អន្តរជាតិ
ការធ្វើ​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ថ្មីៗ​សម្រាប់​ទ្វីបអាហ្វ្រិក​
30, May 2019 , 7:59 pm        
រូបភាព
រូបភាព​ឯកសារ៖ នេះ​ជា​ទិដ្ឋភាព​នៃ​សហគមន៍ Makoko ដែល​សង់​នៅ​មាត់​សមុទ្រ។ វា​បង្ហាញ​ពី​ភាព​ក្រីក្រ​ខ្លាំង និង​អសមភាព​រវាង​អ្នក​មាន​ និង​អ្នក​ក្រ នៅ​ក្នុង​ក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា។ (AFP)
រូបភាព​ឯកសារ៖ នេះ​ជា​ទិដ្ឋភាព​នៃ​សហគមន៍ Makoko ដែល​សង់​នៅ​មាត់​សមុទ្រ។ វា​បង្ហាញ​ពី​ភាព​ក្រីក្រ​ខ្លាំង និង​អសមភាព​រវាង​អ្នក​មាន​ និង​អ្នក​ក្រ នៅ​ក្នុង​ក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា។ (AFP)
ដោយ: VOA
​ប៉ារីស ៖ នៅ​តំបន់​ភាគខាងត្បូង​វាល​ខ្សាច់​សាហា​រ៉ា​ក្នុង​ទ្វីបអាហ្វ្រិក ចំនួន​ប្រជាជន​ក្នុង​ក្រុង​បាន​កើនឡើង​ទ្វេដង​ចាប់តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​១៩៩០​។ ចំនួន​ប្រជាជន​បាន​កើន​ឡើងដល់​៤០០​លាន​នាក់​នៅក្នុង​ឆ្នាំ​២០១៦​។ បើ​យោងតាម​ក្រុម​អ្នកជំនាញ ៤០%​នៃ​ប្រជាជន​សរុប​នៅក្នុង​តំបន់​នេះ​រស់នៅ​ទីក្រុង បើ​ធៀប​នឹង​ឆ្នាំ​២០០០ ដែល​មានតែ​៣១%​ប៉ុណ្ណោះ​។​

 
​ទោះជា​យ៉ាងនេះ​ក្តី ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ឧស្សាហកម្ម​ផ្សេងៗ​មិនទាន់​រីកចម្រើន​ដូច​ទៅនឹង​កំណើនប្រជាជន​ក្នុង​ទីក្រុង​នោះទេ​។​
 
៦០%​នៃ​អ្នក​រស់នៅក្នុង​ទីក្រុង​នៅក្នុង​តំបន់​ភាគខាងត្បូង​វាល​ខ្សាច់​សាហា​រ៉ា​ក្នុង​ទ្វីបអាហ្វ្រិក រស់នៅក្នុង​សំណង់​អនាធិបតេយ្យ ហើយ​មានតែ​២៥%​ប៉ុណ្ណោះ​មាន​ទឹកស្អាត​មាន​សុវត្ថិភាព​សម្រាប់​ប្រើ​ប្រព័ន្ធ​លូបង្ហូរទឹក​មិនល្អ និង​ប្រព័ន្ធគ្រប់គ្រង​ទឹកជំនន់​ខ្សោយ​គឺជា​បញ្ហា​ប្រឈម​មួយទៀត​។ ព្រះ​នាង Kouman Kossia Tamia ជា​ព្រះមហាក្សត្រ​យា​នី​តាមបែប​ប្រពៃណី នៅ​ប្រទេស​កូត​ឌី​វ័រ (Ivory Coast)​។ ព្រះ​នាង​ព្រួយព្រះទ័យ​នៅពេល​ដល់​រដូវភ្លៀង​ម្តងៗ និង​ទឹកជំនន់​ដែល​អាច​កើតមានឡើង​។​
 
​ព្រះ​នាង​មាន​ព្រះរាជបន្ទូល​ត្អួ​ញ​ត្អែ​រថា នៅពេល​ដល់​រដូវភ្លៀង​ម្តងៗ ព្រះ​នាង​មិនអាច​ធ្វើ​អ្វី​បាន​នោះទេ​។ អ្វីៗ​ទាំងអស់​ត្រូវបាន​ជាប់​គាំង​។​
 
​លោក Amadou Diarra គឺជា​អភិបាលក្រុង North Pikine ដែលជា​ក្រុង​ស្ថិតនៅ​ជាយ​រដ្ឋធានី​ដា​កា របស់​ប្រទេស​សេ​ណេ​ហ្គា​ល់ (Senegal)​។ លោក​យល់ថា ការគ្រប់គ្រង​កាកសំណល់​របស់​មនុស្ស​គឺជា​បញ្ហា​ដែលមាន​កាន់តែ​ច្រើនឡើងៗ​។​
 
