លោក សុវណ្ណ ពិសិដ្ឋ​៖ កម្ពុ​ជាមាន​សក្ដានុពល​លើ​វិស័យ​ផ្ដៅ​-​ឫស្សី
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក សុវណ្ណ ពិសិដ្ឋ​៖ កម្ពុ​ជាមាន​សក្ដានុពល​លើ​វិស័យ​ផ្ដៅ​-​ឫស្សី
01, Jun 2019 , 10:59 pm        
រូបភាព
 ភ្នំពេញ​៖ រដ្ឋាភិបាល​កំពុងដំណើរកា​រ​នីតិវិធី​បញ្ចូល​កម្ពុជា ទៅជា​សមាជិក​អង្គការ​បណ្តាញ​អន្តរជាតិ​ឫស្សី និង​ផ្ដៅ ដើម្បី​លើកស្ទួយ​វិស័យនេះ​។ បើតាម​ប្រធាន​សមាគម​ផ្ដៅ​ឫស្សី​កម្ពុជា លោក សុវណ្ណ ពិសិដ្ឋ កម្ពុជា​ពិតជា​មាន​សក្ដានុពល​ផ្នែក​នេះ​ប្រាកដ​មែន ដោយ​ឫស្សី និង​ផ្ដៅ ដែលជា​វត្ថុធាតុដើម សម្រាប់​កែច្នៃ​ទៅជា​គ្រឿងសង្ហារិម​ផ្សេងៗ មាន​នៅតាម​បណ្ដា​ខេត្ត​ទូទាំងប្រទេស តែ​ការយកមក​កែច្នៃ​នៅ​តិចតួច​នៅឡើយ​។ លោក ពិសិដ្ឋ ប្រាប់ថា ផលិតផល​ធ្វើ​ពី​ផ្ដៅ ឫស្សី កាន់តែ​ពេញនិយម ពិសេស​ការប្រើប្រាស់​ក្នុង​គេហដ្ឋាន ហាង​កាហ្វេ ភោជនីយដ្ឋាន សណ្ឋាគារ និង​រមណីយដ្ឋាន​ជាដើម​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ លោក ពិសិដ្ឋ អះអាងថា អ្នក​ប្រក​បរបរ​ក្នុង​វិស័យនេះ​ប្រឈម​បញ្ហា​ខ្លះ ដូចជា​ការ​ទាញ​ផល និង​ចរាចរ​ផ្ដៅ​ឫស្សី ត្រូវសុំ​លិខិតអនុញ្ញាត​ក្នុង​លក្ខខណ្ឌ ដូច​ឈើ​ដែរ ដែល​លោក​សុំ​ឲ្យ​មានការ​បន្ធូរបន្ថយ​។​


​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សុវណ្ណ ពិសិដ្ឋ ប្រធាន​សមាគម​ផ្ដៅ​ឫស្សី​កម្ពុជា ដូចតទៅ​នេះ​៖




 
​បើតាម​លោក សុវណ្ណ ពិសិដ្ឋ សមាគម​ផ្ដៅ​ឫស្សី​កម្ពុជា​នេះ មាន​សមាជិក និង​បណ្ដាញ ទាំង​សិប្បកម្ម​កែច្នៃ សហគមន៍​តាម​មូលដ្ឋាន និង​ដៃគូ​សហការ​ជា​អង្គការ​អន្តរជាតិ​ជាដើម​។ លោក​ប្រាប់ថា ពីមុន​សមាគម​នេះ​គ្របដ​ណ្ដា​ប់​៦​ខេត្ត តែដោយសារ​ខ្វះ​ថវិកា​សមាគម​នេះ​បាន​ចងក្រង​សហគមន៍​តែ​នៅ​ខេត្ត​ចំនួន​៣​ប៉ុណ្ណោះ ដែល​រួមមាន​ខេត្ត​កោង​កុង ព្រះសីហនុ និង​ខេត្តកំពត​។ បណ្ដាញ​សហគមន៍​ក្នុង​បី​ខេត្ត​នេះ មាន​វិសាលភាព​លើ​ផ្ទៃដី​ជាង​៨​ពាន់​ហិកតា ដែល​អាចដកហូត​ផ្ដៅ​ឫស្សី​ប្រមាណ​ជាង ៣០០០​តោន​ក្នុង​មួយឆ្នាំ តែ​លោក ពិសិដ្ឋ ឲ្យ​ដឹង​សមាគម​ទើបតែ​អាច​ទាញ​ផល​បាន ៣០០​តោន​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​។ លោក សុវណ្ណ ពិសិដ្ឋ អះអាងថា សមាគម​នេះ​មាន​បញ្ចេ​ក​ទេស​ដកហូត​អនុផល​ផ្ដៅ​ឫស្សី ដើម្បី​ធានា​និរន្តរភាព​របស់​វា​មិន​ឲ្យ​បាត់បង់​។​
 
​មិនមែន​មានតែ​សមាគម​នេះ​មួយ​នោះទេ​នៅ​កម្ពុជា​សម្រាប់​វិស័យ​ផ្ដៅ​ឫស្សី លោក ពិសិដ្ឋ ឲ្យ​ដឹងថា មានការ​ចងក្រង​ជា​សហគមន៍ ឬ​អង្គរ​ការធ្វើការ​ពាក់ព័ន្ធ​ផ្នែក​នេះ​មួយចំនួនទៀត​។​
​កម្ពុជា​ជិត​ក្លាយជា​សមាជិក​អង្គរ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្ដៅ នៅពេល​ខាងមុខ​។ លោក សុវណ្ណ ពិសិដ្ឋ សាទរ​ការ​វិវឌ្ឍន៍​នេះ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​បើ​កម្ពុជា​អាច​ចូលក្នុង​អង្គការ​ដែល​អាច​ជំរុញ​ការនាំចេញ ឬ​បច្ចេកទេស​បាន យើង​ក៏​សប្បាយចិត្ត ព្រោះ​សមាគម​យើង​នៅតែ​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​របស់​សិប្បកម្ម​នីមួយៗ​។ បញ្ហា​មួយចំនួន​គឺ​នៅ​មិនទាន់​ដោះស្រាយ តែ​យើង​នៅតែ​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ជួយ​សម្រួល​ការកែច្នៃ និង​នាំចេញ​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច និង​ផលិត​សម្រេច​ចេញពី​ផ្ដៅ​ឫស្សី​»៕
 

Tag:
 ផ្ដៅ ឫស្សី​
  សុវណ្ណ ពិសិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com