ONE Championship
កីឡាជាតិ
ជាតិ
ជើង​ខ្លាំង Christian Lee ដាក់​គោលដៅ​ប្រជែង​ខ្សែក្រវាត់ ONE Featherweight
31, May 2019 , 9:39 pm        
រូបភាព
ដោយ​៖ ស៊ី​ធី  
 
​ជើង​ខ្លាំង​គុន​ចម្រុះ​វ័យក្មេង​របស់​សិង្ហ​បុរី Christian Lee ទើប​យកបាន​ខ្សែក្រវាត់ ONE Lightweight World Champion ក្រោយ​ផ្តួល​កីឡាករ​ជើង​ខ្លាំង​ជប៉ុន Shinya Aoki ថ្មីៗ​នេះ​។ Lee ដាក់​គោលដៅ​ចង់​ទទួល​សមិទ្ធផល​ជាច្រើន​ទៀត និង ចង់​ប្រជែង​យក​ខ្សែក្រវាត់​កម្រិត​ខ្ពស់ ONE Featherweight Gold នៅ​ថ្ងៃ​ដ៏​ខ្លី​ខាងមុខនេះ​។


 Christian Lee បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ម្តង​រួចមកហើយ​នៅ​សង្វៀន ONE: ENTER THE DRAGON នា​ពាក់កណ្ដាល​ខែឧសភា​នេះ​នៅ​សិង្ហ​បុរី ពេល​រូបគេ​វាយ Shinya “Tobikan Judan” Aoki ឲ្យ​ចុះចាញ់​ដើម្បី​គ្រង​ខ្សែក្រវាត់ និង ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ឈ្នះ​ខ្សែក្រវាត់​គុន​ចម្រុះ​កម្រិត​ពិភពលោក​ក្នុង​ប្រវត្តិសាស្ត្រ​។ 


 
​អ្នកលេង​គុន​ចម្រុះ Lee ដែលមាន​វ័យ​ទើបតែ ២០ ឆ្នាំ បានធ្វើ​ឲ្យ​ទស្សនិកជន​ម្ចាស់​ស្រុក​របស់ខ្លួន​ហ៊ោកញ្ជ្រៀវ ពេល​ប្រើ​ក្បាច់​យ៉ាង​ល្អ​ដើម្បី​បញ្ចប់​អ្នកលេង​គុន​ចម្រុះ​អាជីព​ជប៉ុន Aoki  ត្រឹម​ទឹក​ទី​២ ទោះបី​មានការ​តាំងចិត្ត​វាយបំបាក់​ត្រឹម​ទឹក​ទី​១ ក្ដី​។ បែបណាក៏ដោយ​នេះ​ជា​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​សម្រាប់​កីឡាករ​គុន​ចម្រុះ​វ័យក្មេង​រូបនេះ និង ការបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​លើស​ង្វៀន ONE និង ពិភពលោក ដែល​បាន​គ្រង​ខ្សែក្រវាត់ ONE Lightweight World Champion​។ Aoki ធ្វើបាន​ល្អ​នៅ​ទឹក​ទី​១ ដោយ​ប្រើ​ក្បាច់​ផ្ដួល Lee ទៅនឹង​ក្ដារ​រេញ​ដើម្បី​ប្រើ​ដៃជើង​គាប​ក្នុង​គោលបំណង​ឲ្យ​តដៃ​លែងរួច​។ ប៉ុន្តែ កីឡាករ​វ័យឆ្លាត​រប​ស់​សិង្ហ​បុរី បានគេច​ផុតពី​ក្បាច់​គាប​សម្លាប់​របស់ Aoki​។ បន្ទាប់មកទៀត Lee ប្រើ​កណ្ដាប់ដៃ​មហា​ទម្ងន់​ឆ្វេង​ស្ដាំ​យ៉ាង​ញាប់​ចំ​គោលដៅ​ដើម្បី​បញ្ចប់ កីឡាករ​ម្ចាស់​ខ្សែក្រវាត់​ជប៉ុន​ឲ្យ​ដេក​ត្រឹម​ទឹក​ទី​២​តែម្ដង មុន​អាជ្ញាកណ្ដាល​លោក Olivier Coste បញ្ឈប់​ការប្រកួត​។ 
 
