ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពី​ជប៉ុន សម្តេច ហ៊ុន សែន ថា «​រង់ចាំ​សង្គ្រាម​ប្រឆាំង [​លោក សម រង្ស៊ី​] ដែល​បះបោរ​ពី​ក្រៅប្រទេស​»
30, May 2019 , 11:53 am        
រូបភាព
សម្តេច ហ៊ុន សែន ធ្វើជាវាគ្មិន ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតអាស៊ី នៅប្រទេសជប៉ុន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ (រូបពីក្រសួងព័ត៌មាន)
សម្តេច ហ៊ុន សែន ធ្វើជាវាគ្មិន ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតអាស៊ី នៅប្រទេសជប៉ុន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ (រូបពីក្រសួងព័ត៌មាន)
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្សកាន់អំណាច នា​វេទិកា​សន្និសីទ​អន្តរជាតិ​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បានប្រកាស​ឲ្យ​ដឹងថា សម្តេច​រង់ចាំ​ធ្វើសង្គ្រាម​ប្រឆាំង​ជាមួយ​បុគ្គល​ដែល​បះ​បោរ​ពី​ក្រៅប្រទេស​ដើម្បី​ទម្លាក់​សម្តេច​។ ទោះ​មិនបាន​និយាយ​ឈ្មោះ​ចំៗ ប៉ុន្តែ​គេ​អាច​ដឹង​ច្បាស់​ថា សម្តេច​សំដៅ​ដល់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អះអាង​ពី​ឆ​ន្ទៈ​មកកាន់​កម្ពុជា​វិញ​នាពេលខាងមុខ​។​

 
​ធ្វើជា​វាគ្មិន​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី​អនាគត​អាស៊ី ក្នុងប្រទេស​ជប៉ុន នា​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ មេដឹកនាំ​កម្ពុជា ប្រកាស​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ប្រកាស​ដោយ​ចំហ​ពី​ទីនេះ ឲ្យ​ពិភពលោក បានដឹងថា ខ្ញុំ កំពុង​រង់ចាំ​សង្គ្រាម​មួយ ដែល​វា នឹង​កើតឡើង តាមរយៈ​ការប្រកាស​របស់​ជន​ក្បត់ជាតិ​ដែល​ស្រែក​ពី​ក្រៅប្រទេស​។ ដរាបណា គេ មិនទាន់​ចុះចាញ់​សង្គ្រាម​នេះ​ទេ ខ្ញុំ ក៏​មិនទាន់​ធ្វើ​អ្វី​ផ្សេងទៀត​ដែរ​។ បើ​យើងខ្ញុំ​ប្រកាស​ខុសពី​ផ្លូវ​នេះ គេ នឹង​ចាត់ទុកថា យើងខ្ញុំ កំពុង​ចាញ់​សង្គ្រាម​។ ខ្ញុំ មិនអាច​ចាញ់​សង្គ្រាម​ទេ​»​។ 
 
​ឈានចូល​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ លោក សម រង្ស៊ី ហាក់​ព្យាយាម​បង្ហាញ​សញ្ញា​និង​ប្រកាស​កាន់តែ​ញឹកញាប់​ពី​ផែនការ​នៃ​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក​។ លោក ប្រាប់ថា លោក មិនមែន​មក​កម្ពុជា​តែម្នាក់ឯង​ទេ គឺមាន​ប្រជាពលរដ្ឋ​ខ្មែរ​ពី​បណ្តា​ប្រទេស​នានា ហើយក៏​អាចមាន​មន្ត្រី​អង្គការសហប្រជាជាតិ​ផងដែរ  ដែល​នឹង​មកជា​មួយ​លោក​។ 
 
​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ ថែមទាំង​សង្ឃឹមថា ប្រជាពលរដ្ឋនៅក្នុង​ស្រុក នឹង​នាំគ្នា​ទៅ​ទទួល​លោក​។ ទន្ទឹមនឹងនេះ លោក ឆ្លៀត​ផ្ញើ​សារ​បំផុសបំផុល​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ងាក​មកឈរ​ខាង​លោក​និង​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ផ្លាស់ប្តូរ​។ 
 
​លោក បង្ហើប​នាពេល​ថ្មីៗ​នេះ​ថា លោក នឹង​ទៅកាន់​ប្រទេស​ថៃ ដើម្បី​ប្រមែ​ល​ប្រមូល​ប្រជាពលរដ្ឋ មុននឹង​ឈាន​ជើង​ចូលមក​កម្ពុជា​។ អ្នកគាំទ្រ​របស់លោក សម រង្ស៊ី នៅ​សហរដ្ឋអាមេរិក នឹងធ្វើ​ពិធី​ប្រសិទ្ធិ​ពរជ័យ ជូន​លោក ក្នុង​វត្ត​ខ្មែរ​មួយ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​បួងសួង​ឲ្យ​លោក ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើ​មាតុភូមិ​និវត្ត​។ 
 
«​ខ្ញុំ ទៅ​ចាប់​លោក ហ៊ុន សែន មិនមែន ទៅ​ឲ្យ​លោក ហ៊ុន សែន ចាប់​ខ្ញុំ​ទេ​។ យើង ទៅ​ដណ្តើមយក​ប្រទេស​យើង​វិញ​»​។ នេះ​ជា​សារ​ដែល​លោក សម រង្ស៊ី  តែង​ប្រកាសប្រាប់​មហាជន​នាពេល​កន្លងមក​៕ 
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com