អន្តរជាតិ
ថៃ ប្រកាន់​ជំហរ​អព្យាក្រឹត​ក្នុង​សង្គ្រាម​បច្ចេកវិទ្យា​រវាង​អាមេរិក និង​ចិន​
04, Jun 2019 , 8:19 pm        
រូបភាព
ឧទ្យាន 5G នៅទីក្រុង Shenzhen ប្រទេសចិន (ប្រភពរូប៖ AFP)
ឧទ្យាន 5G នៅទីក្រុង Shenzhen ប្រទេសចិន (ប្រភពរូប៖ AFP)
ដោយ:
​គណៈកម្មការ​ទូរគមនាគមន៍ និង​បណ្តាញ​ផ្សព្វផ្សាយ​ជាតិ​ថៃ (NBTC) បានដាក់​ចេញ​គោលនយោបាយ​អព្យាក្រឹត​មួយ​លើ​គម្រោង​អភិវឌ្ឍន៍​បច្ចេកវិទ្យា 5G របស់​ប្រទេស​។ នេះ​មានន័យថា ថៃ នឹង​បញ្ចៀស​ការជ្រើសរើស​ភាគី​ម្ខាង​ណាមួយ​ក្នុង​សង្គ្រាម​បច្ចេកវិទ្យា​រវាង​សហរដ្ឋអាមេរិក និង​ចិន ដែល​កំពុង​កើន​កម្តៅ​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។

 
​ប្រាប់​ក្រុមអ្នកកាសែត​នៅ​ថ្ងៃទី​៤ ខែមិថុនា លោក Takorn Tantasith អគ្គនាយក​នៃ NBTC បញ្ជាក់​ឲ្យ​ដឹងថា រដ្ឋាភិបាល​ថៃ មាន​គម្រោង​ទាក់ទាញ​ទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei របស់​ចិន និង​បណ្តា​ក្រុមហ៊ុន​នានា ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​មកជួយ​អភិវឌ្ឍ​មជ្ឈមណ្ឌល​សាកល្បង និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​បច្ចេកវិទ្យា 5G ។​
 
​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ លោក Takorn លើកឡើង​ទៀតថា  គោលនយោបាយ​នេះ ពុំមាន​ការប្រែប្រួល​ឡើយ ចាប់តាំងពី​មជ្ឈមណ្ឌល​សាកល្បង​បច្ចេកវិទ្យា 5G ដំបូងបង្អស់​របស់​ថៃ បាន​បង្កើតឡើង​ក្នុង​ទីក្រុង​បាងកក កាលពីដើមឆ្នាំ​២០១៩​នេះ​។ មជ្ឈមណ្ឌល​នេះដែរ បង្កើតឡើង​ដោយមាន​កិច្ចសហការ​រវាង NBTC ថៃ ជាមួយនឹង​សាកលវិទ្យាល័យ​ជូឡាឡុងកន ដែល​រំពឹងថា វា​នឹង​ក្លាយជា​ទីតាំង​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​សម្រាប់​បច្ចេកវិទ្យា 5G ឈានមុខ​គេ​ក្នុងប្រទេស​ថៃ​។​
 
​ក្រៅពី​សាកលវិទ្យាល័យ​ជូឡាឡុងកន គណៈកម្មការ​ទូរគមនាគមន៍ និង​បណ្តាញ​ផ្សព្វផ្សាយ​ជាតិ​ថៃ ក៏​នឹង​បង្កើត​មជ្ឈមណ្ឌល​សាកល្បង​បច្ចេកវិទ្យា​ល័យ 5G បន្ថែមទៀត ក្នុង​សកល​វិទ្យាល័យ ខន ក៉េ​ន​, សាកលវិទ្យាល័យ ឈៀង​ម៉ៃ និង សាកលវិទ្យាល័យ សុង​ក្លា​។ NBTC នឹង​ចុះហត្ថលេខា​លើ MoU ជាមួយ​សាកលវិទ្យាល័យ​ទាំងបី នា​ខែសីហា​ខាងមុខ​។ 
 
​សូមបញ្ជាក់ថា កន្លងទៅ NBTC ថៃ ធ្លាប់បាន​ហៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​លើ​ពិភពលោក រួមមាន Huawei, Intel, Cisco, Qualcomm និង IBM ដើម្បី​ឲ្យ​មក​សហការ​លើ​ផែនការ​សាកល្បង​បច្ចេកវិទ្យា 5G របស់ខ្លួន​។ យ៉ាងណាមិញ មានតែ​ក្រុមហ៊ុន Huawei របស់​ចិន​មួយ​ប៉ុណ្ណោះ បាន​យល់ព្រម​ធ្វើការ​ជាមួយ NBTC និង​សាកលវិទ្យាល័យ ជូឡាឡុងកន លើ​ទីតាំង​សាកល្បង​។ ចំណែក​ក្រុមហ៊ុន​បរទេស​ផ្សេងទៀត ពុំទាន់​បង្ហាញ​ជំហរ​លើ​ភាពជា​ដៃគូ​នៅឡើយ​ទេ​៕
 

Tag:
 ថៃ​
  សង្គ្រាម​បច្ចេកវិទ្យា​
  5G
© រក្សាសិទ្ធិដោយ thmeythmey.com