Lee បាន​រៀប​ថា អ្វីដែល​ខ្លួន​ខ្លាច​នោះ​គឺ​ការចាប់​បោក​ផ្ដួល​របស់​គូប្រកួត​សញ្ជាតិ​ជប៉ុន ហើយ ការទទួល​ជ័យជម្នះ​នេះ​ក៏មាន​ចំណែក​យ៉ាង​ធំធេង​ពី​ឪពុក​បង្កើត​របស់ខ្លួន​ពេល​សម្រាក​ឲ្យ​ទឹក​ហើយ​លោក​បាន​ប្រាប់​បច្ចេកទេស​ត្រូវ​ផ្ដួល Aoki នៅត្រឹម​ទឹក​ទី​២​នោះ​។ ក្រោយ​បញ្ចប់​ការប្រកួត Shinya បាន​ថ្លែងថា Lee គឺជា​កីឡាករ​ជំនាន់​ក្រោយ​ល្អ​បំផុត​ក្នុង​ពិភព​គុន​ជម្រុះ (MMA) របស់ ទ្វីបអាស៊ី ។ Shinya សង្កត់ធ្ងន់ថា ៖«​អ្នក​ពិតជា​អស្ចារ្យ សម្រាប់​ទ្វីបអាស៊ី​។ ខ្ញុំ​សប្បាយរីករាយ​ដែល​ឃើញ​អ្នក (Lee) អាច​ដណ្ដើម​ខ្សែក្រវាត់​របស់ខ្ញុំ​ក្នុង​អាជីព​»​។ 
 
​កីឡាករ​ដែលមាន​រហ​ស្សនាម​ថា “The Warrior” របស់​សិង្ហ​បុរី បានផ្ដល់​បទសម្ភាសន៍​ដល់ ONE បែបនេះ​៖«​ការ​ឈ្នះ​ខ្សែក្រវាត់​លំដាប់​ពិភពលោក​ជា​ក្ដី​សុបិន​របស់ខ្ញុំ​ជា​យូរ​មកហើយ​។ នេះ​ជា​រឿង​អស្ចារ្យ​បំផុត​របស់ខ្ញុំ​។ ខ្ញុំ​ឮ​ច្បាស់​នឹង​ត្រចៀក​ពី​ពិធីករ​ប្រកាស ហើយ​វា​ជា​បទពិសោធន៍​មិនអាច​បំភ្លេចបាន​។ Shinya ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ គេ​ពូកែ​ក្បាច់ ជី​ជិត​ស៊ូ​(jiu-jitsu ) ប៉ុន្ដែ​ខ្ញុំ​ក៏​ខ្លាំង​ខាង​ការពារ និង ចាប់​ដែរ​។ ខ្ញុំ​ដឹងថា​ខ្ញុំ​អាច​គេច​ផុតពី​ការប៉ុនប៉ង​គាប​របស់គេ​»​។ 


 
​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion គូសបញ្ជាក់ថា​៖«​ខ្ញុំ​ស្រេកឃ្លាន​នឹង​ការប្រកួត​។ ការប្រកួត​លើក​ក្រោយ​គឺអាច​ជា​ខ្សែក្រវាត់ World Grand Prix បើសិន ONE ផ្ដល់ឱកាស​។ ខ្ញុំ​ចង់​ប្រកួត​ណាស់ ហើយ​ត្រៀម​ជានិច្ច​សម្រាប់​ឡើង​សង្វៀន ONE ទោះ​ជួប​នរណា​ក៏ដោយ​។ ខ្ញុំ​ជា​គូប្រជែង​កំពូល​ម្នាក់​នាពេល​បច្ចុប្បន្ន សម្រាប់​ប្រភេទ​គីឡូ Featherweight ហើយ​គ្មាន​អ្នកណា​ក្រៅពី​ខ្ញុំ​ទេ​។ ខ្ញុំ​នឹង​ដណ្ដើមយក​ខ្សែក្រវាត់ Featherweight  World Champion មួយទៀត​។ ខ្ញុំ​រង់ចាំ​ប្រកួត​ជាមួយ​ជើង​ខ្លាំង ប្រភេទ​ទម្ងន់ Lightweight និង Featherweight ហើយ​ខ្ញុំ​ជា​អ្នក​គ្រង​តំណែង​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE Championship»​។ 
 
​ជើង​ខ្លាំង​គុន​ចម្រុះ Christian Lee មាន​វ័យ ទើប​២០ ឆ្នាំ ហ្វឹកហាត់​ហាត់​នៅ​ក្លិប​ប្រដាល់ Evolve MMA របស់​សិង្ហ​បុរី​។ គេ​ជា​តារា​លេចធ្លោ​ម្នាក់​ប្រចាំ​សង្វៀន ONE Championship តាំង ពី​ឆ្នាំ ២០១៥ មកម្ល៉េះ​។ គេ​ឡើង​សង្វៀន ONE​បាន​ចំនួន ១៥ ដង​ក្នុងនោះ​ឈ្នះ​រហូតដល់ ១៣ និង ចាញ់​តែ ២ ដង​ប៉ុណ្ណោះ​។ Lee ឈ្នះ ៣ ប្រកួត​ជាប់​គ្នា​នៅ​សង្វៀន ONE ដោយ​ផ្ដួល​កីឡាករ​ជប៉ុន Kazuki Tokudome ត្រឹម​ទឹក​ទី​១, ផ្ដួល​កីឡាករ​ហ្វីលីពីន Edward Kelly នៅ​ទឹក​ទី​១ និង វាយ​ឲ្យ​ជើង​ខ្លាំង​ជប៉ុន Aoki នៅ​ទឹក​ទី​២៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com