ជាតិ
ពីនេះ ពីនោះ
ផ្ទះ​បណ្តែត​ទឹក​កំពង់ហ្លួង ក្នុង​រដូវ​បិទ​នេសាទ​
30, May 2019 , 7:19 pm        
រូបភាព
​ទិដ្ឋភាព​ពីលើ​អាកាស​នៃ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេសាប ដែល​ស្ថិតនៅក្នុង​ឃុំ​កំពង់ហ្លួង ខេត្តកណ្តាល​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ទិដ្ឋភាព​ពីលើ​អាកាស​នៃ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេសាប ដែល​ស្ថិតនៅក្នុង​ឃុំ​កំពង់ហ្លួង ខេត្តកណ្តាល​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​រូបភាព​ខាងលើនេះ គឺជា​ទិដ្ឋភាព​ពីលើ​អាកាស​នៃ​ផ្ទះ​បណ្តែត​ទឹក ដែល​ស្ថិតនៅក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល តាម​បណ្តោយ​ដង​ទ​ន្ល​សាប នា​រដូវ​បិទ​នេសាទ​។ តាមពិត​ទីនេះ គឺជា​កន្លែង​ដែលមាន​សកម្មភាព​នេសាទ និង​ការកែច្នៃ​ផល​នេសាទ​ដ៏​មមាញឹក​មួយ នៅ ក្នុង​រដូវ​បើក​នេសាទ​។​


 
​ទន្លេសាប មាន​ប្រវែង ១២០​គីឡូម៉ែត្រ គឺជា​ទន្លេ​មួយ​ដែល​ត​ភ្ជាប់​ទន្លេមេគង្គ និង​បឹង​ទន្លេសាប ។ ក្នុងអំឡុងពេល​រដូវ​វស្សា ចាប់ពី​ខែ កក្កដា ដល់​ខែវិច្ឆិកា ជា​រៀងរាល់ឆ្នាំ ទឹកទន្លេ​មេគង្គ​ចាប់​ផ្តើមឡើង ទឹក​ក៏​ហូរ​ចូលក្នុង​ទន្លេសាប និង​បន្ត​ហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប​ទៀត​។ 
 
​នៅពេលដែល​ភ្លៀង​មូសុងវស្សា​ថយចុះ​ក្នុង​វិច្ឆិកា ទឹកទន្លេ​មេគង្គ​ក៏​ស្រក​ចុះ ទឹក​បឹង​ទន្លេសាប ក៏​ហូរ​ត្រឡប់​ចេញមក ដោយ​ឆ្លងកាត់​ទន្លេសាប​ចូលក្នុង​ទៅ​ទន្លេមេគង្គ​វិញ​ដែរ​។ ក្នុងពេលនោះ ហ្វូង​មច្ឆជាតិ​ដ៏​ច្រើន​ឥត​គណនា ក៏បាន​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ត្រឡប់​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​ផងដែរ ដែលជា​ពេលវេលា​ដ៏​មមាញឹក​សម្រាប់​អ្នកនេសាទ ព្រមទាំង​ប្រជាជន​មកពី​គ្រប់ទិសទី​ជួបជុំគ្នា​នៅ​តំបន់​កំពង់ហ្លួង​នេះ ដើម្បី​កែច្នៃ​ផល​នេសាទ​ជា​ផ្អក ប្រហុក ត្រីឆ្អើរ​ជាដើម​។​ល​។ 
 
​កាលពី​ថ្ងៃទី​៧ ខែឧសភា​កន្លងទៅ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បាន​ជូនដំណឹង​ពី​រដូវ​បិទ​នេសាទ សម្រាប់​ដែន​នេសាទ​ទឹកសាប ឆ្នាំ​២០១៩​។ បើតាម​ការជូនដំណឹង​នេះ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ដល់​ថ្ងៃទី​៣០ ខែកញ្ញា បិទ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ចតុម្មុខ រួមមាន​បណ្តា​ខេត្ត​ទាំងអស់​ជុំវិញ​បឹង​ទន្លេសាប ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧ​ត្ត​រ​មានជ័យ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ផ្នែក​ខាងលើ​ចតុម្មុខ​។​
 
​ចាប់ពី​ថ្ងៃទី ១ ខែកក្កដា ដល់​ថ្ងៃទី​៣១ ខែតុលា បិទ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុម្មុខ រួមមាន​រាជធានី​ភ្នំពេញ ផ្នែក​ខាងត្បូង​ចតុម្មុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និង​ស្វាយរៀង​។​
 
​នៅក្នុង​រយៈពេល​បិទ​នេសាទ​នេះ មានតែ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដែល​មានចែង​ក្នុង​ប្រកា​សលេខ ៤៥៨ ប្រក​.​កសក ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​អ្នកនេសាទ​ប្រើប្រាស់​។ ចំពោះ​ឧបករណ៍​នេសាទ​ដូចជា​៖ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឡើយ​។ ដោយឡែក ឧបករណ៍​នេសាទ​«​មង​»​អាចធ្វើ​នេសាទ​បានតែ​ប្រវែង ១០០​ម៉ែត្រ​ប៉ុណ្ណោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com