ONE Championship
កីឡាជាតិ
ជាតិ
អ្នកជំនាញ​៖ កីឡាករ​ណា​ក៏​ហ្វឹកហាត់​ខ្លាំង​បានដែរ តែ​ហាត់​មិន​ឲ្យ​ប៉ះពាល់​សុខភាព​ទើប​លំបាក​
07, Jun 2019 , 7:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ការហ្វឹកហាត់​ផ្នែក​កម្លាំង​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ទប់​កុំ​ឲ្យ​កីឡាករ​អស់​ស៊ុ​ហ្វ និង​មិន​ងាយ​រងរបួស​ងាយៗ​។ គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ នៃ​ក្លិប​ប្រដាល់ Cambodian Top Team (CTT) បាន​ជួល​គ្រូ​ជំនាញ​ផ្នែក​កម្លាំង​លោក Mark Chen ដើម្បី​ពង្រឹង​កីឡាករ​ខ្លួន​។ ការហ្វឹកហាត់​ខ្លាំង កីឡាករ​ណា​ក៏​អាចធ្វើ​បាន ប៉ុន្តែ​ការហ្វឹកហាត់​ត្រឹម​ត្រូវបាន​បច្ចេកទេស​ទើ​ប​លំបាក​។


 
​ឆ្លងកាត់​ការ​បង្វឹក​ផ្នែក​កាយសម្បទា​ដល់​កូនសិស្ស​នៅ CTT រយៈពេល​ប្រមាណ​ជា ៣ ខែ គ្រូបង្វឹក​រូបនេះ​បង្ហើប​អំពី​អត្ថប្រយោជន៍ និង ចំណុច​សំខាន់ៗ​នានា តាមរយៈ​ផ្ដល់​បទសម្ភាសន៍​ដល់ ONE ដូចខាងក្រោម​។ 
 
ONE: ជម្រាបសួរ​លោក Mark តើ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ហើយ​ដែល​លោក​មក​ធ្វើការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​? 
 
​ចម្លើយ​៖ ខ្ញុំ​បានមក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០១៤​។ ខ្ញុំ​ទទួល​ការងារ​នៅ​មន្ទីរ​ព្យាបាល​ឯកជន​មួយកន្លែង​។ នៅ​ទីនោះ យើង​បានផ្ដល់​ឲ្យ​ពលរដ្ឋ​នូវ​សេវាកម្ម​ជាច្រើន ដូចជា​ការព្យាបាល​ឆ្អឹងខ្នង ជំ​ងឹ​ផ្សេងៗ និង ការវះកាត់​នានា​។ ការងារ​របស់ខ្ញុំ​គឺ​ជួយ​ឲ្យ​អ្នកជំងឺ​ត្រលប់​ទៅ​សភាព​ដើម​វិញ​ក្នុងការ​រស់នៅក្នុង​ជីវិត​ប្រចាំថ្ងៃ និង ជួយ​សម្រួល​សកម្មភាព​ហាត់ ឬ ហាត់​កីឡា​ជាដើម​។ ដល់​ឆ្នាំ ២០១៧ ខ្ញុំ​បាន​ចាក​ចេញពី​មន្ទីរ​ព្យាបាល​ឯកជន​នោះ មក​បើក​របរ​រកស៊ី​ខ្លួនឯង ឈ្មោះថា «Banteay Center» ដែល​ខ្ញុំ​អាច​ផ្ដោតលើ​ផ្នែក​កម្លាំង និង ផ្ដោតលើ​ការងារ​បង្វឹក​កីឡាករ​។ បន្ទាប់មកទៀត​យើង​បាន​បើក​ធ្វើតេស្ត​សម្រាប់​កីឡាករ ព្រះខ័ន​រាជ​ស្វាយរៀង ដែលជា​គម្រោង​ដំបូង​។ ក្រោយ​មាន​ភាពល្អ​ប្រសើរឡើង​ផ្នែក​កម្លាំង ទើប​ថ្នាក់ដឹកនាំ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ផ្ដល់ឱកាស​ការងារ​ជា​ប្រធាន​ផ្នែក​បង្វឹក​កម្លាំង និង កាយសម្បទា​នៅ​ក្លិប​។ ដោយ​សារភាព​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ឥឡូវនេះ​យើង​មាន​គ្រូបង្វឹក​ចំនួន ៣ រូប​ដឹកនាំ​បង្វឹក Gym និង មើលថែ​ទាំង​កីឡាករ​។ 



ONE៖ មុន​ផ្លាស់​មក​ធ្វើការ​នៅ​កម្ពុជា តើ​លោក​មាន​ប្រវត្តិ​ការងារ​យ៉ាងណាដែរ​? 
 
