សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកកាសែត​ហ្វាំ​ង​ឡង់​ម្នាក់​លេប​អត្ថបទ​ដែល​ខ្លួន​សរសេរ ក្រោយ​រិះគន់​ខុស​លើ​ក្រុមកីឡា​ហុក​គី​
01, Jun 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុមកីឡា​ហុក​គី​ទឹកកក​ជម្រើសជាតិ​ហ្វាំ​ង​ឡង់ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពិភពលោក ក្រោយ​ឈ្នះ​កា​ដា​ណា ៣-១ នៅ​ក្រុង Bratislava ប្រទេស​ស្លូ​វ៉ា​គី​។ ពលរដ្ឋ​ហ្វាំ​ង​ឡង់​នាំគ្នា​អបអរសាទរ​ចំពោះ​ជោគជ័យ​នេះ តែ​លោក Filip Saxen ដែលជា​អ្នកកាសែត ត្រូវ​លុបលាង​នូវ​អ្វីដែល​ខ្លួន​បាន​រិះគន់​មុន​ការប្រកួត តាមរយៈ​ការ​លេប​អត្ថបទ​ដែល​ខ្លួន​សរសេរ​ចូល​ពោះ​។​

 
​លោក Saxen ដែល​បម្រើការ​ឲ្យ​សារព័ត៌មាន​ប្រចាំថ្ងៃ Hufvudstadsbladet បាន​រិះគន់​យ៉ាងខ្លាំង​ទាក់ទង​នឹង​សមាសភាព​ក្រុមកីឡា​ហុក​គី​ទឹកកក​ជម្រើសជាតិ​ហ្វាំ​ង​ឡង់ មុន​ដំណើរ​របស់​ពួកគេ​ទៅកាន់​ក្រុង Bratiaslava​។ លោក​បាន​សរសេរ​ក្នុង​អត្ថបទ​របស់ខ្លួន​ថា ក្រុម​នេះ​ជា​ក្រុម​ដ៏​អន់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ពានរង្វាន់​ពិភពលោក​។ «​ខ្ញុំ​បាន​ទាយ​ថា ខ្លាំង​បំផុត ពួកគេ​អាចឈាន​ត្រឹម​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ប៉ុណ្ណោះ​»​។ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​
 
​មិន​ដូចជា​អ្នកកាសែត​រូបនេះ គិត​នោះឡើយ ក្រុម​ហ្វាំ​ង​ឡង់ បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ប្រទេស​ស្លូ​វ៉ា​គី តាមរយៈ​ការយក​ឈ្នះ​ក្រុម​ខ្លាំង​ជា​បន្តបន្ទាប់ ដូចជា​ស៊ុយអែត រុស្ស៊ី និង​កាណាដា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​លើក​ពាន World Cup លើកដំបូង​ក្រោយ​ខកខាន​៨​ឆ្នាំ​។​
 
​លោក Saxen សុំទោស​នូវ​អ្វីដែល​ខ្លួន បាន​រិះគន់​ខុស​តាមរយៈ​ការ​លេប​អត្ថបទ​កាសែត​ដែល​ខ្លួន​បាន​សរសេរ ហើយ​បង្ហោះ​វីដេអូ​នៅលើ​បណ្តាញ​សង្គម Twitter​។​
 
 
​នេះ​មិនមែនជា​លើកដំបូង​ឡើយ ដែល​អ្នកកាសែត​ពិន័យ​លើ​ខ្លួន​នូវ​អ្វីដែល​សរសេរ​ខុស​។ បន្ទាប់ពី​ជោគជ័យ​ដ៏​ភ្ញាក់ផ្អើល​របស់លោក Donald Trump នា​ការបោះឆ្នោត​ឆ្នាំ​២០១៦ លោក Dana Milbank ក៏​ធ្លាប់​ធ្វើបែបនេះ​ផងដែរ ក្រោយ​លោក​វិភាគ​លទ្ធផល​ខុស​៕
 

Tag:
 ហ្វាំ​ង​ឡង់​
  ហុក​គី​ទឹកកក​
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com