ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានយល់ព្រមផ្តល់បទសម្ភាសដល់សារព័ត៌មានអនឡានថ្មីៗ ដើម្បីពន្យល់អំពីសារប្រយោជន៍នៃការរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦នៅសប្តាហ៍ក្រោយនេះ។ នៅក្នុងបទសម្ភា លោករដ្ឋមន្ត្រីប្រាប់ឲ្យដឹងថា វេទិកាអ្នកជំនាញសារព័ត៌មាននៅសៀមរាបនោះ នឹងក្លាយជាសាលារៀនដ៏ធំមួយសម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានកម្ពុជា ព្រមទាំងជាឱកាសដែលកម្ពុជានឹងបង្ហាញអំពីប្រវត្តិនៃសង្គ្រាមស៊ីវិល ការប្រឹងប្រែងរស់ឡើងវិញ និងសេរីភាពរបស់ប្រជាជនកម្ពុជាផង។
ខាងក្រោមនេះគឺជាបទសម្ភាសលម្អិតរបស់រវាងលោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានថ្មីៗ និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖
លោក លាង ដឺលុច៖ ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៤ខែមិថុនានេះ កម្ពុជា តាមរយៈក្រសួងព័ត៌មាន នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប។ នោះជាសន្និសីទថ្នាក់អន្តរជាតិ ដែលនឹងប្រមូលផ្តុំអ្នកកាសែតមានពិសោធន៍ អ្នកដឹកនាំក្រុមហ៊ុនសារព័ត៌មាន អ្នកស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយផងដែរ។ លោករដ្ឋមន្ត្រី តើអ្វីទៅជាសន្និសីទកំពូលសារព័ត៌មានអាស៊ី?
លោក ខៀវ កាញារីទ្ធ៖ សន្និសីទកំពូលសារព័ត៌មានអាស៊ីនេះ ត្រូវរៀបចំដោយវិទ្យាស្ថានអាស៊ី ប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ (Asia-Pacific Institute for Broadcasting Development)។ ជាសន្និសីទក្នុងវិស័យសារព័ត៌មានមែន តែមិនមែនយើងអញ្ជើញអ្នកកាសែតធម្មតាចូលរួមនោះទេ។ យើងអញ្ជើញចាងហ្វាងកាសែត អ្នកធ្វើគោលនយោបាយសារព័ត៌មាន អ្នកទទួលខុសត្រូវលើការគ្រប់គ្រងស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកស្រាវជ្រាវ ជាដើម។ យើងនឹងពិភាក្សាលើបញ្ហាដែលសារព័ត៌មានប្រឈមក្នុងពេលបច្ចុប្បន្នដូចជា ព័ត៌មានក្លែងបន្លំ តួនាទីនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងបញ្ហាធំមួយទៀត គឺការរកចំណូលរបស់ស្ថាប័នព័ត៌មាន ដោយប្រជែងជាមួយបណ្តាញសង្គម។
មិនមែនតែកម្ពុជានោះទេ បញ្ហាបាត់ចំណូលនេះរបស់ក្រុមហ៊ុនសារព័ត៌មានបានកើតឡើងនៅទូទាំងពិភពលោក ដោយសារតែក្រុមហ៊ុនលក់ផលិតផលបានត្រឡប់ទៅផ្សាយតាមបណ្តាញសង្គម។
លោក លាង ដឺលុច៖ ដូច្នេះ តើសន្និសីទកំពូលសារព័ត៌មានអាស៊ីនឹងផ្តល់គុណប្រយោជន៍អ្វីខ្លះដល់វិស័យសារព័ត៌មាននៅកម្ពុជា?
