អន្តរជាតិ
បុរស​អាមេរិក​ម្នាក់​ត្រូវ​ឆ្នោត​៣៤៤.៦​លាន​ដុល្លារ​ដោយសារ​លេខ​ក្នុង​កញ្ចប់​នំ Biscuit ចិន​
07, Jun 2019 , 8:29 am        
រូបភាព
ដោយ: ធីតា
​លេខ​នៅលើ​កញ្ចប់​នំ Biscuit របស់​ចិន បាន​ជួយ​ឲ្យ​បុរស​អាមេរិក​វ័យ​៦៦​ឆ្នាំ​ម្នាក់​ជួប​សំណាង​ដ៏​មហាសាល​។ គាត់​បាន​យក​លេខ​នោះ​ទៅ​ចាក់​ឆ្នោត ហើយ​ឈ្នះ​រង្វាន់ Jackpot ក្នុង​ទឹកប្រាក់​រហូតដល់​ទៅ ៣៤៤.៦​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​

 
​លោក Charles W. Jackson Jr., ជា​និវត្តជន​ម្នាក់ ដោយ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ គាត់​ចូលចិត្ត​ចាក់​ឆ្នោត Powerball ដើម្បី​ផ្សងសំណាង ដោយ​ជាទូទៅ គាត់​ចាក់​លេខ​៥​ខ្ទង់​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ទទួល​រង្វាន់​នៅ​ក្រុង Raleigh រដ្ឋ North Carolina បុរស​វ័យ​៦៦​ឆ្នាំ​រូបនេះ អះអាងថា ទិញ​តាម​លេខ​លើ​កញ្ចប់​នំ Biscuit របស់​ចៅស្រី​។​
 
​លោក Jackson បាន​រៀបរាប់ថា​៖ «​ខ្ញុំ និង​ចៅស្រី​អាយុ​៨​ឆ្នាំ ចូល​ញ៉ាំ​អាហារ​ក្នុង​ភោជនីយដ្ឋាន​វៀតណាម​មួយកន្លែង​។ ខ្ញុំ​បានឃើញ​លេខ​លើ​ក្រដាស​មួយ​ដែល​ដាក់​ក្នុង​កញ្ចប់​នំ Biscuit ចិន ដែល​បាន​ទិញ​ឲ្យ​ចៅស្រី ដោយ​លេខ​នោះ ជា​លេខ​កោស​ដើម្បី​ផ្សង​យក​រង្វាន់​»​។​
 
​បន្ទាប់មក បុរស​វ័យ​ចំណាស់​រូបនោះ បាន​រក្សា​លេខ​នោះ​ទុក ដើម្បី​បន្ត​ផ្សង​សំណង​ជាមួយ​ក្រុមហ៊ុន​ឆ្នោត Powerball និង Mega Millions​។ លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​នឹកស្មានថា ខ្លួន​មានសំណាង​បែប​ហ្នឹង​សោះ រហូតដល់​ខ្លួន​ទទួល​រង្វាន់​»​។ 
 
​លក្ខខណ្ឌ​នៃ​ការទទួល​រង្វាន់​មាន​ពីរ បើ​គិត​ចង់​ទទួល​ទាំង​៣៤៤.៦​លាន​ដុល្លារ​អាមេរិក​នោះ ការផ្តល់​ឲ្យ​ត្រូវ​ធ្វើតាម​ដំណាក់កាល​សម្រាប់​រយៈពេល​៣០​ឆ្នាំ ប៉ុន្តែ​បើ​គាត់​ចង់បាន​ភ្លាមៗ ប្រាក់រង្វាន់​ត្រូវ​កាត់បន្ថយ​។ លោក Jackson សម្រេចចិត្ត​យក​ជម្រើស​ទី​ពីរ ជាមួយនឹង​ប្រាក់រង្វាន់​មក​នៅ ២២៣​លាន​ដុល្លារ​អាមេរិក​៕
 

Tag:
 ឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com