ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តា​វ័យ​៧២​ឆ្នាំ​ខំ​ជិះ​កង់​១២១​គីឡូម៉ែត្រ​មក​លក់​នំ​អង្ករ​បំពង​នៅ​ភ្នំពេញ​ដើម្បី​ជីវភាព​
03, Jun 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ លោកតា គាំ ឈឿន ដែលមាន​វ័យ​៧២​ឆ្នាំ តស៊ូ​ជិះ​កង់​ពី​ស្រុក​កញ្ជ្រៀច​ខេត្តព្រៃវែង ដែលមាន​ចម្ងាយ​ផ្លូវ​ប្រមាណ​១២១​គីឡូម៉ែត្រ យកនំ​អង្ករ​បំពង​មក​លក់​នៅ​រាជធានី​ភ្នំពេញ​។ ត្រូវ​ចេញដំណើរ​ពី​ម៉ោង​ប្រហែល​១​អធ្រាត្រ ហើយ​ប្រហែល​ម៉ោង​១២​ថ្ងៃត្រង់​ទើប​លោកតា​ជិះ​កង់​មកដល់​ភ្នំពេញ​។ បាន​ប្រាក់ចំណេញ​តិច ចំណាយ​កម្លាំង​ច្រើន និង​ត្រូវ​ចាយវាយ​ក្បិតក្បៀត តែ​លោកតា ឈឿន ដាច់ខាត​មិន​លើកដៃ​សូមទាន​គេ​ឡើយ​។ ទោះជា​យ៉ាងណា​របរ​សុច្ចរិត​មួយ​នេះ អាចជួយ​ជីវភាព​លោកតា​ខ្លះ​ដែរ​។​


​លោក​អ្នកនឹង​បានដឹង​ពី​ដំណើរ​ជីវិត​ខ្លះៗ​របស់​លោកតា គាំ ឈឿន តាមរយៈ​ជីវ​ព័ត៌មាន​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ខាងក្រោម​នេះ ៖



ពាក់អាវ​ស​ក្រឡា​ឆ្នូត​ខ្មៅ​ល្អិត ដែល​ប្រែ​ពណ៌​ជា​ប្រផេះ​ដោយសារ​ធូលី​ដីកា​ន់ ព្រោះតែ​ការប្រើប្រាស់​រយៈពេល​យូរ នោះ​គឺ​លោកតា គាំ ឈឿន​។ ឈប់​កង់​នៅមុខ​ផ្ទះ​វិឡា​ដ៏​ស្រស់ស្អាត​មួយ ហំ​ព័ទ្ធ​ដោយ​របង​ខ្ពស់ ដើម្បី​សម្រាក​យក​កម្លាំង​បន្តិច មុននឹង​ទាញ​កង់​ទៅ​លក់​នំ​បន្ត បុរស​ចំណាស់​រូបនេះ​មាន​អាយុ ៧២​ឆ្នាំ​ហើយ​។ ក្រៅពី​អ្នកភូមិ​របស់​លោកតា ប្រហែលជា​មិនមាន​អ្នកណា​ដឹង​ឡើយ ថា​លោកតា​មកពី​ខេត្ត​ណា ហើយ​ថា​តើ​លោកតា​ជិះ​កង់​ចម្ងាយ​ផ្លូវ​ប៉ុន្មាន​គីឡូម៉ែត្រ មក​លក់​នំ​នៅ​រាជធានី​ភ្នំពេញ បើ​គេ​មិន​ចូលទៅ​សួរ​លោក​នោះ​?
 
