លោក លី សៀន​ឡុង ប្រាប់​អាមេរិក​និង​ចិន កុំ​បង្ខំ​ឲ្យ​រដ្ឋ​តូចតាច​ជ្រើស​រើសយក​ម្ខាង​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក លី សៀន​ឡុង ប្រាប់​អាមេរិក​និង​ចិន កុំ​បង្ខំ​ឲ្យ​រដ្ឋ​តូចតាច​ជ្រើស​រើសយក​ម្ខាង​
02, Jun 2019 , 7:39 pm        
រូបភាព
លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ថ្លែងក្នុងវេទិកាសន្តិសុខ Shangri-La  កាលពីថ្ងៃទី ៣១ ឧសភា ឆ្នាំ២០១៩ (ប្រភពរូប៖ Xinhua)
លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ថ្លែងក្នុងវេទិកាសន្តិសុខ Shangri-La កាលពីថ្ងៃទី ៣១ ឧសភា ឆ្នាំ២០១៩ (ប្រភពរូប៖ Xinhua)
​រម្លឹក​ពី​ប្រវត្តិសាស្ត្រ​អំឡុងពេល​អាណានិគម​ដ៏​ជូរចត់ ដែល​បានអូសបន្លាយ​ជិត ពីរ​សតវត្ស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​ប្រាប់​វេទិកា​សន្តិសុខ​ដ៏​ធំ​ប្រចាំឆ្នាំ​របស់​តំបន់​អាស៊ី​ថា បណ្តា​ប្រទេស​តូចតាច នឹង​ពុំ​ចង់​ទទួលរង​នូវ​សម្ពាធ​ពី​សំណាក់​ប្រទេស​មហាអំណាច ឲ្យ​ជ្រើស​រើសយក​ម្ខាង​ណាមួយ​ឡើយ ។ ការលើកឡើង​របស់​មេ​ដឹកនាំ​រូបនេះ ធ្វើឡើង​ខណៈ​ភាព​តានតឹង​រវាង​ចិន និង​សហរដ្ឋអាមេរិក​កំពុង​កើនឡើង​ឥតឈប់ឈរ​ទាំង​ផ្នែក​សន្តិសុខ និង​ពាណិជ្ជកម្ម​។​

​ថ្លែង​នៅមុខ​ប្រតិភូ​ជាង​៦០០​នាក់ មកពី​បណ្តា​ប្រទេស​ជាង ៤០ ក្នុង​វេទិកា​កិច្ចសន្ទនា Shangri-La កាលពី​ថ្ងៃ​សុក្រ​ទី ៣១ ខែឧសភា លោក លី សៀន​ឡុង គូសបញ្ជាក់​បែបនេះ​៖«​ខ្ញុំ រ៉ាយរ៉ាប់​ពី​ប្រវត្តិសាស្ត្រ​នេះ គឺ​ដើម្បី​បង្ហាញថា តំបន់​អាស៊ីអាគ្នេយ៍​យើង​នេះ ពុំមែន​ជាទី​តាំង​ថ្មី​នោះទេ​សម្រាប់​ល្បែង​នយោបាយ​របស់​ពួក​មហាអំណាច ហើយ​មួយទៀត គឺ​ដើម្បី​ផ្តល់​ទស្សនៈ​ប្រវត្តិ​សា​ស្ត​ខ្លះៗ ក្នុង​គោលដៅ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​យុទ្ធសាស្ត្រ​នាពេល​បច្ចុប្បន្ននេះ​»​។ 
 
​ទំនងជា​សំដៅលើ កម្មវិធី​អភិវឌ្ឍន៍​ធំៗ​ក្នុង​តំបន់ រួមមាន គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​យក្ស គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ចិន និង​យុទ្ធសាស្ត្រ «​ឥណ្ឌូ​ប៉ាស៊ីហ្វិក សេរី និង​បើកចំហ​» របស់​សហរដ្ឋអាមេរិក លោក លី សៀន ឡុង លើកឡើងថា គម្រោង និង​គំនិត​ផ្តួចផ្តើម​ទាំងនេះ គួរតែមាន​កម្មវត្ថុ ជួយ​ពង្រឹង ពុំមែន​បំបែកបំបាក់ ចំណងទាក់ទង​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​នោះឡើយ​។ 
 
