អន្តរជាតិ
ហេតុអ្វី បានជា​ទឹកសមុទ្រ​មាន​ពណ៌​ខៀវ​?
30, May 2019 , 7:39 pm        
រូបភាព
​បើ​លោក​អ្នកមើល​ផែនទី​ពី Google Maps ឬ​ពី​ផែនទី​ក្រដាស​ធម្មតា លោកអ្នក​ពិនិត្យឃើញថា ផ្នែក​ខាង​សមុទ្រ​តែងមាន​ពណ៌​ខៀវ ឬ​ពណ៌​ផ្ទៃមេឃ​ជានិច្ច​។ នៅក្នុង​រូបគំនូរ ពណ៌​ខៀវ​ភាគច្រើន​តែង​តំណាង​ឲ្យ​ប្រភពទឹក​។ ក៏​ដូចគ្នា​ដែរ​នៅពេលដែល​លោកអ្នក​មើល​ពីលើ​យន្តហោះ លោកអ្នក​នឹង​ឃើញថា​សមុទ្រ​មាន​ពណ៌​ខៀវ​។ តើ​វា​មកពី​មូលហេតុ​អ្វី​ទៅ​?

 
 
​ពណ៌​របស់​ទឹកសមុទ្រ ត្រូវបាន​កំណត់ដោយ​បាតុភូត​ពន្លឺ​ម្យ៉ាង ដែលមាន​ប្រភព​មកពី​ព្រះអាទិត្យ​។ គេហទំព័រ​វិទ្យាសាស្ត្រ scientificamerican.com បាន​ពន្យល់ថា ពន្លឺ​ដែល​យើង​មើលឃើញ​សព្វថ្ងៃ​គឺជា​បណ្តុំ​ពណ៌​ជាច្រើន ដែល​ក្នុងនោះ​មាន​តាំងពី​ពណ៌​ក្រហម បៃតង លឿង ខៀវ និង​ពណ៌​ស្វាយ​។​
 
​តែ​នៅពេលដែល​ពន្លឺ​ពណ៌​ទាំងនោះ​លាយ​ចូលគ្នា យើង​មើល​ពន្លឺ​ទាំងមូល​ហាក់បីដូចជា​គ្មាន​ពណ៌ ឬ​មាន​សភាព​ថ្លា​។ ពន្លឺ​ពណ៌​នីមួយៗ មាន​លក្ខណៈពិសេស​បែប​ធម្មជាតិ​របស់ខ្លួន​។ នៅក្នុង​តារាង​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច ពណ៌​ក្រហម​ត្រូវបាន​គេ​កំណត់ថា​ជា ពន្លឺ​ពណ៌​ដែលមាន​ថាមពល​ខ្សោយ តែ​សម្រាប់​ពណ៌​ខៀវ​វិញ វា​គឺជា​ពន្លឺ​ពណ៌​ដែលមាន​ថាមពល​ខ្លាំង​។​
 
​ជា​លទ្ធផល នៅពេលដែល​ពន្លឺ​ទាំងមូល​ចាំង​ចូលមក​កាន់​ផ្ទៃ​ទឹក ពន្លឺ​ដែលមាន​ថាមពល​ខ្សោយ ដូចជា​ពណ៌​ក្រហម ត្រូវបាន​ស្រូបយក​ដោយ​ម៉ូលេគុល​ទឹក​។ តែ​ពន្លឺ​ដែលមាន​ថាមពល​ខ្លាំង ដូចជា​ពណ៌​ខៀវ ត្រូវបាន​ចាំង​ផ្លាត​ចេញ​ក្រៅ​ដោយ​ម៉ូលេគុល​ទឹក​វិញ​។ ដោយសារ​បែបនេះហើយ ទើប​ភ្នែក​មនុស្ស​មើលឃើញ​ទឹកសមុទ្រ​ថា​មាន​ពណ៌​ខៀវ​។ 
 
​ប៉ុន្តែ​សម្រាប់​ទឹកទន្លេ បឹង ស្ទឹង ឬ​ព្រែក​ដែលមាន​កំហាប់​ដី ភក់ ឬ​ផង់​តូចៗ​ដទៃទៀត​ច្រើន ការ​ចាំង​ផ្លាត​ពន្លឺ​អាចមាន​លក្ខណៈ​ខុសគ្នា​ពី​ទឹកសមុទ្រ​។ ពេលខ្លះទៀត លោកអ្នក​អាច​ឃើញថា ទឹក​មាន​ពណ៌​ខៀវ​លាយ​ជាមួយនឹង​បៃតង​បន្តិច​។ នេះ​គឺ​ដោយសារតែ​ប្រភពទឹក​នោះ​មាន​ស្លែ ឬ​រុក្ខជាតិ​ទឹកតូចៗ​ល្អិតៗ​ដទៃទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com