ខេត្តបាត់ដំបង​៖ វិស័យ​អចលនទ្រព្យ​ដើរ​យឺត​បន្តិច ប៉ុន្តែ​មាន​សក្តានុពល​ខ្លាំង​ផ្នែក​ពាណិជ្ជកម្ម​
ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ខេត្តបាត់ដំបង​៖ វិស័យ​អចលនទ្រព្យ​ដើរ​យឺត​បន្តិច ប៉ុន្តែ​មាន​សក្តានុពល​ខ្លាំង​ផ្នែក​ពាណិជ្ជកម្ម​
02, Jun 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
ខេត្តបាត់ដំបង មាន​ផ្ទៃដី​ចំនួន ១១,៧៤៨ គីឡូ​មែត្រ​ការ៉េ និង​មាន​ប្រជាជន​ចំនួន ១,២៨៣,២២៣​នាក់​។ រាជរដ្ឋាភិបាល មានបំណង​ប្រែក្លាយ​ខេត្ត​នេះ​ឲ្យ​ទៅជា​តំបន់ សេដ្ឋកិច្ច​ស្នូល​ត្រឹម​ឆ្នាំ​២០៣០​។​​អ្នកតំណាង​របស់​ក្រុមហ៊ុន ឃី រៀល អ៊ី​ស្ទេ​ត ប្រចាំខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា ខេត្តបាត់ដំបង​មាន ការអភិវឌ្ឍន៍​លើ​ផ្នែក​អចលនទ្រព្យ​គួរ​ឲ្យ​កត់សម្គាល់​ដែរ ប៉ុន្តែ​ហាក់​នៅមាន​ភាពយឺតយ៉ាវ​ជាង​តំបន់​ដទៃ ប៉ុន្តែ​ខេត្ត​នេះ​មាន​សក្តានុពល​សម្រាប់​ពាណិជ្ជកម្ម នៅពេល​អនាគត​។


​ផែនការអភិវឌ្ឍន៍​ដី​ខេត្តបាត់ដំបង​ដី​នៅក្នុង​ខេត្តបាត់ដំបង ត្រូវបាន​បែងចែក​ជា ៥ តំបន់​ផ្សេងគ្នា​ដូចជា នគរូបនីយកម្ម​, តំបន់កសិកម្ម​, តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​, តំបន់​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ និង​សមាហរណកម្ម​ចម្រុះ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ ស្តីពី​ការដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​រៀបចំ​ដែនដី ខេត្តបាត់ដំបង​។ 
 
​ស្ថានភាព​វិស័យ​ទេសចរណ៍ និង​វិស័យ​សណ្ឋាគារ​ដោយសារតែ​ជា​ខេត្ត​ដែល​សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍ ទាំង​តំបន់​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដូចជា​សំណង់​ប្រវត្តិសាស្ត្រ រូង​ប្រចៀវ និង​រថភ្លើង​ឫស្សី ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​។ កំណើន​ទេសចរ​នេះ បានធ្វើ​ឲ្យ​វិស័យ​បដិសណ្ឋាកិច្ច ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ មានការ​រីកលូតលាស់​យ៉ាងខ្លាំង ដើម្បី​បំពេញតម្រូវការ​ផ្នែក​ទេសចរណ៍​។ 
 
​ជាក់ស្តែង តម្លៃ​បន្ទប់​ដែល​ខ្ពស់បំផុត​នៅ​ខេត្តបាត់ដំបង ដែលមាន​ប្រដាប់​ទៅដោយ​បរិក្ខារ​ដូចជា អាង​ហែល​ទឹកជា​ដើម មានតម្លៃ​ពី ៨០​ដុល្លារ ទៅ ១២០​ដុល្លារ ហើយ​តម្លៃ​កណ្តាល​មាន​ពី ៣០​ដុល្លារ ទៅ ៧០​ដុល្លារ​ក្នុង​មួយ​យប់​។​
 
