អ្នកកាសែត​ជុំវិញ​ពិភពលោក​បង្ហាញ​កង្វល់ និង​ដំណោះស្រាយ ចំពោះ​ឥទ្ធិពល​បណ្តាញ​សង្គម​
សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកកាសែត​ជុំវិញ​ពិភពលោក​បង្ហាញ​កង្វល់ និង​ដំណោះស្រាយ ចំពោះ​ឥទ្ធិពល​បណ្តាញ​សង្គម​
01, Jun 2019 , 5:30 pm        
រូបភាព
អ្នកសារព័ត៌មាន​មក​ពី​គ្រប់​ទ្វីប​លើ​លោក ជួបជុំគ្នា​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក ២០១៩ (The world Global Media Forum 2019)  នៅ​ទីក្រុង​បុ​ន (Bonn) ប្រទេស​អាល្លឺម៉ង់ ក្រោម​ប្រធានបទ Shifting Powers ដែល​និយាយ​សំដៅ​ទៅលើ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ វាគ្មិន​ជំនាញ​ជាច្រើនរូប​បានធ្វើ​បទ​បង្ហាញ​ទៅលើ​ប្រធានបទ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នាពេល​បច្ចុប្បន្ន​។ ជាពិសេស​ទិដ្ឋភាព​ទូទៅ​ទាក់ទង​នឹង​សារព័ត៌មាន និង​បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង ក្នុងសម័យ​បច្ចេកវិទ្យា​នេះ​។​

 
​អគ្គនាយក​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់ (Deutsche Welle) លោក Peter Limbourg ដែលជា​អ្នកដឹកនាំ​រៀបចំ​វេទិកា​នេះ បាន​និយាយថា ជំនួប​ពិភាក្សា​នេះ នឹង​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន​ពិភាក្សា​ទៅលើ​ឥទ្ធិពល​នៃ​ការ​ប្រឈម​នៃ​សារព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញមតិ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅលើ​ពិភពលោក​។ 
 
​លោក​បាន​លើកឡើងថា​៖«​អ្នកនយោបាយ​ជាច្រើន​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​នៅលើ​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ខ្លួន ដើម្បី​គ្រប់គ្រង​អំណាច ដែល​ធ្វើ​ឲ្យ​សេរីភាព​បញ្ចេញមតិ​ធ្លាក់ចុះ​។ ទន្ទឹមនឹងនេះ​អ្នកកាសែត​ទូទៅ​ពិសេស​អ្នកកាសែត​ក្នុងស្រុក​សុទ្ធតែ​ជួប​ការលំបាក​នានា​(​ព័ត៌មាន​ក្លែងក្លាយ ការចែក​ចាយ​សា​រលើ​បណ្ដាញ​សង្គម ) ដែល​បណ្ដាលមកពី​និន្នាការ​កើនឡើង​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម​នានា​តួយ៉ាង​ដូចជា​ហ្វេ​ស​ប៊ុ​ក យូ​ធូប វត់​អាប់​។​ល​។ ដូច្នេះ​អ្នកកាសែត​ត្រូវការ​អភិវឌ្ឍន៍​ខ្លួន​ជាប្រចាំ​ទើប​ងាយស្រួល​ធ្វើការ ដឹងថា​ព័ត៌មាន​មួយណា​ពិត​មិន​ពិត​ដើម្បី​យកទៅ​ផ្សព្វផ្សាយ​»​។​
 
​អ្នកជំនាញ​ផ្នែក​បណ្ដាញ​សង្គម លោក Jochen Spangenberg ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​បណ្ដាញ​សង្គម តាមរយៈ​ពង្រឹងសមត្ថភាព​ជាប្រចាំ​លើ​ការងារ​វិជ្ជាជីវៈ​មួយ​នេះ​។ សម្រាប់​លោក Jochen ការចុះផ្សាយ​ព័ត៌មាន​ត្រូវ​អនុវត្តតាម​មធ្យោបាយ ក្នុងការ​វិភាគ​ទៅលើ​អត្ថបទ រូបភាព និង​បច្ចេកទេស​ផ្សេងៗ​ទៀត​ក្នុងការ​បញ្ជាក់​ពី​ភាពត្រឹមត្រូវ នៃ​ព្រឹត្តិការណ៍ ឬ​ហេតុការណ៍​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​។ 
 
