អន្តរជាតិ
អាមេរិក​គ្រោង​លក់​សព្វាវុធ ២​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់ ផ្គើន​ចិន
06, Jun 2019 , 8:39 pm        
រូបភាព
ប្រភពរូប៖​ AFP
ប្រភពរូប៖​ AFP
ដោយ:
​សហរដ្ឋអាមេរិក កំពុង​រៀបចំ​គម្រោង​លក់​សព្វាវុធ រួមមាន រថ​គ្រោះ និង​មី​ស៊ី​ល​ជាដើម ទៅកាន់​តៃវ៉ាន់ ដែល​គិត​ជា​ទឹកប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ ។ សកម្មភាព​របស់​ក្រុង​វ៉ាស៊ីនតោន​ថ្មី​នេះ ទំនងជា​បង្ក​កំហឹង​កាន់តែខ្លាំង​ដល់​ក្រុង​ប៉េកាំង ស្រប​ពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច និង​យោធា​ទាំងពីរ​នេះ កំពុង​កើនឡើង​កម្តៅ​ឥតឈប់ឈរ​។

 
​ដំណឹង​មិនទាន់​ផ្លូវការ ដែល​បានមកពី​ប្រភព​ចំនួន​បួន ដឹងលឺ​ពី​ការចរចា​នេះ បង្ហាញថា ផែន​ការលក់​សព្វាវុធ​នេះ ត្រូវបាន​បញ្ជូនទៅ​កាន់​សភា​អាមេរិក​នៅ​ថ្ងៃទី​៦ ខែមិថុនា​។ យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters គម្រោង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​នេះ រាប់បញ្ចូល រថ​គ្រោះ​ប្រភេទ M1A2 Abrams របស់​ក្រុមហ៊ុន​អាមេរិក General Dynamics Corp ចំនួន ១០៨​គ្រឿង ដែលមាន​តម្លៃ​ប្រមាណ ២​ពាន់​លាន​ដុល្លារ ក៏ដូចជា មី​ស៊ី​ល​ប្រឆាំង​រថ​គ្រោះ និង​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ចម្បាំង​ផងដែរ​។ 
 
​តាម Reuters អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​អាមេរិក ដែល​ទទួលបន្ទុក​ការលក់​អាវុធ​ឲ្យ​នៅ​បរទេស បានបញ្ជាក់​ឲ្យ​ដឹងថា រដ្ឋាភិបាល​អាមេរិក ពុំមាន​មតិ​អ្វី​លើ​គម្រោង​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់​ឡើយ​។ យ៉ាងណាមិញ រដ្ឋាភិបាល នឹង​បញ្ជាក់​ពី​គម្រោង​នេះ​ជា​សាធារណៈ កាលណា​ខ្លួន​ទទួលបាន​ដំណឹង​ជា​ផ្លូវការ​ពី​សភា​អាមេរិក​។​
 
​ទោះជា​បែបនេះ​ក្តី ប្រភព​មិន​ផ្លូវការ​ខាងលើ បង្ហើប​ទៀតថា គម្រោង​លក់​អាវុធ​ដែល​បញ្ជូន​ទៅកាន់​សភា Congress ក៏មាន​រាប់បញ្ចូល មី​ស៊ី​ល​ប្រឆាំង​រថ​គ្រោះជា​ច្រើន​ប្រភេទ រួមមាន មី​ស៊ី​ល 409 Raytheon Co និង​មី​ស៊ី​ល 409 Raytheon Co ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​យក្ស​អាមេរិក Lockheed Martin Corp ។ មី​ស៊ី​ល​ទាំងនេះ មានតម្លៃ​ប្រមាណ ១២៩​លាន​ដុល្លារ​អាមេរិក​។ 
 
​ដោយឡែក មី​ស៊ី​ល​ប្រឆាំង​រថ​គ្រោះ​ប្រភេទ TOW ប្រមាណ ១២៤០ ដើម ដែលមាន​តម្លៃ  ប្រមាណ​២៩៩​លាន​ដុល្លារ និង​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ចម្បាំង ២៥០​ដើម​ទៀត ដែល​គិត​ជា​ទឹកប្រាក់ ២២៣​លាន​ដុល្លារ ក៏មាន​រាប់បញ្ចូល​នៅក្នុង​គម្រោង​នោះ​ផងដែរ​។​
 
​ឲ្យ​ពិត​ទៅ សហរដ្ឋអាមេរិក គឺជា​ប្រទេស​ផ្គត់ផ្គង់​អាវុធ​ធំ​បំផុត​របស់​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកថា​ជា​អាណាខេត្ត​របស់ខ្លួន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុង​ប៉េកាំង ដែល​បង្កើន​កញ្ចប់​ថវិកា​ការពារជាតិ​ជា​រៀងរាល់ឆ្នាំ ក្នុង​រយៈពេល ២​ទសវត្សរ៍​ចុងក្រោយ​នេះ ធ្លាប់បាន​ព្រមាន​ប្រើប្រាស់​កម្លាំងយោធា​លើ​កោះ​តៃវ៉ាន់​ទៀតផង ប្រសិនបើ​ចាំបាច់​ដើម្បី​បង្រួបបង្រួម​។ ទោះបីជា​ពុំមាន​ចំណងទាក់ទង​ផ្លូវការ​ជាមួយ​តៃវ៉ាន់ សហរដ្ឋអាមេរិក មានច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​បន្ត​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ ដើម្បី​ការពារ​ខ្លួន​៕
  

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  តៃវ៉ាន់​
  ពាណិជ្ជកម្ម​សព្វាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com