កីឡាជាតិ
ជាតិ
លោក Felix រំឭក សៀង ច​ន្ធា កុំ​ឲ្យ​គិតថា «​ខ្លួន​គ្រប់គ្រាន់​»
07, Jun 2019 , 3:17 pm        
រូបភាព
កីឡាករ សៀង ចន្ធា (រូបក្នុងរង្វង់) និងលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា, រូបភាពពី FFC
កីឡាករ សៀង ចន្ធា (រូបក្នុងរង្វង់) និងលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា, រូបភាពពី FFC
ដោយ:
​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យក្មេង សៀង ច​ន្ធា បានរួម​ចំណែក​មួយគ្រា​ប់​ក្នុង​ជ័យជម្នះ​កម្ពុជា ២-០ លើ​ប៉ា​គី​ស្ថាន នា​ជំនួប​វគ្គ​ជម្រុះ AFC Asian Cup និង​ជម្រុះ​បឋម World Cup កាលពី​យប់​ថ្ងៃទី​៦ មិថុនា​។ លោក Felix Dalmas សរសើរ ច​ន្ធា ថា​ជា​កីឡាករ​វ័យក្មេង​ពោរពេញ​ដោយ​ទំនុកចិត្ត និង​ចេះ​រៀបចំខ្លួន​បានល្អ​។ ប៉ុន្តែ​លោក ក៏​មិន​ចង់ឃើញ​យុវជន​បាល់ទាត់​បាទី​រូបនេះ មាន​មោទកភាព​លើ​ខ្លួន​ដែរ​។​

 
​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ជំរុញ​ឲ្យ​កីឡាករ សៀង ច​ន្ធា ដែល​ត្រូវបាន​គេ​សម្លឹង​ឃើញថា ជា​យុវជន​ពោ​ពេញ​ទៅដោយ​ថាមពល​នេះ ត្រូវខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមទៀត ហើយ​ចៀសវាង​ការគិត​បែប​វិជ្ជមាន​លើ​ខ្លួនឯង​ថា មាន​សមត្ថភាព​គ្រប់គ្រាន់​។ សម្រាប់​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ ច​ន្ធា ជា​កីឡាករ​វ័យក្មេង​ពោរពេញ​ដោយ​ទំនុកចិត្ត និង​រៀបចំ​បានល្អ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។ 


 
«​យើង​បានធ្វើ​ការងារ​និង​យល់ចិត្ត​គ្នា​ជាមួយ ច​ន្ធា តាំងពី​នៅក្នុង​ក្រុមយុវជន​អាយុ​ក្រោម​២២ និង​២៣​ឆ្នាំ​មកម្ល៉េះ​។ ទោះបី​ពេលនេះ​ជាការ​ប្រកួត​ធំ តែ​ខ្ញុំ​ជឿជាក់​លើ ច​ន្ធា ព្រោះ​គេ​មាន​ទំនុកចិត្ត និង​រៀបចំ​បានល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ ច​ន្ធា គិតថា​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​នោះទេ គឺ​រូបគេ​ត្រូវតែ​មានចិត្ត​ស្រេកឃ្លាន និង​ចង់​រីកចម្រើន​បន្ថែមទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas​។ 
 
​កត្តា​ខាងលើនេះ អាចជា​ហេតុផល​មួយ ដែល​កីឡាករ​វ័យក្មេង សៀង ច​ន្ធា ត្រូវបាន​លោក Keisuke Honda រួមជាមួយ​ក្រុមការងា​រ ផ្តល់ឱកាស​ឲ្យ​ចូល​លេង​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ AFC Asian Cup និង​ជម្រុះ​បឋម World Cup នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​យប់​ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៩​។ 


 
៦​នាទី​បន្ទាប់​ក្រោយ​ប្តូរ​ចូល​ជំនួស​កីឡាករ សេត រ៉​ស៊ី​ប នៅ​នាទី​៧៥ ខ្សែប្រយុទ្ធ សៀង ច​ន្ធា បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយក៏​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ ក្នុង​រក​គ្រាប់​បាល់​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ៣​នាទី​បន្ទាប់មក ខ្សែបម្រើ គួច សុគ​ម្ភៈ បាន​បន្ថែម​១​គ្រាប់​ទៀត ដើម្បី​នាំ​ជ័យជម្នះ ២-០ លើ​ប៉ា​គី​ស្ថាន ហើយ​រូបគេ​ក៏​ក្លាយជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​មាន​វ័យ​ចំណាស់​ជាងគេ​របស់​កម្ពុជា​ផងដែរ​។ 
 
 
​តែ​យ៉ាងណា​គ្រូបង្វឹក​កម្ពុជា មិនទាន់​ពេញចិត្ត​ជាមួយ​ជ័យជម្នះ​ក្នុង​ជើង​ទី​១​នេះឡើយ ខណៈ​កម្ពុជា​នៅសល់​ការប្រកួត​ជាមួយ​ប៉ា​គី​ស្ថាន​មួយ​ជើង​ទៀត ដែល​រៀបចំ​នៅ​ប្រទេស​កាតា នា​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ជ័យជម្នះ​នេះ វា​ជួយ​ឲ្យ​កម្ពុជា​មានប្រៀប​ខ្ពស់ជាង​ប៉ា​គី​ស្ថាន ក្នុង​ការឈាន​ទៅកាន់​ដំណាក់កាល​ជម្រុះ​ជុំ​ទី​២​នៃ​ព្រឹត្តិការណ៍​នេះ​។   


 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda ដែលមាន​លោក Felix Dalmas ជា​គ្រូបង្វឹក​នឹង​ចាក​ចេញពី​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​ជើង​ទី​២​ជាមួយ​ប៉ា​គី​ស្ថាន​នៅ​ប្រទេស​កាតា នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ សម្រាប់​ការប្រកួត​ជើង​ទី​២​នេះ កម្ពុជា​ត្រូវការ​ត្រឹម​ស្មើ ឬ​ចាញ់​ក្រោម​២​គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​ឈានទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​២៕

អ្នកចាំទី កែវ សុខសិលា (អាវលឿង)ជាកីឡាករឆ្នើមប្រចាំការប្រកួតរវាងកម្ពុជាជាមួយប៉ាគីស្ថាន, រូបភាពពី FFC


 

Tag:
 World Cup 2022
  Felix Dalmas
  សៀង ច​ន្ធា
© រក្សាសិទ្ធិដោយ thmeythmey.com