​ប្រហែល​១២១​គីឡូម៉ែត្រ​ពី​ស្រុក​កញ្ជ្រៀច​ខេត្តព្រៃវែង​ឆ្ពោះ​មក​ភ្នំពេញ លោកតា គាំ ឈឿន ត្រូវ​ចេញដំណើរ​ពី​ផ្ទះ​របស់ខ្លួន​ដោយ​ជិះ​កង់​ដឹក​នំ​អង្ករ​បំពង​ប្រមាណ​២​រយ​ថង់​ធំ  នា​ម៉ោង​ប្រហែល​១​អធ្រាត្រ ហើយ​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​ទើប​មកដល់​រាជធានី​។ លោក​បន្ថែម ៖«​មក​តាមផ្លូវ​បើ​មិនសូវមាន​អ្នកទិញ​ទេ មកដល់​ភ្នំពេញ​ពី​ព្រឹក វា​មិន​ទៀង​។ ក្រោក​មក​ពេលយប់​បែបនេះ ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដែរ តែ​ចេះតែ​ផ្សងព្រេង​ទៅ​»​។​
 
​ទទូរ​ក្រមា​ក្រហម​ឆ្នូត​ខ្មៅ ឈរ​សម្រាក​ក្រោម​ដើមឈើ​តាម​ដងផ្លូវ​តូច​មួយ​ជាប់​របង​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វត្ថ ប៉ែក​ខាងត្បូង កសិករ​ចំណាស់​រូបនេះ​ឆ្លៀតពេល​ទំនេរ​ពីរ​បរ​ធ្វើស្រែ មក​លក់​នំ​អង្ករ​បំពង​ក្រែង​បាន​ចំណូល​ខ្លះ​។ «​ពេល​ស្រូវ​ដុះ​ខ្ញុំ​ទៅ​ថែ​៤​ទៅ​១០​ថ្ងៃ រួចមក​លក់​នំ​វិញ​។ ខ្ញុំ​ធ្វើ​តែ​ស្រូវវស្សា​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​តា ឈឿន​។​
 
​ព្រោះតែ​កូន​ទាំង​៣​របស់​លោកតា​មានគ្រួសារ បែក​ទៅ​នៅ​ស្រុក​ឆ្ងាយ ហើយ​ប្រពន្ធ​ក៏បាន​ស្លាប់​ដោយសារ​ជំងឺ​ប្រមាណ​ជិត​១០​ឆ្នាំ​ទៅហើយ​ទៀត​នោះ លោកតា ឈឿន ត្រូវ​តស៊ូ​រកប្រាក់ និង​មើលថែ​ខ្លួន​តែម្នាក់ឯង​។ លោក​រៀបរាប់​ខណៈពេល​ចរាចរណ៍​កំពុង​មមាញ​ញឹក ៖«​កន្លែង​គេ​ធ្វើ​នំ​នៅ​ស្រុក​កញ្ជ្រៀច​នេះ​តែម្ដង​។ ទិញ​ពី​គេ​មក​មួយថង់​តូច​តម្លៃ​១,៨០០​រៀល​។ ដូច្នេះ​ក្នុង​មួយថង់​ចំណេញ​បាន​ប្រាក់​២០០​រៀល​»​។​
  
 
​ត្រូវ​ជួល​បន្ទប់​នៅ​ភ្នំពេញ​ក្នុង​មួយ​យប់​៤,០០០​រៀល បុរស​មកពី​ខេត្តព្រៃវែង​រូបនេះ ត្រូវ​សម្រាក​នៅ​រាជធានី​៣​ថ្ងៃ​ដើម្បី​លក់​នំ​ឱ្យអស់ ទើប​ទៅ​ស្រុក​យកនំ​ថ្មី​មក​លក់​បន្តទៀត នេះ​បើតាម​លោកតា ឈឿន ៖«​ខ្ញុំ​លក់​នំ​នេះ​២​ថ្ងៃ​ទើប​អស់​។ បាន​ចំណេញ​តិចតួច​ហ្នឹង​។ ខ្ញុំ​ត្រូវ​នៅ​ភ្នំពេញ​៣​ថ្ងៃ ទើប​ចុះទៅ​ស្រុក​យកនំ​មក​លក់​ទៀត​»​។ 
 