លោក ខៀវ កាញារីទ្ធ៖ ទីមួយ វានឹងធ្វើឲ្យអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានរបស់យើងកាន់តែយល់បានអំពីទំនោរដែលមានជាទូទៅនៅលើពិភពលោក និងទីពីរ គឺការដកស្រង់ពិសោធន៍ជាច្រើននៅក្នុងការងាររៀបចំសន្និសីទនេះ។
លោក លាង ដឺលុច៖ វេទិកាសារព័ត៌មានអាស៊ីនេះ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ ការធ្វើសារព័ត៌មានឱ្យទៅជាឌីជីថល និងការផ្តោតទៅលើការវិវឌ្ឍផ្នែកទីផ្សារសារព័ត៌មាន តើអ្នកសារព័ត៌មានកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ហើយឬនៅនៅក្នុងវិស័យទាំងពីរ?
លោក ខៀវ កាញារីទ្ធ៖ សារព័ត៌មានរបស់យើងកំពុងស្ថិតនៅលើផ្លូវបំបែក។ ខ្ញុំឃើញស្ថាប័នសារព័ត៌មានមួយចំនួនបានរស់ដែរ តែរស់ទាំងត្រដរ។ យើងមិនចង់រស់ទាំងត្រដរអ៊ីចឹងទេ យើងចង់រស់ដោយត្រឹមត្រូវ។ ដូច្នេះការដែលយើងដកពិសោធន៍ពីគេ គឺជាការសំខាន់។
លោក លាង ដឺលុច៖ មានកិច្ចពិភាក្សាចំនួន៨ ដែលត្រូវបានគ្រោងទុកដោយមានប្រធានបទផ្សេងៗគ្នា ដែលទាក់ទងនឹងការ ធ្វើសមាហរណកម្មវិស័យសារព័ត៌មានទៅក្នុងវិស័យឌីជីថល ការស្វែងរកចំណូលនៅក្នុងសម័យឧស្សាហកម្មសារព័ត៌មានបែបថ្មីជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ដើម្បីធ្វើការងារខាងលើនេះ វាទាក់ទងថា តើយើងអាចសម្របខ្លួនបានប៉ុណ្ណាទៅនឹងបដិវត្តឌីជីថល? នេះជាប្រធានបទដែលមានលោកជាវាគ្មិនតែម្តង។ តើលោកបានត្រៀមគំនិតអ្វីខ្លះសម្រាប់ការចែករំលែក?
លោក ខៀវ កាញារីទ្ធ៖ ខ្ញុំបានត្រៀមចំណុចនេះហើយ។ សព្វថ្ងៃ យើងរត់តាមទីផ្សារ តែយើងត្រូវធ្វើយ៉ាងណាឱ្យទីផ្សារនោះបង្កើតតម្រូវការនៅក្នុងទីផ្សារនេះថែមទៀត។ ទើបយើងអាចរស់បាន។ ឧទាហរណ៍ បើគេទៅខាងឆ្វេងហើយ យើងទាញមកស្តាំមិនបានមែន ដូច្នេះតើយើងត្រូវដាក់ផលប្រយោជន៍មួយនៅខាងឆ្វេងនៅខាងមុខនោះបានទេ?
លោក លាង ដឺលុច៖ តើលោកអាចផ្តល់ឧទាហរណ៍ច្បាស់ជាងនេះបានទេ?
លោក ខៀវ កាញារីទ្ធ៖ នៅបរទេស គេចំណាយថវិការាប់រយលានដុល្លារ ដើម្បីធ្វើដំណើរទៅរកវិស័យឌីជីថល។ គេបង្កើតភាពយន្ត គេរៀបចំការប្រគំតន្ត្រីធំ។ យើងមិនអាចធ្វើដូច្នោះបានទេ។ តែយើងអាចរកព័ត៌មានក្តៅ ប្រចាំថ្ងៃនៅក្នុងសហគមន៍ យើងយកព័ត៌មានផ្ទាល់។ គេត្រូវការអ្វីនៅក្នុងសហគមន៍ យើងជួយរកឱ្យគេ។ យើងយកសាធារណជន ធ្វើជាតួអង្គនៅក្នុងសាច់រឿងយើង។
លោក លាង ដឺលុច៖ លោករដ្ឋមន្ត្រី បើតាមការសង្កេតរបស់លោក តើអ្នកកាសែតកម្ពុជាដើរទាន់កម្រិតបច្ចេកវិទ្យាថ្មី ឬឌីជីថលនេះដែរឬទេ?
