ជាតិ
អចលនទ្រព្យ
កសិដ្ឋាន​បង្កាត់​ពូជ និង​ផលិត​ចំណី​ត្រី កម្រិតស្តង់ដា​ដំបូង​គេ នឹង​ផ្តើម​ដំណើរការ​នៅ​ខែ​នេះ​
08, Jun 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​កសិដ្ឋាន​បង្កាត់​ពូជ​ត្រី និង​ផលិត​ចំណី​ត្រី​ដ៏​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា ដែល​បានទទួល​ជំនួយ​ថវិកា​ពី​សហរដ្ឋអាមេរិក នឹងដាក់​ឲ្យ​ដំណើរការ ដើម្បី​ភ្ញាស់​ពូជ​ត្រី នៅ​ខែមិថុនា​នេះ​។​

 
​ការចាប់ផ្តើម​ផលិត​ចំណី​ត្រី គឺ​ត្រូវ​ប្រើប្រាស់​សណ្តែកសៀង​នាំចូល​ពី​អាមេរិក​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​សមាគម​សណ្ដែកសៀង​អាមេរិក (ASA)​។ មាន​ទីតាំងនៅ​ខេត្តសៀមរាប កសិដ្ឋាន​បង្កាត់​ពូជ និង​ចំណី​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា (CAST) ដែល​ត្រូវបាន​អនុវត្ត​ដោយ​សមាគម​សណ្ដែកសៀង​អាមេរិក (ASA) ហើយ​មានការ​គាំទ្រ​ថវិកា ១៧.១ លាន​ដុល្លារ​ពី​ក្រសួងកសិកម្ម​អាមេរិក​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់ ASA ចេញផ្សាយ​នៅ​ថ្ងៃទី ៣០ ឧសភា​បាន​ឲ្យ​ដឹងថា​៖«​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម នឹង​បង្កើន​ផលិតកម្ម​ពូជ​ត្រី​ដែលមាន​តម្រូវការ​ខ្ពស់​សម្រាប់​ទីផ្សារ​កម្ពុជា និង​បន្ត​អភិវឌ្ឍន៍​ឧស្សាហកម្ម​ចិញ្ចឹម​ត្រី​»​។ ASA បាន​បញ្ជាក់ថា​៖«​ចំណុច​ចម្បង​របស់​គម្រោង​នេះ គឺ​ពង្រឹង​ផលិតកម្ម​ត្រី​ក្នុងស្រុក​តាមរយៈ​ការ​ភ្ញាស់​កូន​ត្រី និង​ចំណី​ដែលមាន​គុណភាព​»​។​
 
​គម្រោង​ទាំងមូល មាន​គោលដៅ​ដើម្បី​បង្កើន​លទ្ធភាព ក្នុងការ​បង្កាត់​ពូជ​ត្រី និង​ចំណី និង​ពង្រឹង​ទំនាក់ទំនង​ទាំងអស់ ក្នុង​ចង្វាក់​តម្លៃ​នៃ​ផលិតកម្ម​ត្រី រាប់​ចាប់ពី​ការ​ភ្ញាស់ ដល់​ក្រុមហ៊ុន​ផលិត អ្នកទិញ និង​ក្រុមហ៊ុន​ចែកចាយ​។​
 
​គម្រោង​នេះ នឹង​គ្របដណ្ដប់​លើ​ទីផ្សារ​សំខាន់ៗ​នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ចំនួន ៦ ដែល​នៅតាម​ដង​ទន្លេ ដូចជា​ខេត្តកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និង​ពោធិ៍សាត់​។​
 
​ផលិតកម្ម​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា មាន​កំណើន​យ៉ាងខ្លាំង​ជាប្រចាំ​ឆ្នាំ ដោយមាន​អត្រាកំណើន​យ៉ាងហោចណាស់ ១៧ ភាគរយ​ក្នុង​មួយឆ្នាំ​គិត​មក​ត្រឹម​ឆ្នាំ ២០១៧​។ នេះ​បើ​យោងតាម ASA​។ គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៧ ផលិតកម្ម​ការចិញ្ចឹម​ត្រី មាន​ទំហំ​រហូតដល់ ២០ ម៉ឺន​តោន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com