សិង្ហ​បុរី ផ្តួល​អាមេរិក ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​បំផុត​លើ​ពិភពលោក
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សិង្ហ​បុរី ផ្តួល​អាមេរិក ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​បំផុត​លើ​ពិភពលោក
29, May 2019 , 11:41 am        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
​សិង្ហ​បុរី ហក់​ឡើងដល់​ចំណាត់​កំពូល​ក្នុង​ឆ្នាំ​២០១៩ ដោយ​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​ខ្លាំង​បំផុត​លើ​ពិភពលោក ។ តំណែង​កំពូល​ប្រចាំឆ្នាំ ក្នុងចំណោម​ប្រទេស​ចំនួន​៦៣​នេះ ធ្លាប់​ត្រូវបាន​សហរដ្ឋអាមេរិក​កាន់កាប់ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ IMD World Competitiveness  ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ស្វ៊ី​ស ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី ២៩ ខែឧសភា​។

 
​ការវិលត្រឡប់​របស់​សិង្ហ​បុរី​ទៅកាន់​តំណែង​កំពូល​ផុត​លេខ​នេះ ដែល​ជាប់​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១០​កន្លងទៅ គឺ​ដោយសារតែ​កត្តា​ចម្បងៗ​មួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ឈានមុខ ភាពសម្បូរ​ហូរហៀរ​នៃ​កម្លាំង​ពលកម្ម​ជំនាញ ច្បាប់​អន្តោប្រវេសន៍​ដែលមាន​ភាពអនុគ្រោះ និង​មាន​លក្ខណៈ​អំណោយផល​ដល់​ការធ្វើ​ជំនួញ​ថ្មីៗ​។ នេះ​យោងតាម​របាយការណ៍​ដ​ដែល​នេះ​។ 
 
​ក្នុងចំណោម​លក្ខខណ្ឌ​សំខាន់ៗ​ចំនួន​៤ ដែល​ត្រូវបាន​វាយតម្លៃ សិង្ហ​បុរី ឈរ​នៅ​ចំណាត់​កំពូល​ទាំង​៥ សម្រាប់​លក្ខ​ណ្ឌ​ចំនួន​៣  រួមមាន សកម្មភាព​សេដ្ឋកិច្ច (​ចំណាត់ថ្នាក់​លេខ​៥) ប្រសិទ្ធភាព​រដ្ឋាភិបាល (​ចំណាត់ថ្នាក់​លេខ​៣) និង​ប្រសិទ្ធភាព​ធុរកិច្ច (​ចំណាត់ថ្នាក់​លេខ​៥) ។ សម្រាប់​លក្ខខណ្ឌ​ចុងក្រោយ​ដែល​សំដៅលើ​ហេដ្ឋារចនាសម្ព័ន្ធ សិង្ហ​បុរី ជាប់​លេខ ៦ ។​
 
​សហរដ្ឋអាមេរិក ដែល​ធ្លាប់​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​កាលពី​ឆ្នាំ​២០១៨ បាន​ធ្លាក់​មកកាន់​តំណែង​លេខ​៣ តាម​ពីក្រោយ ទីក្រុង ហុងកុង ។ ទាក់ទិន​នឹង​ការធ្លាក់​តំណែង​របស់​អាមេរិក​នេះ របាយការណ៍ ដែល​បានចេញ​ផ្សាយ​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក លើកឡើងថា ការផ្តល់​សន្ទុះ​សេដ្ឋកិច្ច ក្រោម​គោលនយោបាយ​ពន្ធដារ​ជំហាន​ដំបូង របស់​ប្រ​ធានា​ធីប​តី​អាមេរិក ដូ​ណា​ល់ ត្រាំ ត្រូវបាន​គេ​មើលឃើញថា ចាប់ផ្តើម​សាបរលាប​។ 
 
​បន្ថែម​ពីនេះ ភាព​ប្រកួតប្រជែង​របស់​សេដ្ឋកិច្ច​អាមេរិក ក៏​ទទួលរង​ផលប៉ះពាល់​ដោយ​កត្តា​មួយចំនួនទៀត រួមមាន តម្លៃ​ប្រេង​ឡើង​ខ្ពស់ ការនាំចេញ​បច្ចេកវិទ្យា​ទំនើប​ធ្លាក់ចុះ និង​ការប្រែប្រួល​តម្លៃ​លុយ​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ខាងលើ​៕
 

Tag:
 សិង្ហ​បុរី​
  IMD Centre
  សេដ្ឋកិច្ច​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com