ក្រុមហ៊ុន Levi's H & M និង​Gap​គាំទ្រ​សេចក្តីសម្រេច​ដាក់​កំហិត​កិច្ចសន្យា​រយៈពេល​ខ្លី​សម្រាប់​កម្មករ​
ជាតិ
ក្រុមហ៊ុន Levi's H & M និង​Gap​គាំទ្រ​សេចក្តីសម្រេច​ដាក់​កំហិត​កិច្ចសន្យា​រយៈពេល​ខ្លី​សម្រាប់​កម្មករ​
06, Jun 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ហាង​លក់​សំលៀក​បំពាក់ H&M ក្នុង​ទីក្រុង Johannesburg កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។ (រូបថត AFP)
រូបឯកសារ៖ ហាង​លក់​សំលៀក​បំពាក់ H&M ក្នុង​ទីក្រុង Johannesburg កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។ (រូបថត AFP)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Levi's H & M និង Gap បាន​គាំទ្រ​សេចក្តីសម្រេច​មួយ​ដែល​ដាក់​កំហិត​ការប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​សម្រាប់​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​ដែល​អ្នក​រិះគន់​និយាយថា កិច្ចសន្យា​រយៈពេល​ខ្លី​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដើម្បី​ត្រួតត្រា​បុគ្គលិក​និង​បិទ​សិទ្ធិ​ការប្រឆាំង​។​

 
​ក្រុមហ៊ុន​ដែល​ស្ថិតនៅ​ធ្វើ​ផលិតផល​សម្រាប់​ក្រុមហ៊ុន​យីហោ​ល្បីៗ​ទាំង​៣​នេះ នៅ​ទូទាំង​ពិភពលោក​បាន​និយាយថា ពួកគេ​គាំទ្រ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដែលថា រោងចក្រ​ធ្វើ​ផលិត​ផលឱ្យ​ក្រុមហ៊ុន​បី​នេះ​ត្រូវ​ផ្តល់​កិច្ចសន្យា​ជា​អចិ​ន្ត្រៃ​ដល់ក​ម្មករ​ចំនួន ៤០៨​នាក់​ដែល​ក្រុមហ៊ុន​ជួល​ពួកគេ​រយៈពេល​ខ្លី​។ សេចក្តីសម្រេច​នេះ​មាន​សារៈសំខាន់​ពីព្រោះ​វា​អាច​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ដទៃ​រាប់រយ​ទៀត​ធ្វើតាម ហើយ​បញ្ចប់​នូវ​អ្វីដែល​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​ថា ជាការ​រំលោភបំពាន​លើ​កិច្ចសន្យា​រយៈពេល​ខ្លី​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​ដែល​មាន​ទឹកប្រាក់​ចំនួន​៧​ពាន់​លាន​ដុល្លារ​ក្នុងប្រទេស​នេះ​។​
 
​លោកស្រី Ulrika Isaksson អ្នកនាំពាក្យ​ក្រុមហ៊ុន H & M បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ថា «​យើង​បានបញ្ជាក់​យ៉ាងច្បាស់​ថា រោងចក្រ​ត្រូវតែ​គោរព​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​»​។​
 
​ម្ចាស់​ក្រុមហ៊ុន Roo Hsing Garment Co. , Ltd ដែលមាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​ការបំភ្លឺ​នោះទេ​។  ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា ខ្លួន​នឹង​តតាំង​នឹង​សេចក្តីសម្រេច​នេះ ប៉ុន្តែ​រដ្ឋាភិបាល​បានបញ្ជាក់​យ៉ាងច្បាស់​ថា ខ្លួន​គាំទ្រ​ការបកស្រាយ​របស់​តុលាការ​អាជ្ញាកណ្តាល​ដែល​មានន័យថា ការប្តឹង​ឧទ្ធរណ៍​នឹងមាន​ឱកាស​តិចតួច​ក្នុងការ​ទទួលបាន​ជោគជ័យ​។ 
 
​នោះ​គឺជា​ដំណឹង​ល្អ​សម្រាប់​អ្នកស្រី សឿន សុ​ភ័ស ដែល​កំពុងមាន​ផ្ទៃពោះ​កូន​ដំបូង​និង​ជា​អ្នក​ទាមទារ​សំណង​ម្នាក់​ក្នុងចំណោម​អ្នក​ទាមទារ​សំណង​៤០៨​នាក់​ក្នុងករណីនេះ​។ កម្មការិនី​អាយុ​២៨​ឆ្នាំនេះ​បាន​ដេរខោ​ខ្លីម៉ាក​H & M អស់​រយៈពេល​៦​ឆ្នាំ ហើយ ប៉ុន្តែ​តែងតែ​ទទួលបាន​កិច្ចសន្យា​រយៈពេល​ខ្លី​។ អ្នកស្រី​បាន​និយាយថា អ្នកស្រី​មិនដែល​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ការងារ​នោះទេ​។ 
 
​ឧស្សាហកម្ម​កាត់ដេរ​គឺជា​សសរទ្រូង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​ស្មើនឹង​៤០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​និង​ផ្តល់​ការងារ​ដល់ក​ម្មករ​ជាង​៧០​ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​។ ក្រុម​សិទ្ធិមនុស្ស​និយាយថា វិស័យនេះ​មានការ​រំលោភ​សិទ្ធិមនុស្ស​ច្រើន​។​
 
​នៅក្នុង​ការស្ទង់មតិ​តាម​រោងចក្រ​ចំនួន​៤៦៤  កម្មករ​ជាង​២​ភាគ​៣​បាន​និយាយថា ថៅកែ​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​ដោយ​ខុសច្បាប់​។​នេះ​បើ​យោងតាម​អង្គការ Better Factories Cambodia ដែលជា​ក្រុម​ឃ្លាំមើល​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​។ 
 
​កម្មករ​មាន​កិច្ចសន្យា​រយៈពេល​ខ្លី​ត្រូវគេ​មើលឃើញថា មិនសូវមាន​ការចូល​រួម​ក្នុង​សហជីព មិនសូវ​ហ៊ាន​រាយការណ៍​អំពី​ការរំលោភបំពាន ឬ​មិនសូវ​តវ៉ា​ប្រឆាំង​ចៅហ្វាយនាយ​ទេ​ដោយសារ​ខ្លាច​បាត់បង់​ការងារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com