ជាតិ
«Kissinger, Nixon and the destruction of Cambodia» ចេញផ្សាយ​ជា​ភាសា​ខ្មែរ​
30, May 2019 , 5:05 pm        
រូបភាព
៤០​ឆ្នាំ ក្រោយពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា Sideshow: Kissinger, Nixon and the destruction of Cambodia ត្រូវបាន​ចេញផ្សាយ​ដោយ​អ្នកនិពន្ធ​ជនជាតិ​អង់គ្លេស​គឺ​លោក វិ​ល្លៀម ស្ហ​ក្រស្ស (William Shawcross)​ក្នុង​ឆ្នាំ​១៩៧៩ ស្នាដៃ​នេះ​មាន​ជា​ភាសា​ខ្មែរ​ហើយ​នៅពេលនេះ​។ មជ្ឈមណ្ឌល​អភិវឌ្ឍ​កម្ពុជា គឺជា​អ្នកទទួលបាន​សិទ្ធិ​បកប្រែ និង​បោះពុម្ព​ស្នាដៃ​នេះ​ពី​អ្នកនិពន្ធ​។​

 
«​រឿង​ក្រៅ​ឆាក​៖ ឃី​ស​ស៊ិន​ជើ​, និ​ច​សុន និង​ការបំផ្លាញ​ប្រទេស​កម្ពុជា​»​ជា​ចំណងជើង​នៃ​សៀវភៅ​កម្រាស់​៨០០​ទំព័រ​ជា​ភាសា​ខ្មែរ​ដែល​និយាយ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុ​ជានា​ចុង​ទស្សវត្សរ៍​១៩៦០ និង​ទស្សវត្សរ៍​១៩៧០​។ ចំណងជើង​របស់​សៀវ​ភៅ​នេះ ទំនងជា​បាន​ប្រាប់​ច្បាស់​ដែរ​ហើយ ថា​សៀវភៅ​មួយ​ក្បាល​នេះ​នឹង​និយាយ​អំពី​អ្វី​នោះ​។ នោះ​គឺ​ភាព​ខ្ទេចខ្ទាំ​របស់​កម្ពុជា ក្រោម​ឥទ្ធិពល​នៃ​ការដឹកនាំ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Henri Kissinger និង​ប្រធានាធិបតី Richard Nixon​។​
 
​ព័ត៌មាន​នៅក្នុង​ស្នាដៃ​មួយ​ក្បាល​នេះ ត្រូវបាន​បង្ហាញ​ដោយ​អ្នកនិពន្ធ វិ​ល្លៀម ស្ហ ក្រស្ស ដែលជា​អតីត​អ្នកកាសែត​ដែល​បាន​សររ​សេរ​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​សង្គ្រាម​វៀតណាម ហើយ​ដែល​ក្រោយមក​លោក​យល់ថា មាន​ព្រឹត្តិការណ៍​មិន​ប្រក្រតី​ជាច្រើន​បានកើត​ឡើង​នៅ​កម្ពុជា​។​
 
​ស្នាដៃ​មួយ​នេះ​មានតម្លៃ​សម្រាប់​ការស្រាវជ្រាវ​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ ទើប​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​កម្ពុជា​បាន​សុំ​សិទ្ធិ​ពី​អ្នកនិពន្ធ​ដើម្បី​បកប្រែ​ជា​ភាសា​ខ្មែរ ដោយ​ប្រើប្រាស់​រយៈពេល​២​ឆ្នាំ ដោយ​រួមទាំង​ការបកប្រែ​និង​ការត្រួតពិនិត្យ តម្រាំ​អាច​បោះពុម្ព​ចេញផ្សាយ​នៅពេលនេះ​បាន​។ នេះ​ជាការ​ពន្យល់​របស់​កញ្ញា គង់ រតន​ធីតា មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍ក​ម្ពុ​ជា​។​
 
​កញ្ញា រតន​ធីតា បានបញ្ជាក់​បន្ថែម​អំពី​មូលហេតុ​នៃ​ការបកប្រែ​ស្នាដៃ​នេះ​ពី​ភាសា​អង់គ្លេស​មកជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​សៀវភៅ​នេះ​បានបង្ហាញ​ជ្រុង​មួយ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែលមាន​សារសំខាន់​សម្រាប់​ការស្រាវជ្រាវ​។ ម្យ៉ាងវិញទៀត យើង​មានបំណង​ជំរុញ​ការអាន​ផងដែរ​។ ខ្ញុំ​សូមបញ្ជាក់ថា ការដែល​យើង​បកប្រែ​ស្នាដៃ​នេះ​ជា​ភាសា​ខ្មែរ គឺ​យើង​ពុំមានបំណង​បង្កើតឱ្យមាន​អារម្មណ៍ជាតិ​សាសន៍​និយម និង​សេចក្តី​គុំកួន​នោះឡើយ​»​។​
 
​បើតាម​បញ្ជាក់​របស់​កញ្ញា រតន​ធីតា ដដែល ការបោះពុម្ព​ស្នាដៃ​នេះ​លើកទីមួយ មាន​ចំនួន​២០០០​ច្បាប់ ដែល​ត្រូវ​ដាក់លក់​ក្នុងតម្លៃ​១៦​ដុល្លារ​សម្រាប់​សាធារណជន​ទូទៅ ហើយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​កម្ពុជា​ក៏មាន​បំណង​ចែកចាយ​សម្រាប់​ប្រយោជន៍​សាធារណៈ​នៅតាម​បណ្ណាល័យ គ្រឹះស្ថាន​សាកលវិទ្យាល័យ និង​នៅតាម​ក្រសួង​ផងដែរ​៕
 
​លោកអ្នក​ដែល​ចាប់អារម្មណ៍​ចង់​ជាវ​សៀវភៅ​នេះ អាច​ស្វែង​រកបាន​នៅ​ជាន់​ផ្ទាល់​ដី​អគារ E សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ឬ​ទាក់ទង​តាម​ទូរស័ព្ទ​៖ (៨៥៥) ១៦ ៦១៦ ៩៥១
 

© រក្សាសិទ្ធិដោយ thmeythmey.com