លោក ខៀវ កាញារីទ្ធ៖ និយាយរួម កម្ពុជាយើងរត់ទាន់បច្ចេកវិទ្យាឌីជីថល ផ្នែកខួរក្បាល តើយើងមិនអាចរត់ទាន់ផ្នែកសម្ភារៈឡើយ។ ទាក់ទងនឹងទូរទស្សន៍ ឥឡូវគេនៅប្រើ 4K។ បើសិនជាបច្ចេកវិទ្យាឡើងទៅលើទៀត ទូរទស្សន៍យើងមួយចំនួនមិនអាចទិញសម្ភារបានគ្រប់គ្រាន់ឡើយ។
លោក លាង ដឺលុច៖ ដោយសារតែបច្ចេកវិទ្យាដើរលឿនពេក អ្នកទទួលព័ត៌មានបានផ្លាស់ប្តូររបៀបទទួលព័ត៌មាន ដែលធ្វើឲ្យអ្នកកាសែតត្រូវសរសរខ្លី ហើយមានអ្នកខ្លះត្រូវបានបំប៉ោងព័ត៌មានតាមរយៈចំណងជើង និងរូបថតទៀតផង។ លោករដ្ឋមន្ត្រី លោកជាអ្នកជំនាញក្នុងវិស័យ សារព័ត៌មានមួយរូប តើលោកបារម្ភពីគុណភាពព័ត៌មានដែលអាចធ្លាក់ចុះដែរឬទេ?
លោក ខៀវ កាញារីទ្ធ៖ ខ្ញុំបារម្ភ។ ខ្ញុំតែងនិយាយហើយថា យុវជនបាត់គំនិតគិត។ យើងមានចំណេះដឹង ចំណេះធ្វើ និងចំណេះគិត។ ដោយសារពេលវេលាកាន់រត់លឿន ហើយមនុស្សរត់តាមពេលវេលា ធ្វើឱ្យម្នាក់ៗស្វែងរកចំណេះវិជ្ជាតាមផ្លូវកាត់។ ពួកគេគិតថា ពួកគេចេះតែពាក្យប៉ុន្មានម៉ាត់ទៅ ពួកគេគិតថា គ្រប់គ្រាន់។ ពួកគេគិតថា គ្រាន់តែមើលចំណងជើងអត្ថបទ គឺគ្រប់គ្រាន់។ ទោះយ៉ាងនេះក្តី ខ្ញុំគិតថា អ្នកកាសែតត្រូវតែបង្កើនគុណភាពដដែល។ បានន័យថា អត្ថបទវិភាគគ្រប់ជ្រុងជ្រោយ ត្រូវតែបន្តមាន សម្រាប់អតិថិជនមួយក្រុមណានោះ។
អ្នកអានធម្មតា អាចត្រូវការតែចំណងជើង ឬអត្ថបទខ្លី ប៉ុន្តែទូរទស្សន៍ ឬវិទ្យុ ខ្លះនៅតែមានឥទ្ធិពល ពីព្រោះមានអត្ថបទវិភាគ មានអ្នកវិភាគច្បាស់លាស់ និងស៊ីជម្រៅ។ បានន័យថា អ្នកសារព័ត៌មានត្រូវមាន multitasking ដើម្បីទាក់ទាញអ្នកអានផ្សេងៗគ្នាដែរ ទាំងនៅក្នុងកាសែត វិទ្យុ និងទូរទស្សន៍។ ចង់រស់ គឺ Multitasking។
លោក លាង ដឺលុច៖ លោករដ្ឋមន្ត្រី ប្រហែលវាមិនមែនជាការចៃដន្យទេ ដែលក្រសួងព័ត៌មានបានជ្រើសរើសខេត្តសៀមរាបដើម្បីរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី ដែលមានអ្នកកាសែត និងអ្នកពាក់ព័ន្ធវិស័យសារព័ត៌មាន៥០០នាក់មកពីប្រទេសជាង៤០ប្រទេស។ តើលោកចង់បង្ហាញអ្វីខ្លះទៅអ្នកកាសែតបរទេស?
