ជាតិ
សេដ្ឋកិច្ច
JICA ចុះ​អនុស្សារណៈ​ជួយ​អភិវឌ្ឍន៍​កំពង់ផែ​ព្រះសីហនុ​
05, Jun 2019 , 8:19 pm        
រូបភាព
រូបពីហ្វេសប៊ុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ
រូបពីហ្វេសប៊ុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ដោយ:
​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ថ្មី​មួយទៀត ត្រូវបាន​ភាគី​កម្ពុជា និង​ជប៉ុន​ចុះហត្ថលេខា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​កំពង់ផែ និង​ភស្ដុភារ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ។​


 
​អនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​លោក Shigenori OGAWA អគ្គនាយក​នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​របស់ JICA នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​៣​ខែមិថុនា​។ អនុស្សារណៈ​នេះ​ត្រូវធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ភាពជា​ដៃគូ​រវាង JICA និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​កំពង់ផែ និង​ភស្ដុភា​រកម្ម​។​
 
​កំពង់ផែ​ក្រុងព្រះសីហនុ គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែមួយគត់​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​ភស្ដុភារ​កម្ម​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​។ ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក JICA បានផ្ដល់​កម្ចី ហិរញ្ញប្បទាន​ឥត​សំណង និង​បន្ត​ការគាំទ្រ​នានា​ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹងសមត្ថភាព​កំពង់ផែ​។​


រូបពីក្រសួងសាធារណការ​និងដឹកជញ្ជូន
 
​ប្រកាស​ព័ត៌មាន​ខាងលើ​បានបញ្ជាក់​ដូច្នេះ​ថា​«​ផ្អែកលើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ភស្ដុភារ​កម្ម​ក្នុងស្រុក និង​តំបន់ យ៉ាងសំខាន់ ដែល​ក្នុងនោះ​ចំនួន​កុង​តេ​ន័​រ​ឆ្លងកាត់​សរុប​បាន​កើនឡើង​ពី ២៩​ម៉ឺន​ធី​អ៊ី​យូ​ក្នុង​ឆ្នាំ​២០១៣ ដល់ ៥៤​ម៉ឺន​ធី​អ៊ី​យូ​ក្នុង​ឆ្នាំ​២០១៨​។ 
 
​អនុស្សារណៈ​ខាងលើនេះ​ត្រូវបាន​បង្កើតឡើង ក្រោយពី​ជំនួប​ទ្វេភាគី​រវាង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​៣១​ខែឧសភា  ដែល​ភាគី​ជប៉ុន​ប្ដេជ្ញា​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​កំពង់ផែ​ព្រះសីហនុ​បន្ថែមទៀត ក្នុងនោះ​រួមមាន​ទាំង​ការរៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​កំពង់ផែ​ផងដែរ​។ ក្នុងជំនួប​នោះ​ផងដែរ ក៏មាន​ការចុះ​កិច្ចព្រមព្រៀង​លើ​ហិរញ្ញប្បទាន​ជិត​៥​លាន​ដុល្លារ ក្នុងនោះ ១,៨​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​កុង​តេ​ន័​រ​។​
 
«JICA នឹង​បន្ត​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការផ្ដល់​កម្ចី​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍ​ចំណត​កុង​តេ​ន័​រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់ផែ​ដើម្បី​ធ្វើ​ទំនើបកម្ម​កំពង់ផែ​»​។ សេចក្ដីប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​បែបនេះ មុននឹង​បន្ត​ដូច្នេះ​ទៀតថា​៖«​មិនតែប៉ុណ្ណោះ JICA នឹងចូលរួម​លើកកម្ពស់​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន និង​តំបន់​ឥណ្ឌា​-​ប៉ាស៊ីហ្វិក តាមរយៈ​កា​រព​ង្រឹ​ក​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូរ​ជាមួយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​»​។​
 
​គួរ​បញ្ជាក់ថា កំពង់ផែ​ស្វ័យ​ក្រុងព្រះសីហនុ ត្រូវបាន​ពង្រីក​វិសាលភាព និង​សមត្ថ​ភាពជា​បន្តបន្ទាប់​។ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ចំណត​ផែ​ពហុ​បំណង​របស់​កំពង់ផែ​នេះ​ត្រូវបាន​សម្ពោធ ។ ហើយ​ចំណត​ផែ​ទឹក​ជ្រៅ​មួយទៀត​ជម្រៅ ១៤,៥​ម៉ែត្រ ដែល​អាច​ទទួល​ចត​នាវា ៩៣​ភាគរយ​នៃ​នាវា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គ្រោង​បើក​ការដ្ឋាន​ក្នុង​ឆ្នាំ​២០១៩​នេះ ដែល​នឹង​ចំណាយ​២០៣​លាន​ដុល្លារ ក្រោម​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន​ដូចគ្នា​នឹង​ចំណត​ផែ​ពហុ​បំណង​ដែរ​៕

Tag:
 កំពង់ផែ​
© រក្សាសិទ្ធិដោយ thmeythmey.com