អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម ជុង​អ៊ុន បោសសម្អាត​ថ្នាក់ក្រោម​ចំពោះ​បរាជ័យ​ជំនួប​ជាមួយ​លោក ត្រាំ
31, May 2019 , 9:38 am        
រូបភាព
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតពលកងទ័ពនាពេលកន្លងមក។ រូបភាព KCNA
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតពលកងទ័ពនាពេលកន្លងមក។ រូបភាព KCNA
មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​បើក​ការ​បោសសម្អាត​ទ្រង់ទ្រាយ​ធំ​លើ​ក្រុមមន្ត្រី​ដែល​ទទួលបន្ទុក​ការចរចា​ជាមួយ​អាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​កូរ៉េខាងត្បូង Cholsun Ilbo ។ លោក គីម យ៉ុង​ឈុ​ល មនុស្ស​ជំនិត​ផ្ទាល់​មេដឹកនាំ​កូរ៉េខាងជើង និង​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​សំណព្វ​លោក គីម សុទ្ធតែ​ស្ថិត​ក្នុងចំណោម​មន្ត្រី​ដែល​រង​ពិន័យ ខណៈ​ប្រធាន​ក្រុមការងារ​ចរចា​វិញ ទទួលទោស​ប្រហារជីវិត​តែម្ដង​។



​បរាជ័យ​នៃ​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​វៀតណាម បាន​ក្លាយជា​កម្មវត្ថុ​នាំ​ឲ្យ​មានការ​បោសសម្អាត​ផ្ទៃក្នុង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​ការចរចា​នេះ​។ ប្រមុខ​ដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន ត្រូវបាន​រាយការណ៍​ថា បាន​បញ្ជា​ឲ្យ​សម្លាប់ និង​ដាក់ទោស​ក្រុមមន្ត្រី​ដែលមាន​តួនាទី​ក្នុងកា​ចរចា​ជាមួយ​អាមេរិក​លើ​រឿង​រំសាយ​នុយក្លេអ៊ែរ​។ លោក គីម ទំនង​ទម្លាក់កំហុស​លើ​មន្ត្រី​របស់ខ្លួន​ចំពោះ​បរាជ័យ​មួយ​នេះ​។

​លោក គីម យុក​ឈុ​ល (Kim Hyok-chol) ដែលជា​បេសកជន​ពិសេស និង​ជាម​ន្ត្រី​ទទួលបន្ទុក​ការចរចា​ថ្នាក់​ក្រុមការងារ ត្រូវបាន​ប្រហារជីវិត​កាលពី​ខែមីនា​កន្លងទៅ​នៅ​ព្រលានយន្តហោះ​មួយកន្លែង​ជាមួយនឹង​មន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​បួន​នាក់​ទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​កូរ៉េខាងត្បូង Cholsun Ilbo នៅ​ថ្ងៃទី​៣១ ខែឧសភា​ដែល​ស្រង់​ប្រភពពី​មន្ត្រី​កូរ៉េខាងជើង​។ ទោស​របស់​ពួកគេ គឺ​លួច​ធ្វើ​ចារកម្ម​ឲ្យ​អាមេរិក​។​

​ចំណែក​លោក គីម យ៉ុង​ឈុ​ល ដៃស្ដាំ​លោក គីម ជុង​អ៊ុន ផ្ទាល់ ក៏​រង​ពិន័យ​ធ្ងន់​ដែរ តែ​មិនមែន​ទោស​ស្លាប់​ឡើយ​។ កាសែត​កូរ៉េខាងត្បូង​ដដែល​ផ្សាយ​ថា អតីត​មេ​ចារកម្ម​រូបនេះ​ដែល​ទើប​អស់តំណែង​ក្នុង​ជួរ​បក្ស​ពលករ​ដែរនោះ ត្រូវ​បញ្ជូនទៅ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់​ក្នុង​ខេត្ត Jagang ហើយ​ត្រូវ​រៀនសូត្រ​មនោគមន៍វិជ្ជា​ឡើងវិញ​។ មន្ត្រី​ទទួលខុសត្រូវ​ការចរចា​ម្នាក់ទៀត​ឈ្មោះ Kim Song Hye ក៏ត្រូវ​បញ្ជូន​ជំរំ​កែប្រែ​នយោបាយ​ផងដែរ​។

​អ្នកបកប្រែ​ឲ្យ​លោក គីម នា​ជំនួប​ជាមួយ​លោក ត្រាំ ឈ្មោះ Shin Hye Yong ក៏ត្រូវ​រាយការណ៍​ថា បាន​បញ្ជូន​ទៅកាន់​ជំរំ​លត់​ដំ​ផងដែរ ក្រោម​ហេតុផល​ថា ធ្វើ​សកម្មភាព​ប៉ះពាល់​អំណាច​លោក គីម តាមរយៈ​ការបកប្រែ​ដែល​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ លោកស្រី គីម យ៉ូ​ចុង ទោះ​មិន​រង​ពិន័យ​ធ្ងន់​ក្ដី ក៏ត្រូវ​ទទួលបញ្ជា​ឲ្យ​ថយក្រោយ​មួយរយៈ​សិន​ដែរ​។ ប្រភពពី​ទីក្រុង​សេ​អ៊ូ​ល​អះអាងថា ក្រោយ​ជំនួប​នៅ​ហាណូយ ប្អូនស្រី​លោក គីម មិនមាន​សកម្មភាព​អ្វី​ទេ​។​

​មិនមាន​ការបញ្ជា​ក់ណា​មួយ​ពាក់ព័ន្ធ​ការ​បោសសម្អាត​នេះឡើយ​។ ប៉ុន្តែ​កាសែត​កូរ៉េខាងជើង Rodong Sinmun បែរជា​ចេញ​បទ​វិចារណកថា​មួយ​ដោយ​រិះគន់​មន្ត្រី​ដែល​គោរព​មេដឹកនាំ​ហួសហេតុ​ដើម្បី​ប្រយោជន៍ គឺជា​ជន​ប្រឆាំង​បក្ស ប្រឆាំង​បដិវត្តន៍ ហើយ​ដែល​ត្រូវ​ប្រឈមមុខ​ការកាត់ទោស​ដ៏​តឹងរ៉ឹង​។ នេះ​ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០១៣ ដែល​កាសែត​នេះ​ប្រើពាក្យ​ខ្លាំង​បែបនេះ ដែល​កាលនោះ​លោក គីម សម្លាប់​ពូ​ថ្លៃ​របស់ខ្លួន​។ វា​ក៏​អាចជា​សញ្ញា​បង្ហាញថា រឿង​ចាស់​បាន​កើតឡើង​ម្ដងទៀត​ដែរ​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  គីម ជុង​អ៊ុន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com