ជាតិ
សង្គមជាតិ
តុលាការ លើក​ពេល​បើកសវនាការ​លើ​សំណុំរឿង​លោក រ៉ាត់ រត្ន​មុនី​
30, May 2019 , 9:39 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុកឈ្មោះ Chum Hout Chum Hour
រូបពីគណនីហ្វេសប៊ុកឈ្មោះ Chum Hout Chum Hour
ដោយ: ថ្មីៗ
​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំបាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក រ៉ាត់ រត្ន​មុនី ពាក់ព័ន្ធ​នឹង​ការផលិត​ខ្សែភាពយន្ត​ឯកសារ​មួយ ដែលមាន​ចំណងជើង​ថា «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» តាម​ការគ្រោងទុក​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ​ទេ​។


 
​លោក សំ ទិ​ត្យ​សីហា មេធាវី​របស់លោក រ៉ាត់ រត្ន​មុនី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សវនាការ​នេះ ត្រូវ​លើក​ពេល​ទៅ​បើក​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​ឯណោះ​វិញ​។ លោក លើកឡើងថា មូលហេតុ ដែល​ចៅក្រម លើក​ពេល គឺ​ដោយសារតែ​អវត្តមាន​ភាគី​រដ្ឋប្បវេណី​។ លោក បញ្ជាក់​ដូច្នេះ​ថា «​ចៅក្រម ចង់​ឲ្យ​មាន​គ្រប់ភាគី ដើម្បី​បាន​តតាំង​គ្នា​ក្នុង​សវនាការ​»​។ 
 
​ខ្សែភាពយន្ត «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» បានធ្វើ​ឲ្យ​លោក រ៉ាត់ រត្ន​មុនី រង​ពីបទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​»​។ ប៉ុន្តែ លោក​មេធាវី សំ ទិ​ត្យ​សីហា ធ្លាប់​អះអាង​កន្លងមក​ថា កូនក្តី​របស់លោក គ្រាន់តែ​ជា​អ្នក​ប្រែ​ពី​ភាសា​ខ្មែរ​ទៅ​ភាសា​អង់គ្លេស និង​ពី​ភាសា​អង់គ្លេស មកជា​ភាសា​ខ្មែរ នៅក្នុង​ខ្សែភាពយន្ត​នេះ​ប៉ុណ្ណោះ គឺ​មិនមែនជា​អ្នក​ផលិត​ឬ​ដឹកនាំ​សម្តែង​នោះទេ​។ 
 
​លោក បន្តថា កូនក្តី​របស់លោក ក៏​មិនមាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬក៏​ធ្វើ​ឲ្យ​ខូច​មុខមាត់​ប្រទេសជាតិ​ដែរ ហើយ​ម្យ៉ាងទៀត កូនក្តី​របស់លោក ថែមទាំង​បាន​សុំ​ការអនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដែរ មុននឹង​ចាប់ផ្តើម​ផលិត​ខ្សែភាពយន្ត​នេះ​។ 
 
​អាជ្ញាធរ​ខ្មែរ បាន​តាមដាន​ខ្សែភាពយន្ត​ឯកសារ​នេះ បន្ទាប់ពី​សារព័ត៌មាន​ដ៏​ល្បី​មួយ​របស់​រុស្ស៊ី​ឈ្មោះ RT យកទៅ​ផ្សព្វផ្សាយ​។ អាជ្ញាធរ​ខ្មែរ អះអាងថា ភាពយន្ត​ឯកសារ​ខាងលើ ដែល​និយាយ​ពី​ការជួញដូរ​ផ្លូវភេទ គឺជា​រឿងប្រឌិត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​។​
 
​ដោយមាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា សមត្ថកិច្ច​ថៃ បាន​ចាប់បញ្ជូន​លោក រ៉ាត់ រត្ន​មុនី ពី​ថៃ មក​កម្ពុជា​វិញ កាលពី​ខែធ្នូ ឆ្នាំ​២០១៨​។ កន្លងមក ភរិយា​របស់លោក រ៉ាត់ រត្ន​មុនី និង​ប្រជាពលរដ្ឋ​មួយចំនួន ខិតខំ​សុំ​ឲ្យ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជួយ​ធ្វើ​អន្តរាគមន៍​ជា​ញឹកញាប់​ដែរ តែ​មិនបាន​ទទួលផល​វិជ្ជមាន​ឡើយ​៕
 

Tag:
 រ៉ាត់ រត្ន​មុនី​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com