លោក ខៀវ កាញារីទ្ធ៖ យើងមានចំណុចពីរដែលយើងចង់បង្ហាញ។ នៅសៀមរាប យើងចង់បង្ហាញអារ្យធម៌អាស៊ី។ នៅលើពិភពលោកសព្វថ្ងៃ គេគិតតែពីទស្សនវិជ្ជាអឺរ៉ុប ដែលថា បុគ្គលត្រូវតែធំជាសមូហភាព។ ចំណែកឯនៅអាស៊ីវិញ ភាគច្រើនគឺ សមូហភាពធំជាងបុគ្គល។ យើងអាចសាងសង់អង្គរវត្តមួយបាន គឺដោយសារតែមានសាមគ្គីភាព និងអំណាចកណ្តាលមួយដ៏រឹងមាំ។ ទីពីរ យើងចង់បង្ហាញអំពីមីន និងគ្រាប់បែកនៅកម្ពុជា។ បើយើងគិតពីសង្គ្រាមលោកលើកទីពីរនៅអឺរ៉ុបដែលពាក់ព័ន្ធជិត៣០ប្រទេស ចំនួនគ្រាប់បែកដែលត្រូវបានទម្លាក់នៅអឺរ៉ុបនោះ ពីឆ្នាំ១៩៤០ ដល់ ១៩៤៥ នៅតិចជាងចំនួនគ្រាប់បែកដែលត្រូវបានទម្លាក់រយៈពេល៥ឆ្នាំដូចគ្នាមកលើកម្ពុជាដ៏តូចមួយ។ គេមិនបានដឹងថា តើទំហំនៃការខូចខាតធំសម្បើមយ៉ាងណាទេ! គេគ្រាន់តែឃើញយើងរស់ឡើងវិញ ហើយមកដល់ពេលនេះ យើងនៅមានមនុស្សបន្តស្តាប់ដោយសារគ្រាប់មីន និងគ្រាប់បែក។ ដូច្នេះ យើងចង់បង្ហាញថាប្រជាជនយើងប្រឹងប្រែងរស់ឡើងវិញយ៉ាងវេទនាយ៉ាងណា?
លោក លាង ដឺលុច៖ ជាការពិត សន្និសីទអន្តរជាតិនៅសៀមរាបនោះ គឺទាក់ទងនឹងវិស័យសារព័ត៌មាន។ ប៉ុន្តែក្នុងរូបភាពនៃកម្ពុជាទាំងមូល តើលោករដ្ឋមន្ត្រីរំពឹងទទួលបានអ្វីពីព្រឹត្តិការណ៍អន្តរជាតិនោះ?
លោក ខៀវ កាញារីទ្ធ៖ គេតែងនិយាយថា កម្ពុជាជាប្រទេសវេទនា រហេមរហាម។ ទីមួយ យើងចង់បង្ហាញថា វាមិនដូចគេនិយាយទេ។ ទីពីរ យើងចង់បង្ហាញពីសេរីភាពរបស់ប្រជាជនកម្ពុជា។ គេនិយាយថា រដ្ឋាភិបាល ហ៊ុន សែន ផ្តាច់ការ ដូច្នេះនោពេលគេមកដល់ គេនឹងឃើញថា គេអាចដើរទៅណាក៏បាន គេអាចដើរសម្ភាសអ្នកណាក៏បាន។ គេនឹងយល់។ ទីបី យើងចង់ឱ្យមន្ត្រីរបស់យើង អ្នកកាសែតរបស់យើងអាចដកពិសោធន៍ពីវេទិកាដ៏ធំនេះ ហើយឃើញថាតើរបៀបគិតរបស់អ្នកកាសែតបរទេសយ៉ាងណា? អ្នកកាសែតយើងនឹងអាចយល់ដឹងអំពីការវិវត្តរបស់សារព័ត៌មាននៅក្នុងពិភពលោក។ សន្និសីទកំពូលសារព័ត៌មានអាស៊ីនៅសៀមរាប គឺជាថ្នាក់រៀនមួយ៕