​ទោះយ៉ាងណា​ក៏ដោយ ភ្ញៀវទេសចរ ក៏​អាច​រកបាន​នូវ​បន្ទប់​ដែលមាន​តម្លៃ​ត្រឹមតែ ១០ ដុល្លារ​ផងដែរ​។​
​ដូច្នេះ គេ​រំពឹងថា ផែនការអភិវឌ្ឍន៍​ក្រុង នឹងធ្វើ​ឲ្យ​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ រីកមុខ​មាត់​ថ្មី ដោយ​វា​ជាការ​លើកទឹកចិត្ត ដល់​អ្នកវិនិយោគទុន​លើ​សណ្ឋាគារ​ទំនើប ឲ្យ​បោះទុន​ប្រកប​អាជីវកម្ម ក្នុង​តំបន់​នោះ​ផងដែរ​។ ជា​ភ័​ព្ទ​សំណាងល្អ ភ្ញៀវទេសចរ​កាន់តែច្រើន​ឡើង​បាន និង​កំពុងតែ​ជ្រើស​រើសយក​ប្រទេស​កម្ពុជា ជា​គោលដៅ​កម្សាន្ត ហើយ​គម្រោង​ផែនការ​អភិឌ្ឍន៍​នេះ នឹង​ផ្លាស់ប្តូរ​មុខមាត់​ខេត្តបាត់ដំបង នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បន្ថែមទៀត​នោះ គឺ​អចលនទ្រព្យ​នៅ​ខេត្តបាត់ដំបង នឹងមាន​ការប្រែប្រួល​ខ្លាំង​ផងដែរ​។ ទស្សនវិស័យ​នៃ​ផែនការអភិវឌ្ឍន៍​នេះ នឹង​ជា​កាតាលីករ​ជំរុញ​ឲ្យ​មានការ​បោះទុន​វិនិយោគ​ចូលក្នុង​ខេត្ត​នេះ ដោយសារតែ​តែ​តំបន់​នេះ មាន​អំណោយផល​លើ​គ្រប់​វិស័យ រាប់​ចាប់តាំងពី​វិស័យ​ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​។ ថ្មីៗ​នេះ ក្រុមហ៊ុន​ចិន​បាន​បន្ថែម​ទុន​បន្ថែម​នៅក្នុង​ខេត្តបាត់ដំបង​ផងដែរ​។ 
 
​តម្លៃ​អចលនទ្រព្យ​ទាក់ទង​នឹង​តម្លៃ​ដី​វិញ តំណាង​ភ្នាក់ងារ​វាយតម្លៃ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន ឃី រៀល អ៊ី​ស្ទេ​ត ប្រចាំខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា​ដី​នៅក្នុង​ខេត្តបាត់ដំបង ចាប់ផ្តើម​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ជាក់ស្តែង ដី​នៅ​កណ្តាល​ក្រុង​តំបន់​មាន​សក្តានុពល​ដូចជា សង្កាត់​ស្វាយប៉ោ គឺមាន​តម្លៃ​ចន្លោះ​ពី ២,៤០០​ដុល្លារ ទៅដល់ ៤,០០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈដី​ចេញ​ក្រៅ​ក្រុង មានតម្លៃ​ជា​មធ្យម​ចាប់ពី ១០០ ដុល្លារ ទៅ ៣០០​ដុល្លារ ក្នុង​មួយ​មែត្រ​ការ៉េ​។​
 
​នៅ​ខេត្តបាត់ដំបង មានផ្ទះ​វីឡា​ច្រើន ចាប់ពី​វីឡា​ធម្មតា រហូតដល់​ផ្ទះ​វីឡា​ប្រណិត ដែលមាន​ទំហំ​ផ្សេងៗ​គ្នា ដែល​ភាគច្រើន​ស្ថិតនៅតាម​ជាយក្រុង​។ ចំពោះ​វីឡា​ខ្នាតតូច មានតម្លៃ​ចាប់ពី ៥០,០០០​ដុល្លារ ចំណែក​វិឡា​ខ្នាត​ធំ​វិញ គឺមាន​តម្លៃ​រហូតដល់ ៦០០,០០០​ដុល្លារ​។ លើសពី​កន្លែង​ស្នាក់នៅ​ធម្មតា ជាទូទៅ​ផ្ទះ​វីឡា​ទាំងនេះ ត្រូវបាន​គេ​ប្រើ​ជា​ការិយាល័យ​ការងារ និង​មួយចំនួនទៀត​ជា​ផ្ទះ​លម្ហែ​៕
 
 

Tag:
 បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com