​ទោះជា​យ៉ាងណា លោកតា​មិនអាច​យកនំ​មក​លក់​ច្រើន​ក្នុងពេល​តែម្ដង​នោះឡើយ​៖«​ខ្ញុំ​យកនំ​មក​លក់​អស់​ត្រឹម​១០០​ជាង ឬ​២០០​ថង់​។ បើ​យកមក​ច្រើនពេក វា​ទន់​លក់​មិនកើត​ទេ​»​។ 
​ថ្វី​ដ្បិត​ត្រូវ​ហត់​បន្តិច​ដោយ​ការ​ជិះ​កង់​ឆ្ងាយ តែ​លោកតា​មិនបាន​ត្អូញត្អែរ​ឡើយ​។ មានប្រសាសន៍​ទាំង​ញញឹម​ផង លោ​កថា​របរ​នេះ​លក់ដាច់​គ្រាន់បើ​ដែរ បើទោះបីជា​បច្ចុប្បន្ន​មាន​នំ​សម្បូរបែប និង​ពេញនិយម​ច្រើន​ក៏ពិតមែន​។ លោកតា​បញ្ជាក់​៖«​ចេះតែ​ដើរ​លក់​ទៅ ថ្ងៃ​ខ្លះ​ក៏​លក់ដាច់ ហើយ​ថ្ងៃ​ខ្លះ​ក៏​លក់​មិន​ដាច់​។ ជួនកាល​អ្នកជិះ​ឡាន​គេ​ជួយ​ទិញ​១​ថង់​ឬ​២​ថង់​ធំ​ដែរ​។ ក្នុង​មួយថង់​ធំ​មាន​១០​ថង់​តូច ហើយ​ក្នុង​មួយថង់​តូច​តម្លៃ​២,០០០​រៀល​»​។​
 
​ជិះ​កង់​ដឹក​នំ​លក់​ស្ទើរតែ​ពាក់កណ្ដាល​ក្រុងភ្នំពេញ ពី​ផ្សារ​ថ្មី​ទៅជិត​ព្រះបរមរាជវាំង បត់​ទៅ​ផ្សារ​អូរឫស្សី រួច​ក៏​ទៅ​ផ្សារ​អូឡាំពិក និង​ទៅ​ផ្លូវ​ជាច្រើន​ទៀត ក្នុង​មួយថ្ងៃ​លោក​អាច​លក់​នំ​អស់​ប្រហែល​៥០​កញ្ចប់​ធំ​។ មុខរបរ​លក់​នំ​អង្ករ​នេះ​មិន​ទៀតឡើយ បើសិនជា​លក់​ឆាប់​អស់ ក៏​ឆាប់​បាន​ចូល​ផ្ទះ​សម្រាក តែបើ​លក់​មិនសូវ​ដាច់​ក៏​យូរ​ទៅតាម​នោះដែរ​។ លោកតា ឈឿន បន្ថែម​ទាំង​ដៃ​កាន់​ថង់​នំ​៖«​លក់​អស់​ពេលណា ខ្ញុំ​ចូល​ផ្ទះ​ពេលនោះ​។ ពេលខ្លះ​លក់​អស់ម៉ោង​៧​ឬ​ម៉ោង​៨​យប់ មិន​ទៀងទេ​»​។​
 
​របរ​តូចតាច​ដែល​បាន​ប្រាក់ចំណេញ​តិចតួចស្ដួចស្ដើង​នេះ បាន​បង្ខំ​ឱ្យ​បុរស​កូន​៣​រូបនេះ​ខំ​ចាយវាយ​ក្បិតក្បៀត ទើប​អាច​ផ្សំ​ប្រាក់​ទុក​ចំណាយ​គ្រា​ចាំបាច់​បាន ៖«​ក្នុង​មួយថ្ងៃ​ខ្ញុំ​ទិញ​អាហារ​អស់​១០,០០០​រៀល​។ ៣​ថ្ងៃនេះ​ខ្ញុំ​ចំណេញ​បាន​៦០,០០០​ដែរ តែ​ចំណាយ​លើ​អាហារ​អស់ ៣០,០០០​រៀល ដូច្នេះ​សល់​ប្រាក់​តែ ៣០,០០០​រៀល​ទេ​។ ខ្ញុំ​ចាយ​ល្មមៗ​ទេ បើ​កន្លែង​លក់​បាយ​ណា​ថ្លៃ​ពេក លើក​ក្រោយ​ខ្ញុំ​មិន​ចូល​ទៀត​ទេ តែបើ​កន្លែង​ណា​សមល្មម​ខ្ញុំ​ចូល​ទៀត​»​។​
 