​ចម្លើយ​៖ ខ្ញុំ​បានធ្វើការ​ជា​អ្នក​បង្វឹក​ផ្នែក​កម្លាំង​, និង ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​តាំងពី​ឆ្នាំ ២០០៩ មក​។  អំឡុងពេល​ខ្ញុំ​សិក្សា​ខ្ញុំ​បានធ្វើការ​នៅ​កន្លែង Gym មួយ​ដោយ​មិន​ទទួលបាន​ប្រាក់ខែ ប៉ុន្តែ ខ្ញុំ​បាន​រៀន និង​ទទួលបាន​កាត​សមាជិក​ឥត​បង់ថ្លៃ​។ អំឡុង​ពេលនោះ ខ្ញុំ​អនុវត្តន៍​នូវ​អ្វីដែល​ខ្ញុំ​បាន​រៀន​។ បន្ទាប់មកទៀត​ខ្ញុំ​បានធ្វើការ​នៅ​កន្លែង Gym ធំ​មួយ​នៅ​ប្រទេស​ហុ​ល្លង់ ក្នុងនាម​ជា​អ្នកជំនាញ​ស្តារនីតិសម្បទា​។ 
 
ONE៖ បន្ទាប់ពី​បង្ហា​ត់ដល់​កូនសិស្ស​នៅ CTT រយៈពេល​ប្រមាណ ៣ ខែ  តើ​លោក​យល់​យ៉ាងណា​ចំពោះ​ភាព​រីកចម្រើន​របស់​ពួកគេ​? 
 
​ចម្លើយ​៖ ការវាយតម្លៃ​កីឡាករ​មាន​ពីរ​ប្រភេទ គឺ  «​អត្តនោម័តិ » និង «​សត្យានុម័ត​»​។ អត្តនោម័តិ មាន​ភាពងាយស្រួល​បំផុត​ដោយ​គ្រាន់តែ​សួរ​កីឡាករ អារម្មណ៍​យ៉ាងណា​ក្រោយ​ហ្វឹកហាត់ ហើយ យើង​ទទួលបាន​ភាព​កែតម្រូវ​ត្រលប់​មកវិញ​។ មើលទៅ​ពួកគេ​មានការ​បម្លាស់​ទី​ល្អ​ជាង​មុន រាងកាយ​មើល​ល្អ​ជាង​មុន និង មើលទៅ​សប្បាយចិត្ត​។ នេះ​ជា​ការវាស់ស្ទង់​ខាងក្រៅ​។ ប៉ុន្តែ «​សត្យានុម័ត​» វិញ​យើង​ត្រូវធ្វើ​តេស្ដ​តាម​កម្មវិធី​របស់​យើង​។ ការធ្វើ​តេស្ដ​គឺជា​ការវាយតម្លៃ​ចំពោះ​កម្លាំង​របស់​ពួកគេ សន្ទុះ ភាព​អំណត់ ភាពរហ័សរហួន និង ភាពបត់បែន​។ ពេលនេះ​យើង​កំពុងតែ​ព្យាយាម​រៀបចំ​ថ្ងៃខែ​ដើម្បី​ធ្វើតេស្ដ​ឡើងវិញ ថា​តើ​ពួកគេ​នឹង​រីកចម្រើន​កម្រិតណា​ដែរ​ផ្នែក​កម្លាំង​ស៊ុ​ហ្វ បន្ទាប់ពី​ហ្វឹកហាត់​។ 
 
