ពេលវេលា​ផ្លាស់ប្តូរ​ដល់​៥២​ឆ្នាំ ប៉ុន្តែ​ស្នេហា​មិន​កែប្រែ​!
សង្គមអន្តរជាតិ​
អន្តរជាតិ
ពេលវេលា​ផ្លាស់ប្តូរ​ដល់​៥២​ឆ្នាំ ប៉ុន្តែ​ស្នេហា​មិន​កែប្រែ​!
02, Jun 2019 , 5:39 pm        
រូបភាព
ដោយ: ធីតា
 ​លោក Xiao និង​ភរិយា ចង់​បង្ហាញថា ស្នេហា​របស់​ពួកលោក​នៅតែ​ផ្អែមល្ហែម​បើទោះបីជា​ពេលវេលា​កន្លងផុតទៅ​អស់​ជាង​កន្លះ​សតវត្ស​ទៅហើយ​ក្តី​។ គូ​ស្វាមីភរិយា​តៃវ៉ាន់​មួយគូ​នេះ បានសម្រេច​ចិត្ត​ទៅ​ថតរូប​រំលឹក​អនុស្សាវរីយ៍​ចាស់​របស់ខ្លួន ក្រោយ​ផ្លាស់​ទៅ​រស់នៅ​ជាច្រើន​ឆ្នាំ​នៅ​ប្រទេស​កាណាដា​។​

 
«​កាលពី​ឆ្នាំ​២០១៧ លោក និង​អ្នកស្រី Xiao បាន​ផ្ញើ​រូបថត​ពីរ​សន្លឹក​មក​ខ្ញុំ ដោយ​ពួកគាត់​ចង់​ថតរូប​រំលឹក​អនុស្សាវរីយ៍​រឿង​ចាស់ ដូច​កាលពី​ឆ្នាំ​១៩៦៧»​។ លោក Zhan Zhesheng ដែលជា​អ្នក​ថតរូប​អាជីព​ម្នា​ក់បាន​រៀបរាប់​រឿងរ៉ាវ​ស្វាមីភរិយា​មួយគូ​នេះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​
 


 
​លោក Zhang បានបញ្ជាក់​ឲ្យ​ដឹងថា លោក Xiao និង​ភរិយា បាន​ជួបគ្នា​នៅ​ឆ្នាំ​១៩៦៥ ដោយ​កាលនោះ​ពួកគេ​មាន​អាយុ​១៧​ឆ្នាំ និង​១៦​ឆ្នាំ​។ នៅ​ឆ្នាំ​១៩៦៧ ពួកគាត់​បាន​ថតរូប​អនុស្សា​រី​យ៍​រួមគ្នា នៅ​ឧទ្យាន Tianmu Park នៅ​កោះ​តៃវ៉ាន់​ផ្ទាល់ ដោយ​កាលណោះ​ពួកគាត់​នៅ​ជាស​ង្សា​នឹង​គ្នា​នៅឡើយ​។ រូប​ដែល​ពួកគាត់​ចង់​ថត​ឡើងវិញ​បំផុត​នោះ គឺ​ពេលដែល​ពួកគាត់​ជិះ​ម៉ូតូ Honda Super Cub C102 ដែល​ផលិត​នៅ​ឆ្នាំ​១៩៦៥​។ ពួកគាត់​បាន​រៀបការ​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៧៣ ហើយ​ក្រោយមក​បាន​ផ្លាស់​ទៅ​រស់នៅ​ក្រុង Toronto ប្រទេស​កាណាដា​។​

​ក្រោយ​លោក Zhang បង្ហោះ​រូបថត​ចាស់ៗ​របស់លោក Xiao នៅលើ​ហ្វេ​ស​ប៊ុ​ក ស្រាប់​តែមាន​បុរស​ម្នាក់​ឈ្មោះ Chen បាន​អះអាងថា​គាត់​មាន​ម៉ូតូ​ម៉ូ​ដែល​ដូច​ស្វាមីភរិយា​ដែល​ថត​កាលពី​ឆ្នាំ​១៩៦៧​។ លោក Chen អនុញ្ញាត​ឲ្យ លោក Xiao យក​ម៉ូតូ​នោះ​ទៅ​ថត​ដើម្បី​រំលឹក​អនុស្សាវរីយ៍​ចាស់​ជាមួយ​ភរិយា​។​
 
​ទីបំផុត​បំណងប្រាថ្នា​របស់លោក Xiao និង​ភរិយា បានសម្រេច​ដោយ​ពួកគាត់​បាន​ថតរូប​ដូច​ទៅនឹង​អ្វីដែល​បានកើត​ឡើង​កាលពី​៥២​ឆ្នាំមុន​នៅ​ឧទ្យាន Tianmu Park បើទោះបីជា​ទិដ្ឋភាព​មិន​ដូច​បេះបិទ​ក៏ដោយ​។ វា​ជា​រូបថត​ដើម្បី​រំលឹក​ខួបអាពាហ៍ពិពាហ៍​ទី​៤៦​ឆ្នាំ​របស់​ពួកគាត់​ផងដែរ​។​


​លោក Xiao ចង់បង្ហាញ​យុវវ័យ​ឲ្យ​ដឹងថា ទោះបីជា​ពេលវេលា​ប្រែប្រួល​យ៉ាងណាក៏ដោយ ប៉ុន្តែ​ពួកគាត់​មិនដែល​ភ្លេច​អនុស្សាវរីយ៍​ដំបូង​ដែល​ពួកគាត់​បាន​ផ្តើម​ស្រឡាញ់គ្នា​នោះឡើយ​។ រូបថត​របស់​ស្វាមីភរិយា​នេះ ត្រូវបាន​ចែកចាយ​បន្ត​ពេញ​បណ្តាញ​សង្គម​នៅ​តៃវ៉ាន់ និង​ក្នុងប្រទេស​ចិន​ទាំងមូល​៕
 



‬ ‬


Tag:
 ​អាពាហ៍ពិពាហ៍​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com