ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ថាច់ សេដ្ឋា​៖ វៀតណាម ដឹងគុណ​ខ្មែរ ទើប​ស័ក្តិសម
04, Jun 2019 , 8:39 pm        
រូបភាព
លោក ថាច់ សេដ្ឋា ឈរនៅលើរថយន្ត ស្រែកទាមទារនៅមុខស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២0១៤ ឲ្យទូតវៀតណាម កែប្រែសម្តី ដែលថាកម្ពុជាក្រោមជាទឹកដីរបស់វៀតណាម (រូបពី AFP)
លោក ថាច់ សេដ្ឋា ឈរនៅលើរថយន្ត ស្រែកទាមទារនៅមុខស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២0១៤ ឲ្យទូតវៀតណាម កែប្រែសម្តី ដែលថាកម្ពុជាក្រោមជាទឹកដីរបស់វៀតណាម (រូបពី AFP)
ដោយ: ថ្មីៗ
​ក្នុង​ពិធី​រម្លឹក​ខួប​៧០​ឆ្នាំ ដែល​បារាំង​ប្រគល់​សិទ្ធិអំណាច​ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង​លើទឹក​ដី​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​និយាយ​ច្រើន​ពី​ប្រវត្តិ​កម្ពុជា​ក្រោម រួមទាំង​រឿងរ៉ាវ ដែល​បារាំង​ផ្ទេរសិទ្ធិ​អំណាច​នេះ ទៅ​ឲ្យ​វៀតណាម​ផងដែរ​។ លើសពីនេះ លោក លើកឡើងថា ខ្មែរ​ទេ ដែល​មានគុណ​ចំពោះ​វៀតណាម មិនមែន​វៀតណាម មានគុណ​ចំពោះ​ខ្មែរ​ឡើយ​។


 
​លោក ថាច់ សេដ្ឋា បាន​រម្លឹក​គុណ​មួយ​របស់​កម្ពុជា ដែល​ធ្លាប់មាន​ចំពោះ​វៀតណាម គឺ​ការ​ឲ្យ​វៀតណាម មក​រស់​នៅលើ​ទឹកដី​កម្ពុជា​។ លោក រៀបរាប់ថា កាលនោះ ស្តេច​ខ្មែរ (​ព្រះបាទ​ជ័យ​សេដ្ឋា​ទី​២ មាន​មហេសី​ជា​កូន​ស្តេច​វៀតណាម​) បានអនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម មក​រស់​នៅលើ​ទឹកដី​កម្ពុជា​។ លោក បន្តថា នា​សម័យ​នោះ វៀតណាម បាន​នាំ​អង្ករ​ពី​កម្ពុជា​ក្រោម (​កូសាំងស៊ីន​) ទៅកាន់​វៀតណាម ដើម្បី​ផ្គត់ផ្គង់​និង​ចិញ្ចឹម​ប្រជាជន​វៀតណាម។  
 
​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​រូបនេះ ថ្លែង​ដូច្នេះ​ថា «​វៀតណាម ដែល​ដឹងគុណ​ម្តង​ទេ​? អត់​ដឹងគុណ​ទាល់តែ​សោះ​។ ខ្ចី​ដី​គេ​ហើយ យក​ដី​គេ​ទៀត​»​។ 
 
​បន្ទាប់មក លោក បាន​បរិយាយ​ពី​រឿង​កម្ពុជា អនុញ្ញាត​ឲ្យ​កងទ័ព​វៀតណាម មកឈរ​ជើង​នៅ​ទឹកដី​កម្ពុជា​ក្រោម​រយៈពេល​៥​ឆ្នាំ ដើម្បី​មាន​ទីតាំង​ប្រយុទ្ធ​ជាមួយ​ពួក​យៀកកុង និង​ពួក​ចក្រ​ព័ទ្ធ (​អាមេរិក​) រហូត​មានការ​ទម្លាក់​គ្រាប់បែក មកលើ​ទឹកដី​កម្ពុជា​។ លោក សង្កត់ធ្ងន់ថា «​និយាយ​ពី​ការដឹងគុណ​វិញ យួន ត្រូវ​ដឹងគុណ​ខ្មែរ​បាន​ស័ក្តិសម ព្រោះ​ខ្មែរ​បានធ្វើ​គុណ​ទៅលើ​យួន​ច្រើនណាស់​»​។ 
 
​រំលើកគុណ​របស់​កម្ពុ​ជា ដែលមាន​ចំពោះ​វៀតណាម​រួចហើយ លោក ថាច់ សេដ្ឋា ក៏ បង្ហាញ​ការហួសចិត្ត​និង​មិន​យល់ ដែល​ខ្មែរ​ខ្លះ មិនសូវ​ដឹងគុណ​បុព្វបុរស​ខ្មែរ តែ​បែរជា​ដឹងគុណ​វៀតណាម​ទៅវិញ​។ លោក លើកឡើងថា បុព្វបុរស​ខ្មែរ​មួយចំនួន ដូចជា ឧកញ៉ា សឺ​ន គុយ ជាដើម បាន​បាត់​បង់ជីវិត​ដោយសារ​វៀតណាម​។ «​យើង​មិនអាច​ដឹងគុណ [​យួន​] បានទេ​។ យើង​ឈឺចាប់​ណាស់ នៅពេលដែល​ឮ​អ្នក​ណាមួយ ដឹងគុណ​យួន​....»​។​
 
​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ប្រាប់​អ្នកចូលរួម​ថា ទោះ​បារាំង ប្រគល់​សិទ្ធិអំណាច​ទៅ​ឲ្យ​វៀតណាម កាន់កាប់​កម្ពុជា​ក្រោម​អស់​រយៈពេល​៧០​ឆ្នាំ​ហើយក៏​ដោយ ក៏​ប្រជាពលរដ្ឋ​កម្ពុជា នៅតែ​ចាត់ទុក​កម្ពុជា​ក្រោម ថា​ជា​ទឹកដី​របស់​ខ្មែរ​ដដែល​៕ 

Tag:
 កម្ពុជា​ក្រោម​
  ខួប​៧០​ឆ្នាំ​
  ថាច់ សេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com