 
​ក្នុងចំណោម​អ្នកសារព័ត៌មាន​ចូលរួម​ទាំង​ជាង​២០០០​នាក់​នោះ ក៏មាន​អ្នកកាសែត​ខ្មែរ​មួយចំនួន​ចូលរួម​ស្តាប់​និង​សិក្សា​រៀនសូត្រ​ពី​វេទិការ​នេះដែរ​។​អ្នកសារព័ត៌មាន​កម្ពុ​ជា មកពី​កាសែត​ខ្មែរ​ថា​ម​ស៍ (Khmer Times) លោក តាំង វី​ដា  បាន​និយាយថា វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ បានផ្តល់​ជា​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម ក៏ដូចជា​ការប្រកួតប្រជែង​ក្នុង​វិស័យ​សារព័ត៌​មាននៃ​បណ្តា​ប្រទេស​ផ្សេងៗ ដែល​អ្នកសារព័ត៌មាន​កម្ពុជា គប្បី​សិក្សា​ស្វែងយល់ និង​រក្សា​គំនិត​ទាំងនេះ​ទុកជា​ដំណោះស្រាយ​នាពេល​អនាគត ។​
​លោក​ថា​៖ «​វេទិកា​នេះ មាន​សារសំខាន់​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ទទួលបាន​ចំណេះដឹង​ពី​រៀមច្បង​ក្នុង​វិស័យនេះ អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ពួកយើង​កំពុង​ជួបប្រទះ​សម្រាប់​អាជីព​ទៅ​ថ្ងៃមុខ​។ វេទិការ​បាន​ផ្តល់ឱកាស​បង្កើត​ទំនាក់ទំនង​រវាង​អ្នកសារព័ត៌មាន​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​»​។​
 
​ស្របគ្នា​នេះ គ្រូបង្រៀន​ផ្នែក​សារព័ត៌មាន​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ កញ្ញា នូវ ពៅ​លក្ខិណា ដែល​ចូលរួម​កម្មវិធី​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក​នេះ​ជា​លើក​ទី​១​នោះ បាន​និយាយថា​៖« វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​អាចធ្វើ​បច្ចុប្បន្នភាព អំពី​ទំនោរ និង​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ បញ្ហា​នានា​ដែល​អ្នកកាសែត​ជួបប្រទះ  ដូច្នេះ​ខ្ញុំ​អាច​ចែករំលែក​ចំណេះដឹង​ទៅកាន់​សិស្ស​របស់ខ្ញុំ ដើម្បី​រៀបចំខ្លួន​ក្នុងការ​ក្លាយជា​អ្នកកាសែត​ឆ្នើម ក្នុងសម័យ​ឌីជីថល​នេះ​»​។​
 
​នាបច្ចុប្បន្ន​នេះ អ្នកប្រើប្រាស​អ៊ី​ន​ធើ​ណិ​ត មាន​ចំនួន​ប្រមាណ ៣,២ ពាន់​លាន​នាក់ ជុំវិញ​ពិភពលោក ខណៈ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម មាន​ចំនួន​ប្រមាណ​ជាង ៣, ៤៨ ពាន់​លាន​នាក់​។ ក្នុងនោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ប្រមាណ​ជាង ១​លាន ត្រូវបាន​បង្កើតជា​រៀងរាល់ថ្ងៃ​។ នេះ​បើ​យោងតាម​អ្នកជំនាញ​ផ្នែក​ព័​ត៌​វិទ្យា​ធ្វើ​បទ​បង្ហាញ​ក្នុង​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក​ឆ្នាំ ២០១៩៕
 
 
 

Tag:
 កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com