញុំ​ត្រូវធ្វើ​ម្នាក់ឯង យើង​ធ្វើ​ទាំង​តក់ក្រហល់​អត់​មាន​ពេល​គ្រប់គ្រាន់ ហើយ ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មាន​ម៉ោង​ខុសគ្នា​ហើយ​ការធ្វើដំណើរ​ក៏​អស់កម្លាំង​»​។ 


 
​ការផ្សព្វផ្សាយ​ខាងលើ​ធ្លាប់ធ្វើ ៣ ដង​រួចមកហើយ​។ នៅ​ឆ្នាំ ២០១៧ កីឡាក​រិ​នី​ក្បាច់គុន​ល្បុក្កតោ​បាន​ទៅ​ផ្សា​ព្វ​ផ្សាយ​នៅ​ក្រុង Long Beach រដ្ឋ California , ឆ្នាំ ២០១៨ ទៅ នៅ​ក្រុង Austin រដ្ឋ Texas , និង Dallas ជាដើម​ហើយ បន្ទាប់មក​នៅ New York មុន​ទៅ​ផ្សព្វផ្សាយ​នៅ Toronto ប្រទេស​កាណាដា​។ 
 
​គួរ​ដឹង​ដែរ​ថា​ភាពយន្ដ​ឯកសារ «​ការ​រស់​ឡើងវិញ​នៃ​ល្បុក្កតោ​» ឬ «Surviving Bokator» ត្រូវ​បានរៀបចំ​ចាប់ផ្ដើម​ថត​តាំងពី​ឆ្នាំ​២០១០ មកម្ល៉េះ​ដោយ​ប្រើពេល​មិន​ក្រោម ៨ ឆ្នាំ​ទេ​ដើម្បី​បញ្ចប់​ខ្សែភាពយន្ត​នេះ​។ នេះ​ជាការ​តស៊ូ​ព្យាយាម ដើម្បី​ធ្វើ​ឲ្យ​ក្បាច់គុន​វប្បធម៌​ខ្មែរ​ត្រូវគេ​ទទួលស្គាល់ និង ថែរក្សា​សម្រាប់​កីឡាករ ឬ យុវជន​ជំនាន់​ក្រោយ​។ ភាពយន្ត​នេះ​ដឹកនាំ​ផលិត​ដោយ​ផលិតករ Mark Bochsler សញ្ជាតិ​កាណាដា ដោយ​សហការ​ជាមួយ​លោកគ្រូ​តា​ក្រមា​មាស សាន គឺ​ម​ស៊ាន អតីត​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​៕ 
 

Tag:
 MMA
  សំ ថា​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com