ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែមាន​អារម្មណ៍​ស្ងាប​ជាប់​រហូត​មែន​ទេ​? ទាំងនេះ​អាចជា​មូលហេតុ​ញឹកញាប់​របស់​វា​
06, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គេ​និយាយថា ការ​ស្ងាប​ជា​រឿង​ដែល​អាច​ឆ្លង​គ្នា​។ ប៉ុន្តែ​បើសិន​អ្នក​នៅតែ​ម្នាក់ឯង​ក្នុង​បន្ទប់​ហើយ​ស្ងាប​ជាប់ នោះ​មានន័យថា អ្នក​អាចមាន​បញ្ហា​ណាមួយ​ហើយ​។



យ៉ាងណាមិញ ខាងក្រោម​នេះ​អាចជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​អ្នក​ចេះតែមាន​អារម្មណ៍​ស្ងាប​ជាប់​រហូត​៖
 
​មាន​បញ្ហា​នៃ​ការ​គេង​
 
​ការ​ស្ងាប​ដឹង​ស្រាប់​ហើយ​ថា វា​ច្រើនតែ​ទាក់ទង​នឹង​ការ​ងងុយគេង​ខ្លាំង ជាពិសេស​នៅពេលដែល​អ្នក​មិនអាច​គេង​បាន​លក់​ស្កបស្កល់​ពី ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​។ មានរឿង​ច្រើនណាស់​ដែល​អាចធ្វើ​ឲ្យ​គេង​មិន​គ្រប់គ្រាន់​ដូចជា មិន​ងងុយគេង ឈឺ​ជើង ឬ​គេង​បាត់​ដង្ហើម​ជាដើម​។ 
 
​ការ​ថប់​អារម្មណ៍​
 
​មនុស្ស​ដែល​ថប់​អារម្មណ៍​ច្រើន​តែមាន​អាកា​រៈ បេះដូង​លោត​ញ៉ាប់ តឹងទ្រូង ពិបាក​ដកដង្ហើម មាន​អារម្មណ៍​ចង់​សន្លប់ ខ្សោយ បែកញើស​ពេញ​ខ្លួន ឬ​នៅ​មិន​សុខ​ជាដើម​។ យ៉ាងណាមិញ អ្នក​ដែល​ថប់​អារម្មណ៍​ក៏​កើតមាន​អាកា​រៈ​ស្ងាប​ច្រើនដង​ដែរ​។ រឿងនេះ​អាច​ដោយសារតែ​រាងកាយ​ធ្វើការ​ខ្លាំងពេក​ទើប​បណ្តាល​ឲ្យ​នឿយហត់​រហូតដល់​ស្ងាប​ច្រើន​បែបនេះ​។ 
 
​បាក់​ទឹកចិត្ត​
 
​ការបាក់​ទឹកចិត្ត​អាចធ្វើ​ឲ្យ​អស់កម្លាំង​ទាំង​ផ្លូវកាយ និង​ចិត្ត ហើយ​វា​ក៏​គ្មានអ្វី​ចម្លែក​ដែរ ដែល​អ្នកជំងឺ​បែបនេះ​មាន​អាកា​រៈ​ស្ងាប​ជាប់​នោះ​។ ដូច្នេះ​យក​ល្អ​គួរតែ​គ្រប់គ្រង​ការបាក់​ទឹកចិត្ត​នេះ​ឲ្យ​បានល្អ​ទើប​មិនមាន​ផលវិបាក​របស់​វា​ច្រើន ជាពិសេស​ការធ្វើអត្តឃាត​ខ្លួនឯង​តែម្តង​។ 
 
​បញ្ហា​បេះដូង​
 
​បេះដូង​ក៏​អាចជា​ហេតុផល​មួយ​នាំ​ឲ្យ​មាន​អាកា​រៈ​ស្ងាប​ជាប់​មិន​បាត់​ដែរ​។ វា​ទាក់ទង​គ្នា​ត្រង់​ថា ការ​ដែលមាន​បញ្ហា​បេះដូង អាចធ្វើ​ឲ្យ​សរីរាង្គ​រាងកាយ​ក្នុង​ខ្លួន​មិន​ទទួលបាន​ការផ្គត់ផ្គង់​ឈាម​សម្បូរ​អុកស៊ីសែន​គ្រប់គ្រាន់​ទេ​។ ពេលខ្លះ ការ​ស្ងាប​ច្រើនពេក​ក៏​ឃើញ​លើ​អ្នក​ដែលមាន​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។ 
 
​បញ្ហា​ថ្លើម​
 
​អ្នកខ្សោយ​ថ្លើម ជាពិសេស​ការ​ខូច​ថ្លើម​ដំណាក់កាល​ចុងក្រោយ​ច្រើនតែ​បង្ក​ជា​អាកា​រៈ​ស្ងាប​ជា​ញឹកញាប់​។ អ្នកជំនាញ​ជឿថា រឿងនេះ​អាច​ដោយសារតែ​ការ​អស់កម្លាំង​ច្រើនជាង​។ ក្រៅពី​ស្ងាប​ច្រើន អ្នកខ្លះ​ក៏មាន​អាកា​រៈ​ផ្សេងទៀត​ដូចជា ងងុយគេង​នៅពេល​ថ្ងៃ​ច្រើន ឡើង​លឿង​លើ​ស្បែក និង​ភ្នែក បាត់បង់​ចំណង់​អាហារ ចង្អោ វង្វេងវង្វាន់ និង​ហើម​ប្រអប់ដៃ​ឬ​ជើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com