ជនរំលោភ-សម្លាប់ក្មេង២នាក់នៅព្រះសីហនុ ប្រឈមជាប់គុកមួយជីវិត
ជាតិ
សង្គមជាតិ
ជនរំលោភ-សម្លាប់ក្មេង២នាក់នៅព្រះសីហនុ ប្រឈមជាប់គុកមួយជីវិត
04, Jun 2019 , 6:12 pm        
រូបភាព
ដោយ: ថ្មីៗ



បុរសឈ្មោះ ឈឹម វិចិត្រ អាយុ៣០ឆ្នាំ ដែលរំលោភ-សម្លាប់ក្មេងស្រីអាយុ១០ឆ្នាំ ហើយបន្ទាប់មកសម្លាប់ប្អូនប្រុសរបស់នាងអាយុទើបតែ២ឆ្នាំ ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចោទពីរបទល្មើស គឺបទឃាតកម្មមានស្ថានទម្ងន់ទោស តាមមាត្រា២០២ និង បទឃាតកម្មមានទារុណកម្ម អំពើឃោរឃៅ និង សេពសន្ថវៈ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

បើតាមក្រមព្រហ្មទណ្ឌ បទល្មើសនេះ អាចប្រឈមជាប់ពន្ធនាគារមួយជីវិត។







លោក លឹម ប៊ុនហេង អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី៤ឧសភានេះថា បន្ទាប់ពីស្ថាប័នអយ្យការ ចោទប្រកាន់រួចហើយ ក៏បញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្ត និងសុំឲ្យឃុំជនល្មើសនេះ ជាបណ្តោះអាសន្ន។

អ្នកនាំពាក្យរូបនេះ បន្តថា ចំពោះភរិយារបស់ជនល្មើស មិនពាក់ព័ន្ធនឹងអំពើឃាតកម្មនេះឡើយ។ លោក បញ្ជាក់ថា «សមត្ថកិច្ច ដោះលែងគាត់ហើយ»។

អំពើរំលោភ-សម្លាប់នេះ បានកើតឡើង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ។ ឃាតក ត្រូវសមត្ថកិច្ចចាប់បាន នៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២ ខែឧសភា៕

Tag:
 ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com