ជាតិ
សង្គមជាតិ
អាជ្ញាធរ​សៀមរាប ចុះ​រុះរើ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​គ្មាន​ច្បាប់ និង​អស់​សុពលភាព ដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត​
05, Jun 2019 , 8:29 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តសៀមរាប
រូបភាពពីរដ្ឋបាលខេត្តសៀមរាប
​អាជ្ញាធរខេត្ត​សៀម​រាម​បាន​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ និង​អស់​សុពលភាព លើស​ទំហំ​កំណត់ ដែល​ដាក់​លើដី​ចំណីផ្លូវ​នៅក្នុង​ខេត្តសៀមរាប នៅ​ថ្ងៃទី​៣​មិថុនា ឆ្នាំ​២០១៩ ។ ការចុះ​រុះរើ​នេះ គឺ​ដើម្បី​រៀបចំ​សោភ័ណភាព​ក្នុង​ខេត្ត​សម្រាប់​ការប្រកួត​ទីក្រុង​ស្អាត និង​លុបបំបាត់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ខេត្តសៀមរាប​។

 
​អភិបាលរង​ខេត្តសៀមរាប លោក នាក់ ណេ​រ៉ុ​ន បាន​បញ្ជាក់ថា គោលបំណង​នៃ​ការចុះ​រុះរើ​នេះ ដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត និង​ត្រៀម​ប្រកួតប្រជែង​ទីក្រុង​ស្អាត​។ ជាពិសេស​អនុវត្ត​តាមច្បាប់ ស្ដីពី​ការផ្សាយពាណិជ្ជកម្ម និង​បទដ្ឋាន​របស់​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​ស្នើសុំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​លុបបំបាត់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​គ្មាន​ច្បាប់​អនុ​ញ្ញ​ត​។ 


រូបភាពពីរដ្ឋបាលខេត្តសៀមរាប 

​អាជ្ញាធរ​ខេត្តសៀមរាប​បាន​ចុះ​រុះរើ​ស្លាក​យីហោ​ពាណិជ្ជកម្ម ចាប់ពី​ចំណុច​គល់ស្ពាន​ព្រះរាជដំណាក់ ទៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ដល់​ស្រុក​បា​សាទ​បាគង​។ អាជ្ញាធរ បាន​រុះរើ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​៩​ផ្ទាំង ត្រឹម​រយៈពេល​មួយ​ព្រឹក​ក្នុង​ថ្ងៃទី​៣​មិថុនា​។ ហើយ​អាជ្ញាធរ​នឹង​អនុវត្ត​បន្ត នៅ​តំបន់​ផ្សេងៗ​ទៀត តាម​តំបន់​ក្នុង​ខេត្តសៀមរាប​។ ជាមួយគ្នានេះ​អភិបាលខេត្ត បាន​អំពាវនាវ​ឲ្យ​ប្រជាជន​សហការ​ជាមួយ​អាជ្ញាធរ ទាក់ទង​រាល់​បញ្ហា​ចម្ងល់​ផ្សេងៗ​ស្ដីពី​ការសុំច្បាប់​ដំឡើង​ស្លាក​យីហោ​ពាណិជ្ជកម្ម ត្រូវ​ទំនាក់ទំនង​សួរ​ព័ត៌មាន​អាជ្ញាធរ​តាម​ឃុំ -​សង្កាត់ និង​ខេត្ត មុននឹង​លើក​ស្លាក​ផ្សព្វផ្សាយ​៕ 


រូបភាពពីរដ្ឋបាលខេត្តសៀមរាប 
 

Tag:
 ខេត្តសៀមរាប​
  រុះរើ​ផ្ទាំង​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com