​តាម​ការចុះផ្សាយរ​ប់ក​កាសែត​ហុងកុង South China Morning Post កូនប្រុស​បង្កើត​របស់​លោក លី ក្វាង​យូ បិតា​ស្ថាបនិក​សិង្ហ​បុរី​ទំនើប គូសបញ្ជាក់ថា ប្រទេស​មហាអំណាច​ដែល​ដឹកនាំ​គម្រោង​អភិវឌ្ឍន៍​ទាំងនេះ ពុំគួរ​បង្ខំ​ឲ្យ​មានការ​បង្កើត​ប្លុក​ប្រជែង​គ្នា និង​ដាក់​សម្ពាធ​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក ជ្រើសរើស​ម្ខាង​ណាមួយ​ឡើយ​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ឆ្លើយ​នឹង​សំណួរ​របស់​ប្រតិ​តូ​ជាន់ខ្ពស់​របស់​ចិន ជុំវិញ​ជំហរ​រាប់អាន​មិត្ត​ជាមួយ​ប្រទេស​មហាអំណាច​របស់​សិង្ហ​បុរី លោក លី សៀន​ឡុង តប​វិញ​ថា បុរី​រដ្ឋ​សិង្ហ​បុរី នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​មិត្ត​ល្អជា​មួយ​ភាគី​ទាំងពីរ​។ ត្រង់នេះ លោក​លី ចង់​សំដៅលើ​សហរដ្ឋអាមេរិក និង​ចិន​។ ប៉ុន្តែ​ដើម្បី​ជៀសវាង​ការប្រកាន់យក​ខាង​ណាមួយ​នោះ លោក លី ទទូច​ឲ្យ​ប្រទេស​មហាអំណាច​ទាំងពីរ​កុំ​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋ​តូចតាច​ទៀត​។
 
​សូមបញ្ជាក់ថា វេទិកា​កិច្ចសន្ទនា Shangri-La ជា​វេទិកា​ធំ​បំផុត​ប្រចាំឆ្នាំ​របស់​តំបន់​អាស៊ី ដែល​ផ្តោតលើ​បញ្ហា​សន្តិសុខ ។ វេទិកា​រយៈពេល​៣​ថ្ងៃនេះ ពោល​ចាប់ពី​៣១ ខែឧសភា ដល់​ថ្ងៃទី ២ ខែមិថុនា ត្រូវបាន​រៀបចំឡើង​រួមគ្នា​រវាង រដ្ឋាភិបាល​សិង្ហ​បុរី និង​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ ក្នុង​សណ្ឋាគារ Shangri-La នៃ​ប្រទេស​សិង្ហ​បុរី​។ 
 
​ក្នុងឆ្នាំនេះ គណៈប្រតិភូ​របស់​ចិន​អញ្ជើញ​ចូលរួម​វេទិកា​នេះ បាន​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក​ឧ​ត្ត​ម​សេនីយ៍  Wei Fenghe ដែលជា​តំណាង​កម្រិត​ខ្ពស់បំផុត​របស់​ក្រុង​ប៉េកាំង ចាប់តាំងពី​ឆ្នាំ​២០១១​មក ។ ចំណែក រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាមេរិក លោក Patrick Shanahan បាន​ដឹកនាំ​គណៈប្រតិភូ​អាមេរិក​៕
 
 

Tag:
 សិង្ហ​បុរី​
  លី​សៀន​ឡុង​
  សហរដ្ឋអាមេរិក​
  ចិន​
  អាស៊ីអាគ្នេយ៍​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com