​លោក Amadou Diarra បាន​ថ្លែងថា លោក​មានការ​សោកស្តាយ​ដែលមាន​បញ្ហា​ត្រូវ​កប់​កាកសំណល់​ចោល ដោយសារតែ​ពួកគេ​មិនមាន​រោងចក្រ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ មាន​កន្លែង​ចាក់សំរាម​តែមួយ​ប៉ុណ្ណោះ ដែល​ត្រូវ​ទទួលយក​កាកសំណល់​ពី​គ្រប់​ផ្ទះសម្បែង​ទាំងអស់​នៅក្នុង​តំបន់ Dakar​។ បញ្ហា​នេះ​បាន​បង្ក​ឲ្យ​មាន​ផលវិបាក​ផ្សេងៗ​ទៀត​។ លោក​បាន​និយាយថា បញ្ហា​ប្រឈម​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​គឺ​ត្រូវ​បំ​លែង​កាកសំណល់​ទាំងនោះ​ឲ្យ​ទៅជិត​កន្លែង​ផលិត​វា ជាជាង​កប់​វា​ចោល​។ លោក​និយាយថា ការ​កប់​សំរាម​បែបនេះ​មាន​គ្រោះថ្នាក់​សម្រាប់​មនុស្ស​។​
 
​ការរីកលូតលាស់​នៃ​តំបន់​ទីក្រុង​ក្នុង​ទ្វីបអាហ្វ្រិក​ភាគច្រើន​កើតមាន​នៅក្នុង​ទីក្រុង​តូចៗ និង​មធ្យម​។ អ្នករស់នៅ​ទីក្រុង​ជាង​ពាក់កណ្តាល​ក្នុង​ទ្វីបអាហ្វ្រិក រស់នៅក្នុង​ទីក្រុង​ដែលមាន​ប្រជាជន​តិចជាង​២៥០.០០០​នាក់​។​
 
​អ្នកស្រី Maggie Chazal គឺជា​ស្ថាបនិក​នៃ​អង្គការក្រៅរដ្ឋាភិបាល​ឈ្មោះថា Urbanists Without Borders​។ អ្នកស្រី​និយាយថា ទីក្រុង​ទំហំ​មធ្យម​ទាំងនោះ​មាន​សារៈសំខាន់​ចំពោះ​អនាគត​របស់​ទ្វីបអាហ្វ្រិក​។​
 
​អ្នកស្រី Maggie Chazal ថ្លែងថា លោកស្រី​បាន​សង្កត់​បញ្ជាក់ថា ប្រសិនបើ​មិនមាន​ទីក្រុង​មធ្យម​នោះទេ យើង​មិនអាច​ភ្ជាប់​ទីក្រុង​ធំៗ​ជាមួយនឹង​តំបន់​ជនបទ​នោះទេ​។ ក្នុងករណី​បែបនេះ តំបន់​ជនបទ​នឹងមិន​មាន​ទាំង​ការងារ​និង​ឧបករណ៍​នានា​សម្រាប់​ប្រើប្រាស់​។ លោកស្រី​បន្ថែមថា មនុស្ស​វ័យក្មេង​នឹង​ចាក​ចេញពី​តំបន់​ទាំងនេះ​ទៅកាន់​ទីក្រុង​ក្នុង​ចំនួន​ដ៏​ច្រើន​។ ទីក្រុង​ធំៗ​ប្រមូលផ្ដុំ​ទៅដោយ​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​សង្គម​ប៉ុណ្ណោះ ដូចជា​សំណង់​អនាធិបតេយ្យ​ជាដើម​។​
 
​ប៉ុន្តែ​ទ្វីបអាហ្វ្រិក​មាន​ទីក្រុង​ធំៗ​ជាច្រើន​រួចទៅហើយ ហើយ​ទីក្រុង​ទាំងនោះ​កាន់តែ​ធំ​ទៅៗ​។ ទីក្រុង Lagos ដែលជា​ទីក្រុង​ក្នុងប្រទេស​នី​ហ្សេ​រី​យ៉ា ត្រូវបាន​គេ​ទស្សន៍ទាយ​ថា នឹង​ក្លាយជា​ទីក្រុង​ធំ​បំផុត​នៅក្នុង​ពិភពលោក ដែលមាន​មនុស្ស​រស់នៅ​ចំនួន ៨៨,៣​លាន​នាក់ នៅត្រឹម​ឆ្នាំ​២១០០​។ នេះ​បើ​យោងតាម​អង្គការ​វេទិកា​សេដ្ឋកិច្ចពិភពលោក ឬ World Economic Forum៕
 

© រក្សាសិទ្ធិដោយ thmeythmey.com