​ទោះជា​យ៉ាងណា​ថ្ងៃ​ខ្លះ​លោកតា ក៏​ទទួលបាន​អាហារ​និង​ទឹក​ពី​ជន​សប្បុរស​ដែរ ៖«​អ្នកជិះ​ឡាន​គេ​ជូន​បាយ​១​ប្រអប់ ត្រីខរ​២​កំប៉ុង និង​ទឹក​សុទ្ធ​៧​ដប​។ យូរៗ​មាន​គេ​ឱ្យ​ម្ដង​»​។  
​មាន​ដីស្រែ​២​ហិកតា​សម្រាប់ធ្វើ​ស្រូវវស្សា លោកតា ឈឿន ក្នុង​វ័យ​៧២​ឆ្នាំ ដែល​កំពុង​ឈរ​កាន់​កង់​ខ្មែរ​រាង​ចាស់​បន្តិច​ទៅហើយនោះ លោក​មិនអាច​រស់​ដោយ​ពឹង​កូន​ឬ​ជន​ណាមួយ​បានឡើយ​។ បាន​យល់ច្បាស់​ពី​ទ្រឹស្ដី​ព្រះពុទ្ធសាសនា ថា​មនុស្ស​គ្រប់រូប​មានខ្លួន​ជាទី​ពឹង​នោះឯង ទើប​លោក​តស៊ូ​ដោយ​ខ្លួនឯង​ដើម្បី​ជីវិត​នេះ​។ 
 
​លោកតា​រៀបរាប់​ពី​អារម្មណ៍​របស់ខ្លួន​បែបនេះ ៖«​យើង​ទៅ​រំពឹង​អ្នកណា​? ពឹង​កូន​បានតែ​ម្ដងៗ គេ​ប្រឹងរក​ខ្លួនគេ​ដែរ​។ អ្នកណា​គេ​មកឱ្យ​យើង​រាល់ថ្ងៃ​? មិនមែន​ដូច​យើង​ចិញ្ចឹម​វា​ឯណា​»​។ 
​ទោះជា​រកប្រាក់​បាន​ដោយ​លំបាក​យ៉ាងណាក្ដី តែ​លោក​មិន​លើកដៃ​សុំ​ប្រាក់​គេ​ដោយ​ទទេៗ​ជាដាច់ខាត ៖«​ខ្ញុំ​ដើរ​លក់​បែបនេះ​គេ​ចូលចិត្ត​គេ​អាណិត​ខ្ញុំ​ជាង​។ ខ្ញុំ​លើកដៃ​សូមទាន​គេ​មិន​រួច​ទេ មនុស្ស​មាន​ដៃ​មាន​ជើង​ប៉ុណ្ណឹង​ដែរ​។ ដើរ​រើស​តែ​អេតចាយ​លក់​ក៏បាន​ប្រាក់​ដែរ​»​។ 
 
​លោកតា គាំ ឈឿន ជា​មនុស្ស​ក្រីក្រ​និង​សាមញ្ញ​ម្នាក់ តែ​លោក​បានផ្ដល់​គំរូ​ល្អ​ដល់​មនុស្ស​មួយចំនួន​តាមរយៈ​ការប្រឹងប្រែង​ប្រកបការងារ ដោយ​មិន​បណ្ដែតបណ្ដោយ​ខ្លួន ឬ​បន្ទោស​វាសនា ឬ​បន្ទោស​ជនណាម្នាក់​ឡើយ​៕ 
 
 
 

Tag:
 នំ​
  ជីវិត​តស៊ូ​
  មុខរបរ​
  គាំ ឈឿន​
© រក្សាសិទ្ធិដោយ thmeythmey.com