ONE៖ អ្វី​ជា​កត្តា​សំខាន់​ដែល​ជួយ​ឲ្យ​កម្លាំង​កាន់តែ​ល្អ​ឡើង​សម្រាប់​កូនសិស្ស ឬ កីឡាករ​នៅ CTT? ចម្លើយ​៖ ការហ្វឹកហាត់​ផ្នែក​កម្លាំង នឹងធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ល្អប្រសើរ​ឡើង​នៅលើ​សង្វៀន​។ យើង​ត្រូវតែ​ផ្លាស់ប្ដូរ​ទម្លាប់​ចាស់​(Old School) ពោល «train hard or go home» ឬ ន័យ​ថា «​ហ្វឹកហាត់​ខ្លាំង ឬ ត្រលប់​ទៅផ្ទះ​វិញ​»​។ វា​មិនមែនជា​ការស្រាវជ្រាវ​សម័យ​ទំនើប​នោះទេ ហើយ​វា​ធ្វើ​ឲ្យ​កីឡាករ​ឆាប់​រងរបួស​។ យើង​ត្រូវ គោរព​តាម​ប្រព័ន្ធ​ចលនា​របស់​មនុស្ស ដូចជា អំណត់ កម្លាំង សន្ទុះ ភាពបត់បែន និង បម្លាស់​ទី​។ នេះ​ជា​ចំណុច​ចាំបាច់​បំផុត​សម្រាប់​កីឡាករ​គ្រប់រូប ប៉ុន្តែ​ពួកគេ​តែងតែ​មើលរំលង​។ ចំណុច​សំខាន់​ខ្លាំង​នោះ​គឺ អំណត់ ដែល​ត្រូវ​ឆ្លើយ​សំណួរ​ថា កីឡាករ​អាច​ស៊ូ​បាន​ប៉ុន្មាន​ទឹក​នៅលើ​សង្វៀន​។ ភាព​បន់​បែន​សំដៅលើ​ការ​វ៉ៃ​ចេញ និង ទាត់​ជាដើម​។ សន្ទុះ គឺ​សំដៅលើ​ចលនា​នៃ​កម្លាំង ទាត់​និង​វ៉ៃ​ចេញ ល្បឿន បម្លាស់​ទី និង ភាព​រហ័ស (Speed, Agility, Quickness)​។ កម្លាំង មានន័យថា ស្ថានភាព​ទូទៅ​ដែល​ទ្រទ្រង់​ដល់​សាច់ដុំ និង​ឆ្អឹង​។ បើ​មាន​ទាំងអស់នេះ យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​លើស​ង្វៀន​បានល្អ​។ 


 
ONE៖ ឆ្លងតាម​បទពិសោធន៍​របស់លោក តើ​ធ្វើយ៉ាងណា​ដើម្បី​ផ្ដល់​កម្លាំង​ស៊ុ​ហ្វ​ដល់​កីឡាករ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​? 
 
​ចម្លើយ​៖ នេះ​វិធីសាស្ត្រ​ល្អ​ក្នុងការ​បង្កើន​កម្លាំង​ស៊ុ​ហ្វ​។ អ្នក​រាល់គ្នា​អាច​ហ្វឹកហាត់​ខ្លាំង វា​ជាការ​ងាយស្រួល​ទេ​។ ប៉ុន្តែ​វិធី​ហ្វឹកហាត់​ខ្លាំង​ស្របតាម​បច្ចេកទេស​ដែល​ធ្វើ​មិន​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទើប​លំបាក​។ នេះ​តម្រូវ​ឲ្យ​មានចំណេះដឹង ផែនការ ការបង្កើត​កំហុស និង ការរៀន​អំពី​កំហុស​ទាំងនោះ​។ កីឡាករ​ត្រូវតែ​នៅ​ជាមួយ​អ្នកជំនាញ​។ ការ​តម​អាហារ និង ការហាត់​កម្លាំង​បានល្អ​ធ្វើ​ឲ្យ​យើង​ជៀស​ផុតពី​បញ្ហា​របួស​នានា​។ បើ​មើល​អត្ត​ព​លិ​ក​ល្បីៗ​ក្នុង​លោក ពួកគេ​សុទ្ធ​តែមាន​អ្នកជំនាញៗ​នៅក្បែរ​ខ្លួន​ជានិច្ច និង ទទួល​ការហ្វឹកហាត់​តាម​បច្ចេកទេស​ផ្សេងៗ​គ្នា​។ កីឡាករ​ត្រូវ​ទទួលយក​ចំណេះដឹង​ពី​គ្រប់​អ្នកជំនាញ ជាមួយ​ការអត់ធ្មត់​ខ្ពស់ និង ទទួល​តុល្យភាព​ការហ្វឹកហាត់ និង ការថែទាំ​រាងកាយ​ឲ្យ​ល្អប្រសើរ​(Body Recover)​។ 

ONE ៖ មុននឹង​បញ្ចប់ តើ​លោក​មាន​សារ​ផ្ដាំផ្ញើ​អ្វីដែល​ខ្ញុំ​មិនបាន​សួរ​ខាងលើ​? 
 
​ចម្លើយ​៖ ដូច​ខ្ញុំ​មាន​ផ្ដោត​ខាងលើ​អីចឹង កីឡាករ​និង​គ្រូបង្វឹក ដែល​ខ្ញុំ​បានឃើញ​គឺ​ធ្វើ​ការងារ​ខ្លាំងណាស់​ដោយ​ក្ដី​ស្រលាញ់ មើលទៅ​អស្ចារ្យ ទោះ​មិនទាន់​ដល់​កម្រិត​កំពូល​ក្ដី​។ ដើម្បី​ធ្វើ​ឲ្យ​ប្លែក យើង​មាន​សមាសភាព ៣ សំខាន់​៖ ទី​១ ត្រូវ​ទទួលស្គាល់ថា​ការហ្វឹកហាត់​នេះ​មិនទាន់​គ្រប់គ្រាន់​និង​ត្រូវមាន​ភាព​វៃឆ្លាត​។ នេះ​មានន័យថា យើង​ត្រូវការ​ពេលវេលា​ហ្វឹកហាត់​ជាប្រចាំ​ផ្ដោតលើ​កម្លាំង​ដើម្បី​ឈានដល់​គោលដៅ សមត្ថភាព និង ត្រូវការ​អ្នកជំនាញ​នៅក្បែរ​ជានិច្ច​។ ទី​២៖ របប​អាហារ ជាការ​រួមចំណែក​សំខាន់​រហូតដល់ ៥០%​។ របប​អាហារ​អាច​នាំ​ឲ្យ​រាងកាយ​បញ្ចេញ​កម្លាំង និង សន្ទុះ​ល្អ​ក្រៅពី​ការហ្វឹកហាត់​។  បើ​ការបរិភោគ​អាហារ​មិន​ត្រឹមត្រូវ អ្នកនឹង​មិនអាច​ទទួល​បាន​ផល​ល្អ​ពី​ការហ្វឹកហាត់​ឡើយ​។ ទី​៣៖ ការអប់រំ​/​ការធ្វើការ​រួមគ្នា​នៅ​កម្ពុជា ខ្ញុំ​បាន​ជួប​មនុស្ស​ដែលមាន​ឆន្ទៈ​ជាច្រើន​។ អ្នក​ទាំងអស់​មាន​ទេពកោសល្យ​ផ្សេងគ្នា​និង មាន​ជំនាញ ប៉ុន្តែ ពួកគេ​នៅ​ដាច់ដោយឡែក​ពីគ្នា​។ យើង​ត្រូវតែ​ព្យាយាម និង រក​វិធី​ដើម្បី​ចូលរួម​ជាមួយគ្នា និង​ជំរុញ​ស្ថានភាព​បច្ចុប្បន្ន និង យុវជន​ជំនាញ​ក្រោយ​ឲ្យ​ទៅ​កម្រិត​ខ្ពស់​ឡើងៗ​។ កីឡាករ​កម្ពុជា​កំពុងតែ​ដើរទៅ​មុខ​ហើយ ប៉ុន្តែ​ផ្នត់​គំនិតល្អ​ត្រូវតែ​នៅ​ជាមួយគ្នា នោះ​យើង​អាច​កែប្រែ​ភាពកម្សោយ​របស់​យើង​ទៅ​ក្លាយជា​ការប្រកួតប្រជែង​ដ៏​អស្ចារ្យ​លើក​ឆាក​អន្តរជាតិ​នាពេលខាងមុខ​៕ 
 

Tag:
 MMA
© រក្សាសិទ្ធិដោយ thmeythmey.com